ឧប្បត្តិហេតុដ៏អាក្រក់នេះ បានបង្ខំឱ្យអាជីវករ និងក្រុមហ៊ុនលក់រាយត្រូវបោះចោលអាហារក្លាស្សេរាប់តោន ដោយសារតែប្រព័ន្ធសីតុណ្ហភាពត្រូវបានកែប្រែឱ្យឡើងកម្ដៅខ្លាំងក្នុងទម្រង់ស្រដៀងគ្នានឹងហេតុការណ៍ ដែលបានកើតឡើងក្នុងប្រទេសបារាំង កាលពីខែមុន។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា បានឱ្យដឹងថា ការវាយប្រហារលើប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពទូក្លាស្សេនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនផ្សារទំនើបធំៗនៅក្នុងប្រទេសចំនួន៨ រួមមាន ប្រទេសបារាំង អេស្តូនី ហ្វាំងឡង់ និងបែលហ្ស៊ិកជាដើម។ ហេតុការណ៍នេះបានកើតឡើងជាបន្តបន្ទាប់ ក្រោយការវាយប្រហារនៅប្រទេសបារាំង កាលពីខែមុន ដែលកាលនោះប៉ូលិសបានរកឃើញថា ក្រុម hackers បានជ្រៀតចូលគ្រប់គ្រងប្រព័ន្ធបញ្ជាទូក្លាស្សេតាមផ្សារទំនើបរាប់រយកន្លែងបណ្តាលឱ្យកើនឡើងកម្ដៅរហូតបង្កជាអគ្គិភ័យ និងខូចខាតអាហារទាំងអស់។ ជាមួយគ្នានេះ ក្រុមហ៊ុនលក់រាយអន្តរជាតិ Ahold របស់ហូឡង់ ក៏បានរាយការណ៍អំពីឧប្បត្តិហេតុសន្តិសុខអ៊ីនធឺណិតបែបនេះទៅកាន់ប៉ូលិសផងដែរ។
ទោះបីជាមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវក៏ដោយ ប៉ុន្តែហេតុការណ៍នេះបានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់អាជ្ញាធរអឺរ៉ុប ជុំវិញការគំរាមកំហែងបែបបង្កវិនាសកម្មលើហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលសន្តិសុខតំបន់កំពុងឡើងកម្ដៅខ្លាំងតាំងពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២។ ទោះជាយ៉ាងណា ទីក្រុងមូស្គូ ទីក្រុងប៉េកាំង និងទីក្រុងតេអេរ៉ង់ បានបដិសេធដាច់អហង្ការចំពោះការជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការវាយប្រហារទាំងនេះ។ អ្នកនាំពាក្យមជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតបែលហ្ស៊ិក បានសម្តែងការព្រួយបារម្ភថា ចន្លោះប្រហោងនៃប្រព័ន្ធបច្ចេកវិទ្យាចាស់ៗ រួមផ្សំនឹងការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងធ្វើឱ្យក្រុម hackers ងាយស្រួលចុចវាយប្រហារលើប្រព័ន្ធប្រតិបត្តិការទាំងនោះ។ ក្រុមអ្នកជំនាញបានព្រមានថា ពិភពលោកអាចនឹងប្រឈមមុខនឹងរលក នៃការវាយប្រហារតាមអ៊ីនធឺណិតក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន ហើយប្រសិនបើអង្គភាពនានាមិនប្រញាប់ចាត់វិធានការការពារភ្លាមៗទេ ថ្ងៃណាមួយនឹងឃើញធ្នើរលក់ទំនិញទំនេរស្អាត គ្មានអគ្គិសនីប្រើប្រាស់ ហើយអាជីវកម្មជាច្រើននឹងត្រូវដួលរលំជាក់ជាមិនខាន៕
អត្ថបទៈ សួន ឡង់ទី