ក្រុងវ៉ាស៊ីនតោន គ្រោងរឹតបន្តឹងបន្ថែមទៀតលើការនាំចេញឧបករណ៍ផលិតបន្ទះឈីបទៅឱ្យបណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបចិន រួមទាំងឧបករណ៍ដែលផលិតនៅក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី និងតៃវ៉ាន់ផងដែរ។ ប្រទេសម៉ាឡេស៊ី បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មបន្ទះឈីប ដោយមានចំណែកគ្របដណ្ដប់រហូតដល់ទៅ១៣%នៃការធ្វើតេស្ត និងការវេចខ្ចប់បន្ទះឈីបទូទាំងពិភពលោក ហើយដោយសារតែបែបនេះទើបធ្វើឱ្យម៉ាឡេស៊ី ក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញ ខណៈដែលបណ្ដាក្រុមហ៊ុនបន្ទះឈីបរបស់ចិន ពង្រីកទីផ្សារទៅកាន់ប្រទេសជាច្រើនសម្រាប់តម្រូវការដំឡើងបន្ទះឈីប។
អនុរដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក លីវ ឈិន តុង (Liew Chin Tong) បានថ្លែងអំឡុងវេទិកាមួយថា ក្នុងរយៈពេលប្រមាណ១ឆ្នាំមកនេះ លោកបានណែនាំក្រុមហ៊ុនជាច្រើនដែលមកពីប្រទេសចិន កុំឱ្យមកវិនិយោគនៅក្នុងប្រទេសម៉ាឡេស៊ី ប្រសិនបើពួកគេគ្រាន់តែមានគំនិតចង់ប្ដូរស្លាកសញ្ញាផលិតផលរបស់ខ្លួនតាមរយៈប្រទេសម៉ាឡេស៊ី ដើម្បីគេចពីពន្ធគយរបស់សហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីប្រភេទអាជីវកម្មនោះទេ។
គួររំឭកថា កាលពីឆ្នាំមុន ក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធគយលើការនាំចេញបន្ទះសូឡាពីប្រទេសជាច្រើននៅក្នុងតំបន់ រួមមានវៀតណាម ថៃ ម៉ាឡេស៊ី និងកម្ពុជា ជាទីតាំងដែលមានរោងចក្រចិនច្រើន ហើយបានដំឡើងពន្ធបន្ថែមទៀតកាលពីអំឡុងខែតុលា ឆ្នាំនេះ បន្ទាប់ពីមានការតវ៉ាពីបណ្ដាសហគ្រាសផលិតនៅសហរដ្ឋអាម៉េរិក។
សូមបញ្ជាក់ថា ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធបន្ថែម១០%ភ្លាមៗលើទំនិញនាំចូលទាំងអស់របស់ចិន នៅពេលលោកចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕
ដោយ: តែម សុខុម