រដ្ឋសភារបស់ម៉ាឡេស៊ី កាលពីថ្ងៃពុធ បានអនុម័តច្បាប់វិសោធនកម្មចំនួន៥ ដើម្បីប្រែក្លាយកោះ ពូឡូសាទូ (Pulau Satu) ទៅជាកោះគ្មានបង់ពន្ធ រួមជាមួយនឹងទីក្រុងមួយចំនួនទៀតដូចជាទីក្រុងឡាបូន (Labuan) ជាដើម ហើយឥឡូវច្បាប់នេះកំពុងស្ថិតក្នុងដៃរបស់ព្រឹទ្ធសភា។
វិធានការនេះបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសកាលពីឆ្នាំមុនថា នឹងប្រែក្លាយទីក្រុង Forest City ទៅជាតំបន់ហិរញ្ញវត្ថុពិសេស។ រដ្ឋាភិបាល ក៏ជិតនឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយនឹងប្រទេសសិង្ហបុរី ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចឆ្លងដែនមួយ ដែលទំនងជារួមបញ្ចូលគម្រោងអចលនទ្រព្យដ៏ធំមួយនេះ ដើម្បីជំរុញពាណិជ្ជកម្ម និងការតភ្ជាប់រវាងតំបន់ខាងត្បូងរបស់ម៉ាឡេស៊ី និងប្រទេសកោះសិង្ហបុរីផងដែរ។
ឧទ្យាន Forest City របស់ក្រុមហ៊ុន Country Garden Holdings នេះ គឺជាគម្រោងអចលនទ្រព្យដ៏ធំមួយដែលគ្រោងនឹងចំណាយប្រាក់១០០ពាន់លានដុល្លារ ហើយឧទ្យាននេះបានជួបបញ្ហាប្រឈមជាច្រើនតាំងពីមានការចាប់ផ្តើមសាងសង់កាលពីមួយទសវត្សរ៍មុន៕
អត្ថបទ៖ សុខ មង្គល