នៅមុនការបោះឆ្នោតតាមរដ្ឋមកដល់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រកាសកាលពីថ្ងៃទី២៧ ខែ កក្កដាថា រដ្ឋាភិបាលលោកបានកំពុងតែចាប់ផ្តើមអនុវត្តនូវផែនការជំរុញសេដ្ឋកិច្ចដ៏ពោរពេញដោយមហិច្ឆតាមួយ ដើម្បីប្រែក្លាយប្រទេសម៉ាឡេស៊ី ទៅជាប្រទេសសេដ្ឋកិច្ចកំពូលមួយក្នុងចំណោមប្រទេសទាំង ៣០ របស់ពិភពលោកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយនឹងតម្លើងប្រាក់ឈ្នួល និងគុណភាពជីវិតរបស់ប្រជាជនផងដែរ។
សារព័ត៌មាន the Straitstime បានរាយការណ៍ថា នេះគឺជាគំនិតផ្តួចផ្តើមមួយ របស់លោក អានវ៉ា ដើម្បីជំរុញការលើកកម្ពស់ឋានៈ និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋម៉ាឡេស៊ី ហើយនៅក្នុងផែនការនោះក៏នឹងរួមបញ្ចូលទាំងការដាក់ចេញ នូវកញ្ចប់ថវិកាមួយចំនួនសម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលតិច ក៏ដូចជាជំរុញការលុបបំបាត់អំពើពុករលួយ ។
លោក អានវ៉ា បាននិយាយថា ផែនការនេះមានការផ្តោតសំខាន់ពីរគឺ ទីមួយ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញឆ្ពោះទៅរកការធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាប្រទេសនាំមុខគេក្នុងចំណោមសេដ្ឋកិច្ចអាស៊ី និងទីពីរដើម្បីធានាការលើកកម្ពស់ទ្រព្យសម្បត្តិ និងផលប្រយោជន៍ដោយស្មើភាពរបស់ប្រជាជន។
ធនាគារពិភពលោកបានអះអាងថា ម៉ាឡេស៊ីគឺជាប្រទេស ដែលមានសេដ្ឋកិច្ចធំទី ៣៧ ប៉ុន្តែលោក អានវ៉ា បានបញ្ជាក់ថា ផែនការជំរុញសេដ្ឋកិច្ច និងកំណែទម្រង់ ដែលលោកដាក់ចេញ នឹងធ្វើឲ្យម៉ាឡេស៊ីបន្តរីកចម្រើនបន្ថែមទៀត ។
តាមផែនការកំណែទម្រង់ដែលបានដាក់ចេញ លោក អានវ៉ា ចង់ឲ្យប្រាក់ចំណូលរបស់ពលរដ្ឋ អាចរួមចំណែកដល់អត្រាផលិតផលនៅក្នុងស្រុកសរុបកើនឡើងពីបច្ចុប្បន្នត្រឹមជាង ៣២ ភាគរយ ទៅដល់ ៤៥ ភាគរយ ដូចប្រទេសដែលមានសេដ្ឋកិច្ចធំជាងម៉ាឡេស៊ី ។
លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងអនុវត្តការពិនិត្យឡើងវិញអំពីកម្រិតប្រាក់ឈ្នួលអប្បបរមា និងស្វែងយល់ពីការប្រើប្រាស់គំរូប្រាក់ឈ្នួលដែលសមស្រប ដើម្បីសម្រេចបាននូវកំណើនប្រាក់ចំណូលជូនពលរដ្ឋ ។
ចំពោះកំណែទម្រង់ប្រឆាំងនឹងអំពើពុករលូយលោក អានវ៉ាចង់ឲ្យម៉ាឡេស៊ីធ្លាក់ចំណាត់ថា្នក់ ពី លេខ ៦១ មកនៅត្រឹម លេខ ២៥ នៃបញ្ជីប្រទេស ដែលមានអំពើពុករលូយ ។
សម្រាប់ផែនការបន្ទាន់ដែល លោក អានវ៉ា បានសម្រេចចិត្ត នោះ ត្រូវបានគេដឹងថា គឺការដាក់ចេញនូវគោលនយោបាយឧបត្ថម្ភបន្ថែមដល់ពលរដ្ឋ ដែលមានចំណូលទាបជាង ១០០.០០០ រីងហ្គិត ឫ ជាង ២ ម៉ឺនដុល្លារ នៅក្នុងមួយឆ្នាំ ដោយម្នាក់ៗអាចទទួលបាន ២២ ដុល្លារនៅក្នុងមួយខែ ដែលតាមការប៉ាន់ប្រមាណ គឺនឹងអាចមានពលរដ្ឋរហូតដល់ជាង ១០ លាននាក់។ សម្រាប់មន្រ្តីរាជការវិញ អាចនឹងទទួលបានអត្ថប្រយោជន៍បន្ថែមនៅក្នុងម្នាក់ប្រមាណជា ៣០០ រីងហ្គីត ឫ ៦៦ ដុល្លារ រីឯអ្នកចូលនិវត្តន៍អាចនឹងទទួលអត្ថប្រយោជន៍ប្រមាណជា ២០០ រីងហ្គីត ឫ ៤៤ ដុល្លារ នៅក្នុងមួយខែ៕
ដោយៈ សរ សុជាតិ