រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកសិឧស្សាហកម្មម៉ាឡេស៊ី លោក សាឡាហុតឌីន អយ៉ាប បានលើកឡើងប្រាប់សារព័ត៌មានក្នុងស្រុកម៉ាឡេស៊ី នាពេលថ្មីៗនេះថា ក្រសួងបានពិភាក្សាលើសំណើដើម្បីពង្រីកការនាំដាំដុះដំណាំទុរេន ប្រភទេ ម៉ូសាង ឃីង ជាមួយនឹងក្រសួងសេដ្ឋកិច្ច ហើយបច្ចុប្បន្នក្រសួងទាំងពីរបានដាក់ចេញនូវការសិក្សា ដើម្បីពិនិត្យលម្អិត ពីនិរន្ដរភាពនៃផ្ទៃដីដាំដុះសម្រាប់សំណើនេះ។
លោក សាឡាហុតឌីន បានគូសបញ្ជាក់ថា បច្ចុប្បន្ន តម្រូវការផ្លែទុរេន ពីប្រទេសចិន មានប្រមាណ១០០០ តោនក្នុងមួយខែៗ ហើយម៉ាឡេស៊ីពិតជាលំបាកណាស់ក្នុងការបំពេញតាមតម្រូវការនេះ ដូច្នេះហើយ ទើបរដ្ឋាភិបាលម៉ាឡេស៊ីចាំបាច់ត្រូវការគិតគូរលើការជម្រើរើសទីតាំងអំណោយផលសម្រាប់ការពង្រីកការដាំដុះទុរេន ដែលវានឹងផ្ដល់នូវទីផ្សារកាន់តែប្រសើរឡើង។
កាលពីឆ្នាំ២០១៨ ប្រទេសម៉ាឡេស៊ី បាននាំចេញផ្លែទុរេន ទៅកាន់ទីផ្សារប្រទេសចិន ក្នុងតម្លៃជាទឹកប្រាក់ ២,២៦ លានដុល្លារអាមេរិក ឬស្មើនឹងបរិមាណ២៣៥,៦២ តោន។
ទិន្នផលទុរេនរបស់ម៉ាឡេស៊ី បានកើនឡើងដល់ ជាង៣៤ ម៉ឺនតោន កាលពីឆ្នាំ២០១៨ ដែលបានកើនឡើងកាលពីឆ្នាំ២០១៧ ដែលមានត្រឹមតែ ជាង២១ម៉ឺនតោនប៉ុណ្ណោះ។ បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្មម៉ាឡេស៊ី ទិន្នផលទុរេនរំពឹងថានឹងកើនឡើងថែមទៀត នៅអនាគត ពិសេសគឺប្រភេទទុរេនដែលមានការពេញនិយមដូចជា ម៉ូសាងឃីង និងប្លេកថន ជាដើម។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មម៉ាឡេស៊ីបានលើកឡើងទៀតថា ក្រសួងនឹងសិក្សាអំពីវិធីដើម្បីផ្ដល់ឱកាសដល់ម្ចាស់ចម្ការធំៗ និងកសិករខ្នាតតូច ដើម្បីប្រើប្រាស់ដីដាំដុះទុរេនសម្រាប់ការបង្កើនចំណូលគ្រួសារ និងក៏ដូចជាពង្រីកទិន្នផលកសិកម្មសម្រាប់ប្រទេសជាតិតាំងមូលផងដែរ។