អ្វីដែលធ្វើឱ្យអ្នកនយោបាយក្រុងបាងកក កាន់តែដេកមិនលក់បក់មិនល្ហើយនោះ គឺការដែលកម្ពុជា វាយបកតាមយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ ដោយពង្រឹងទំនាក់ទំនងជាមួយមហាអំណាចរហូតទទួលបានយុទ្ធោបករណ៍ទំនើបៗ អាចផលិតគ្រឿងយុទ្ធភណ្ឌបានដោយខ្លួនឯង ព្រមទាំងបានអនុម័តច្បាប់កាតព្វកិច្ចយោធា ដើម្បីពង្រឹងកងទ័ពយ៉ាងប្រុងប្រយ័ត្នថែមទៀតផង។
កាសែតម៉ាទិឈុនរបស់ថៃ បានចុះផ្សាយទម្លាយការពិតមួយកាលពីចុងសប្ដាហ៍មុនថា យុទ្ធសាស្ត្រគាបសង្កត់សេដ្ឋកិច្ចរបស់ថៃ មកលើកម្ពុជា គឺគ្មានបានការអ្វីទាំងអស់ ហើយវាជះឥទ្ធិពលតិចតួចបំផុតមកលើការដោះស្រាយវិវាទព្រំដែន ដែលបានផ្ទុះឡើងតាំងពីចុងឆ្នាំ២០២៥។ ប៉ុន្តែអ្វីដែលជាភាពអាម៉ាស់សម្រាប់រដ្ឋាភិបាលរបស់លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) នោះ គឺបញ្ហាថៃ-កម្ពុជា មិនមែនត្រឹមតែជម្លោះលើព្រំដែនគោកធម្មតានោះទេ គឺថែមទាំងត្រូវភាគីកម្ពុជា ដេញជើង និងប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្នុងក្របខណ្ឌអន្តរជាតិ UNCLOS ដើម្បីចាត់ការវះកាត់តំបន់សមុទ្រត្រួតស៊ីគ្នា ដែលថៃ ធ្លាប់តែអង្គុយស្រមៃអះអាងសិទ្ធិផ្តាច់មុខម្នាក់ឯងនោះថែមទៀតផង។
ខណៈដែលវិបត្តិសម្ពន្ធភាពថៃ-កម្ពុជា បានកើតចេញពីបញ្ហាព្រំដែនគោក និងការអះអាងអធិបតេយ្យភាពលើប្រាសាទបុរាណជាច្រើននោះ រដ្ឋាភិបាលថៃរបស់លោក អានុទីន ហាក់បីដូចជាកំពុងវង្វេងផ្លូវ និងស្ទើរតែមិនបានដំណើរការយុទ្ធសាស្ត្រតបតអ្វីធំដុំសោះឡើយ ពោលគឺបានត្រឹមតែអង្គុយមើលកម្ពុជាបើកយុទ្ធនាការការទូតអន្តរជាតិយ៉ាងព្រោងព្រាតជាបន្តបន្ទាប់។ អ្វីដែលជាកណ្ដាប់ដៃដែកនោះ គឺកម្ពុជាបានចងសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដែកថែបជាមួយប្រទេសមហាអំណាចដ៏មានឥទ្ធិពលបំផុតនៅអាស៊ី គឺចិន និងរុស្ស៊ី។
ថ្មីៗនេះក្រៅពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ប្រទេសចិន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏បានមកជាន់ទឹកដីកម្ពុជា ដល់ទៅ២ដងរួចមកហើយ គឺនៅឆ្នាំ២០១៦ និងឆ្នាំ២០២៥។ ហើយកាលពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទៅទីក្រុងប៉េកាំង និងបានជួបពិភាក្សាផ្ទាល់ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ដែលសកម្មភាពការទូតកម្រិតកំពូលនេះវាបានបង្ហាញយ៉ាងច្បាស់ក្រឡែតថា វាមានទម្ងន់លើសពីគោលការណ៍ការទូតធម្មតាឆ្ងាយណាស់។
នៅក្នុងជំនួបនោះ លោក ស៊ី ជីនពីង បានប្រាប់ សម្ដេចតេជោ ចំៗថា ស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់កំពុងមានការផ្លាស់ប្តូរយ៉ាងគំហុក និងកាន់តែស្មុគស្មាញ ដូច្នេះទាំងចិន និងកម្ពុជា គួរតែធ្វើការរួមគ្នា ដើម្បីចាក់បញ្ចូលស្ថិរភាពទៅក្នុងសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ឯប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលចិន បានរាយការណ៍ថា ចិន ចាត់ទុកកម្ពុជា ជាអាទិភាពចម្បងបំផុត នៃចំណងការទូតជាមួយប្រទេសជិតខាងរបស់ខ្លួន ហើយចិននឹងឈរនៅពីក្រោយជួយគាំទ្រកម្ពុជា យ៉ាងពេញទំហឹងក្នុងការរក្សាអធិបតេយ្យភាព និងសន្តិសុខជាតិ។ លើសពីនេះលោក ស៊ី ជីនពីង ថែមទាំងអំពាវនាវឱ្យភាគីទាំងពីរលើកកម្ពស់មូលដ្ឋានគ្រឹះ នៃការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រឱ្យដល់កម្រិតកំពូលថ្មីមួយទៀត ព្រមទាំងបានបង្ហាញសេចក្តីពេញចិត្តយ៉ាងខ្លាំង ដែលកម្ពុជាខិតខំប្រឹងប្រែងបង្ក្រាប និងកម្ទេចបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញខុសច្បាប់។
ប៉ុន្តែទោះជាកម្ពុជា ដើរក្រឡាការទូតដាច់ឆ្ងាយដល់កម្រិតណាក៏ដោយ ក៏នៅមានអ្នកនយោបាយថៃ ដំឡូងមូលមួយចំនួនបានព្យាយាមលើកឡើងលួងចិត្តខ្លួនឯងទាំងភ័យខ្លាចថា ការបង្កើតសម្ព័ន្ធភាពខាងសន្តិសុខរវាងចិន-កម្ពុជា ប្រទេសថៃមិនបាច់ខ្វល់ខ្វាយខ្លាំងពេកទេ ព្រោះចិន ក៏ធ្លាប់ធ្វើបែបហ្នឹងជាមួយហ្វីលីពីនដែរ។ ចំណែកឯមេដឹកនាំផ្នែកសន្តិសុខជាតិរបស់ថៃខ្លះទៀតព្យាយាមធ្វើចិត្តឱ្យស្ងប់ ដោយមើលឃើញថា ការប្រគល់យុទ្ធោបករណ៍របស់ចិនមកឱ្យកម្ពុជា ជាពិសេសរថក្រោះនោះ គឺជារឿងមិនគួរឱ្យចាប់អារម្មណ៍ឡើយ ព្រោះវាសុទ្ធតែជារថក្រោះចាស់ៗ ដែលជួសជុលឡើងវិញតែប៉ុណ្ណោះ។
ប៉ុន្តែកាសែតម៉ាទិឈុនបានទះកំផ្លៀងអ្នកនយោបាយថៃទាំងនោះមួយដៃយ៉ាងដំណំ ដោយដាក់ជាសំណួរដៀមដាមត្រឡប់ទៅវិញថា ហើយចុះមីស៊ីលទំនើបប្រភេទ PHL-03 ដែលបាញ់កម្ទេចគោលដៅបានចម្ងាយឆ្ងាយរហូតដល់១៣០គីឡូម៉ែត្រ និងកាំភ្លើងវាយលុកដ៏មានឥទ្ធិពលប្រភេទ Bullpup QBZ-95 ចំនួន១,០០០ដើម ដែលចិនផ្តល់ឱ្យកម្ពុជាទៀតនោះ តើទាំងអស់នោះគេទុកសម្រាប់យកទៅបាញ់លេងកម្សាន្តមែនទេ?
ការបង្កើតសម្ព័ន្ធភាពចិន-កម្ពុជា គឺជាការទូតដ៏មុតស្រួច និងមានតម្លៃស្មើនឹងការផ្ដល់អាវុធយុទ្ធភណ្ឌធុនធ្ងន់ទាំងរថក្រោះ មីស៊ីលនាំផ្លូវ និងកាំភ្លើងយន្តទំនើបៗទៅឱ្យកម្ពុជា។ នេះគឺជាការរៀបចំទម្រង់ភូមិសាស្ត្រនយោបាយដ៏ឆ្លាតវៃរបស់កម្ពុជាក្នុងការតភ្ជាប់អំណាចការទូត និងកម្លាំងយោធា ជាមួយមហាអំណាចលេខមួយក្នុងតំបន់។ ចុះតើអ្នកនយោបាយ និងរដ្ឋាភិបាលថៃបច្ចុប្បន្ននៅតែបន្តធ្វើពុតជាល្ងង់ គិតថា គំនុំយុទ្ធសាស្ត្របែបហ្នឹងជារឿងធម្មតាទៀតឬ?
អត្ថបទៈ សួន ឡង់ទី