លោកស្រី គ្រីស្ទីន ឡាហ្គាត ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) បានថ្លែងកាលពីថ្ងៃទី៩ ខែកក្កដា ថា លោកស្រីមិនមែនជាបេក្ខភាពនៅក្នុងការប្រណាំងប្រជែងដណ្តើមតំណែងប្រធានាធិបតីបារាំងឡើយ។ ទោះជាយ៉ាងណា លោកស្រី បានសង្កត់ធ្ងន់ថា លោកស្រីនឹងបន្តតស៊ូមតិ ដើម្បីការពារតម្លៃស្នូលរបស់អឺរ៉ុបនៅក្នុងប្រទេសកំណើតរបស់ខ្លួនក្នុងសមត្ថភាពណាក៏ដោយ ដែលលោកស្រីយល់ថាមានប្រសិទ្ធភាពបំផុត។
ទោះបីជា លោកស្រី បានចេញមុខបំភ្លឺនូវគោលជំហររបស់ខ្លួនក៏ពិតមែន ប៉ុន្តែប្រសាសន៍ទាំងនេះនៅតែបង្កើតជាមន្ទិល និងភាពស្រពេចស្រពិលជុំវិញយុទ្ធនាការបោះឆ្នោតប្រធានាធិបតីបារាំង នៅឆ្នាំ២០២៧។ ភាពស្រពេចស្រពិលនេះកើតឡើងបន្ទាប់ពីកាលពីសប្តាហ៍មុន លោកស្រី បានបង្ហើបថា វាអាចទៅរួច ដែល លោកស្រី នឹងសម្រេចចិត្តចាកចេញពីធនាគារកណ្តាលអឺរ៉ុប មុនកាលកំណត់ ដើម្បីសិក្សា និងថ្លឹងថ្លែងលើស្ថានភាពនយោបាយនៅក្នុងប្រទេសបារាំង។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Euro News លោកស្រី ឡាហ្គាត បានបញ្ជាក់ថា លោកស្រីមិនមែនជាបេក្ខជនសម្រាប់តំណែងណាមួយឡើយ ប៉ុន្តែអ្វីដែល លោកស្រី ចង់បានខ្លាំងបំផុត គឺការឃើញសហភាពអឺរ៉ុបត្រូវបានការពារ ព្រោះអឺរ៉ុបគឺជាក្របខណ្ឌរួមដ៏សំខាន់សម្រាប់រដ្ឋជាសមាជិកទាំងអស់ រួមទាំងប្រទេសបារាំងផងដែរ។ នៅពេលសួរដេញដោលថា តើលោកស្រីនឹងធ្វើសកម្មភាពទាំងនេះក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ឬក្នុងតួនាទីបច្ចុប្បន្នជាប្រធាន ECB លោកស្រី ឡាហ្គាត គ្រាន់តែបង្ហើបថា លោកស្រី នឹងជ្រើសរើសតំណែងណា ដែលផ្តល់សមត្ថភាព និងមានប្រសិទ្ធភាពបំផុតសម្រាប់ការងារអឺរ៉ុប។
ការលើកឡើងរបស់ប្រធានធនាគារកណ្តាលអឺរ៉ុបរូបនេះធ្វើឡើងចំពេលដែលស្ថានភាពនយោបាយនៅប្រទេសបារាំងកំពុងតែមានភាពវឹកវរ និងឡើងកម្តៅខ្លាំង ក្រោយមេដឹកនាំស្តាំនិយមជ្រុល គឺលោកស្រី ម៉ារី ឡឺប៉ែន (Marine Le Pen) ត្រូវបានតុលាការអនុញ្ញាតឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឡើងវិញ បើទោះបីជា លោកស្រី កំពុងរងការកាត់ទោសពីបទកិបកេងប្រាក់ក៏ដោយ។
គួររំលឹកថា លោកស្រី គ្រីស្ទីន ឡាហ្គាត គឺជានិមិត្តរូបនៃអ្នកនយោបាយ និងជាមេដឹកនាំសេដ្ឋកិច្ចដ៏លេចធ្លោបំផុតម្នាក់។ លោកស្រី បានកាន់តំណែងជាប្រធានធនាគារកណ្តាលអឺរ៉ុបចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មក។ មុនពេលឈានជើងមកកាន់តំណែងកំពូលនេះ លោកស្រី ធ្លាប់ជាស្ត្រីដំបូងគេ ដែលបានដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៩ ព្រមទាំងធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងឧស្សាហកម្មរបស់បារាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១១ ផងដែរ។ មុនពេលប្រឡូកក្នុងឆាកនយោបាយ លោកស្រី ក៏ជាមេធាវីអន្តរជាតិដ៏មានកេរ្តិ៍ឈ្មោះ និងជាប្រធានក្រុមហ៊ុនច្បាប់អន្តរជាតិដ៏ធំមួយថែមទៀតផង៕
ដោយៈ សរ សុជាតិ