ពាក់ព័ន្ធនឹងបញ្ហានេះ សមាគមវារីវប្បកម្មកម្ពុជា បានស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយដោះស្រាយបញ្ហានេះ ជូនអ្នកចិញ្ចឹមត្រីក្នុងស្រុកឲ្យបានទាន់ពេលវេលាផង ត្បិតត្រីសល់ចាល់ក្នុងអាងចិញ្ចឹមដល់ទៅជាង១ម៉ឺនតោន ឯណោះ។ ជាពិសេស ស្នើឲ្យជួយរឹតបន្តឹងការគ្រប់គ្រងការនាំចូលត្រីពីក្រៅប្រទេសឲ្យបានម៉ឺងម៉ាត់ និងដាក់ចេញវិធានការជាក់លាក់ណាមួយ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារត្រីនៅកម្ពុជា។
ជុំវិញនឹងបញ្ហានេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ប្រាប់ ខេមបូណូមីស ថា វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល បានបង្កឲ្យមានផលប៉ះពាល់ដល់ការបែងចែកផលនេសាទ ដ្បិតផ្សារធំៗ និងកន្លែងបែងចែកផលនេសាទមួយចំនួន ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន។
ទោះយ៉ាងណា ឯកឧត្តម វេង សាខុន ក៏ស្នើឲ្យវារីវប្បករមានអត់ធ្មត់ និងយោគយល់ចំពោះកាលៈទេសៈដ៏លំបាកមួយនេះ ហើយឯកឧត្តម រំពឹងថា ស្ថានការណ៍នេះ នឹងវិលមករកស្ថានភាពដូចដើមវិញក្នុងពេលឆាប់ៗខាងមុខនេះ។
យោងតាមរបាយការណ៍ ពីសមាគមវារីវប្បករកម្ពុជា ទិន្នផលត្រីល្មមចាប់ដែលនៅសល់គិតត្រឹមថ្ងៃទី ៣០ខែមេសា និងចំនួនត្រីល្មមចាប់ដែលនឹងកើនឡើងនៅក្នុងខែឧសភានេះ សរុបដល់ទៅជាង១ម៉ឺនតោន ក្នុងនោះត្រីប្រាមានចំនួនជាង ៧ពាន់តោន, ត្រីឆ្តោជាង១ពាន់៨រយតោន, ត្រីពោជិត៩រយតោន, ត្រីអណ្តែងជាង១រយតោន និងត្រីផ្សេងទៀតមានចំនួនជិត២រយតោន។
សមាមគមវារីវប្បកម្មកម្ពុជាបញ្ជាក់ទៀតថា នៅខែមេសាកន្លងទៅកសិករចិញ្ចឹមត្រីមួយចំនួនបានបង្ខំចិត្តលក់ត្រីក្នុងតម្លៃក្រោមថ្លៃដើមផលិត បន្ទាប់ពីមិនសូវមានឈ្មួញចុះទៅទិញត្រីរបស់ពួកគេ។ កត្តានេះបានធ្វើឲ្យអ្នកចិញ្ចឹមត្រីរារែកចិត្តក្នុងការដាក់កូនត្រីចិញ្ចឹមបន្តទៀត។
មួយវិញទៀត ភាពមិនច្បាស់លាស់នៃអនាគតទីផ្សារត្រីនៅកម្ពុជា ក៏ជាកត្តារួមចំណែកធ្វើឲ្យកសិករហាក់មានចិត្តអល់អែកក្នុងបន្តអាជីពមួយនេះផងដែរ៕