នៅក្នុងខែមីនាកន្លងទៅក្រុមហ៊ុន McDonald បានបិទភោជនីយដ្ឋានទាំងអស់របស់ខ្លួនចំនួន ៨៥០កន្លែងនៅក្នុងប្រទេសរុស្ស៊ី ដែលមានបុគ្គលិកកំពុងបម្រើការចំនួន ៦២០០០ នាក់។
ប៉ុន្តែកាលពីថ្ងៃចន្ទទី ១៦ឧសភា ក្រុមហ៊ុនយក្សមួយនេះ បានឈានទៅមុខមួយជំហានទៀត ដោយបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីប្រតិបត្តិការជាង៣០ឆ្នាំមកនេះ សាជីវកម្ម McDonald បានប្រកាសថា ខ្លួននឹងចាកចេញពីទីផ្សាររុស្ស៊ីទាំងស្រុងតែម្ដង ថែមទាំងបានចាប់ផ្តើមដំណើរការលក់អាជីវកម្មរបស់ខ្លួនក្នុងប្រទេសរុស្សីទាំងអស់ផងដែរ”។
នៅក្នុងសេចក្ដីថ្លែងការណ៍នេះបន្ថែមថា វិបត្តិមនុស្សធម៌ ដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន និងបរិយាកាសប្រតិបត្តិការដ៏អាប់អួបាននាំឱ្យក្រុមហ៊ុន McDonald's សន្មតថា នឹងមិនអាចបន្ដប្រតិបត្តិការអាជីវកម្មនៅរុស្ស៊ីតទៅទៀតបានទេ ព្រោះវាមិនបានដើរស្របនឹងគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានបន្ថែមថា បន្ទាប់ពីការលក់នេះ ភោជនីយដ្ឋាននឹងលែងអាចប្រើឈ្មោះ ឡូហ្គោ ម៉ាកយីហោ ឬម៉ឺនុយរបស់ McDonald ទៀតហើយ។
នៅប្រទេសរុស្ស៊ី ក្រុមហ៊ុន McDonald’s មានការគ្រប់គ្រងផ្ទាល់លើហាងMcDonald’s ប្រហែល៨០% នៃចំនួនហាងទាំងអស់។ ហើយទីផ្សារទីផ្សាររុស្ស៊ី គឺមានប្រហែល៩% នៃប្រាក់ចំណូលសរុបសរុបរបស់ McDonald’s និងមានប្រហែល៣% នៃប្រាក់ចំណេញប្រតិបត្តិការសរុប។
គួររំលឹកថា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឱ្យកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនដោយគគ្លើន ដែលបង្កឱ្យមានការដាក់ទណ្ឌកម្មពីលោកខាងលិចមិនធ្លាប់មានពីមុនមក និងបង្កឱ្យមានការចាកចេញនៃអាជីវកម្មបរទេសធំៗមួយចំនួនពីប្រទេរុស្សី រួមមាន H&M, Starbucks និង Ikea ។
មន្ត្រីទីក្រុងមូស្គូបានព្យាយាមចាត់ទុកទណ្ឌកម្មរបស់លោកខាងលិចថា គ្នានឥទ្ធិពលមកលើខ្លួននោះទេ ដោយសន្យាថា រុស្ស៊ីនឹងសម្របខ្លួន និងចាត់វិធានការ ដើម្បីបញ្ឈប់ការហូរចូលនៃរូបិយបណ្ណ និងទ្រព្យសម្បត្តិនានារបស់បរទេស៕
អត្ថបទ៖ ហ៊ុន គន្ចថៃ