
កាសែតអាមេរិក Wall Street Journal បានសរសេរកាលពីថ្ងៃទី២១ ខែកក្កដា ថា ចិននិងកម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់កាលពីនិទាឃរដូវកន្លងទៅ ដើម្បីផ្តល់សិទ្ធិផ្តាច់មុខឱ្យប្រទេសចិនក្នុងការប្រើប្រាស់ផ្នែកមួយនៃមូលដ្ឋានទ័ពជើងទឹករាម នៅកម្ពុជា។
អត្ថបទនោះដែលដកស្រង់សម្ដីមន្រ្តីអាមេរិកនិងសម្ព័ន្ធមិត្ដដោយមិនបញ្ចេញឈ្មោះ បានអះអាងថា មានកិច្ចព្រមព្រៀងជាមួយចិននោះ គឺសម្រាប់រយៈពេល៣០ឆ្នាំ ហើយអាចបន្តជាស្វ័យប្រវត្តិរយៈពេល ១០ឆ្នាំទៀត។
ដើម្បីច្រានចោលព័ត៌មាននោះថាជាព័ត៌មានក្លែងក្លាយ ក្រសួងការពារជាតិបានដឹកជញ្ជូនអ្នកសារព័ត៌មានចំនួនជាង ៧០នាក់ មកពី ៣៨ស្ថាប័ន ផ្សេងៗគ្នា នៅថ្ងៃសុក្រ ទី២៦ ខែកក្កដានេះ ទៅមើលមូលដ្ឋានទ័ពជើងទឹក រាម ផ្ទាល់តែម្តង។

ជាករណីដ៏កម្រដែលអ្នកសារព័ត៌មាននៅកម្ពុជា ត្រូវបានគេទទួលយ៉ាងរាក់ទាក់ ព្រមទាំងការអមដំណើរដោយមានឡានស៊ីរ៉ែនអមមុខក្រោយផងនោះ លោក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានទ័ពរាម បាននិយាយថា «ស្វាគមន៍» ហើយក៏បានអះអាងថា ព្រឹត្តិការណ៍នេះជាលើកដំបូងហើយ។
លោក អ៊ុក សីហា បានសង្ខេបថា ទីតាំងរាមនេះ មានទំហំប្រហែលជា ១០០ហិកតា ហើយបានចាប់កំណើតតាំងពីឆ្នាំ១៩៥៤ បន្ទាប់ពីបានឯករាជ្យពីបារាំង។
លោក អ៊ុក សីហា បាននាំក្រុមអ្នកកាសែតទៅមើលអគារដែលសហរដ្ឋអាមេរិកធ្វើឲ្យគណៈកម្មាធិការសន្តិសុខលំហសមុទ្រកាលពីឆ្នាំ២០១៧ ជាទីកន្លែងដែលទីក្រុងវ៉ាស៊ីងតោន បារម្ភខ្លាចថា កម្ពុជាប្រគល់ទៅឲ្យចិន។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា កម្ពុជានឹងប្រគល់ទីកន្លែងនេះទៅឲ្យកងទ័ពជើងទឹកកម្ពុជា ខណៈដែលគណៈកម្មាធិការសន្តិសុខលំហសមុទ្រនេះ នឹងត្រូវផ្លាស់ប្តូរទៅទីកន្លែងផ្សេងវិញ។
ក្រុមអ្នកកាសែតក៏ត្រូវបានគេនាំទៅមើលផែទឹកជ្រៅ ដែលមាននាវាល្បាតមួយចំនួននៅទីនោះផងដែរ។ អ្នកកាសែតត្រូវបានគេឲ្យថតរូបពីក្នុងឡានក្រុង ហើយមិនត្រូវបានអនុញ្ញាតឲ្យចុះពីឡាននោះទេ។
នៅកន្លែងទាំងនេះ អ្នកសារព័ត៌មានមិនបានឃើញទាហានចិនឬក៏សំណង់អ្វីថ្មីនោះទេ។

លោក ឈុំ សុជាតិ បាននិយាយដូច្នេះថា ៖ «ពេលនេះអស់លោកជាភ្នែកជាច្រមុះ ទាំងជាតិ អន្តរជាតិ អាចមកដល់ឃើញហើយ តើយើងមានអ្វីលាក់បាំងទៀត ចំពោះបរទេសដែលគេនៅតែចោទថា យើងមាននេះ មាននោះ ធ្វើនេះ ធ្វើនោះ។»
លោកបានបន្តថា ៖ «ថ្ងៃនេះ យើងបង្ហាញទាំងអស់តែម្តង។ រឿងអីក៏ដោយ អត់មានអីលាក់លៀមទេ។ យើងមិនអាចលាក់លៀមបានទេ ព្រោះសម័យនេះ ក៏លាក់មិនជិតដែរ ព្រោះមានសាត់តើឡាយ [ផ្កាយរណប] មានស្អីៗច្រើនណាស់។»
នៅពេលអាហារថ្ងៃត្រង់សម្រាប់អ្នកសារព័ត៌មាន គឺមានម្ហូបច្រើនមុខ មានក្តាមធំៗ បង្គារធំៗរួមទាំងស្រាបៀរផងដែរ ដែលលើកជូនដោយនាវិកនារីក្នុងសម្លៀកបំពាក់ឯកសណ្ឋាន ខណៈដែលក្រុមតន្រ្តីលេងកំដរអារម្មណ៍៕