លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក នៅពេលទទួលស្វាគមន៍មេដឹកនាំជប៉ុន អូស្រ្តាលី និង ឥណ្ឌានៅក្នុងជំនួបកំពូល Quad ក្នុងសង្កាត់ Delaware ក្នុងក្រុង Wilmington នៅភាគខាងជើងរដ្ឋការ៉ូលីណាខាងជើង ដែលជាស្រុកកំណើតរបស់លោកផ្ទាល់បាននិយាយថា ប្រទេសចិន កំពុងតែ «សាកល្បងយើងទាំងអស់គ្នា»។ គ្រាន់តែចាប់ក្បាលមីក្រូហ្វូនបើកកិច្ចប្រជុំនេះភ្លាម លោក ចូ បៃដិន បាននិយាយថា ប្រទេសចិន កំពុងសាកល្បងសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទោះបីជាមេដឹកនាំផ្សេងទៀតហាក់បញ្ចៀសចេញពីទស្សនប្រឆាំងនឹងឥទ្ធិពលចិន ក៏ដោយ។
លោក ចូ បៃដិន បានប្រាប់មេដឹកនាំទាំងនោះថា អាម៉េរិកជឿថា ចិនកំពុងសម្លឹងរកមើលការផ្តោតលើបញ្ហាប្រឈមសេដ្ឋកិច្ច និងកាត់បន្ថយភាពចលាចលសេដ្ឋកិច្ចនៅក្នុងប្រទេស ខណៈដែលចិន កំពុងព្យាយាមលើកតួនាទីខ្លួនទៅក្នុងយន្តការការទូតក្នុងចេតនាបង្ហាញអំពីអំណាច និងឥទ្ធិពលខ្លួន ដើម្បីទទួលបានផលប្រយោជន៍សម្រាប់ចិន។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីប្រសាសន៍លោក ចូ បៃដិន ឡើយ ខណៈដែលពេលនេះអាម៉េរិក នៅតែបន្តដាក់សម្ពាធជាបន្តបន្ទាប់លើចិន តាំងពីបញ្ហាកញ្ចប់ពន្ធថ្មីលើផលិតផលឧស្សាហកម្មមួយចំនួនដូចជារថយន្តអគ្គិសនី ដោយរួមទាំងការរឹតត្បិតលើឧស្សាហកម្មអេឡិចត្រូនិក ដែកថែប និងអាលុយមីញ៉ូម ដែលចូលទីផ្សារអាម៉េរិក តាមរយៈម៉ិកស៊ិក។
មុនកិច្ចប្រជុំចាប់ផ្តើម លោក ចេក ស៊ូលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក បាននិយាយថា កិច្ចប្រជុំ Quad មិនផ្តោតតែលើប្រទេសចិន នោះទេ។ លោកបានប្រាប់អ្នកយកព័ត៌មានថា ប្រទេសចិន មិនមែនជាការផ្តោតអារម្មណ៍របស់ Quad ហើយ Quad មិនមែននិយាយអំពីប្រទេសមួយនោះទេ គឺនិយាយអំពីចក្ខុវិស័យដ៏ធំ ដែលមេដឹកនាំនានា កំពុងព្យាយាមឆ្ពោះទៅរកដំណោះស្រាយ។
នៅក្នុងសុន្ទរកថា បើកកិច្ចប្រជុំលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា បាននិយាយដោយជៀសវាងការលើកឡើងជាក់លាក់អំពីប្រទេសចិន ប៉ុន្តែសំដៅទៅលើភាពតានតឹងក្នុងតំបន់។ លោកបានលើកឡើងថា សមាជិក Quad មិនប្រឆាំងនឹងនឹងនរណាម្នាក់ឡើយ ពោលគឺទាំងអស់គ្នាគាំទ្រដល់សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី និងការដោះស្រាយដោយសន្តិវិធីនូវរាល់ជម្លោះទាំងអស់។
ដោយឡែក លោក អេនថូនី អាល់បាណេស (Anthony Albanese) នាយករដ្ឋមន្រ្តីអូស្រ្តាលី បាននិយាយថា អាទិភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺពឹងផ្អែកលើសន្តិភាព និងស្ថិរភាព និងការគ្រប់គ្រងប្រកបដោយភាពឆ្លាតវៃនៅក្នុងការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងជម្លោះ។
សេចក្តីថ្លែងការណ៍រួមក្រោយបញ្ចប់កិច្ចប្រជុំបានឲ្យដឹងថា ក្រៅពីចិននៅក្នុងជំនួបកំពូលខាងលើមេដឹកនាំ Quad ក៏បានពិភាក្សាំអពីបញ្ហាសុខភាព គំនិតផ្តួចផ្តើមអំពីបរិយាកាស សន្តិសុខនៅដែនសមុទ្រ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាអាកាសធាតុ និងថាមពលស្អាតជាដើម៕
ដោយៈ សរ សុជាតិ