ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ក្រុមការងារខេមបូណូមីសថា ថវិកាដែលរាជរដ្ឋាភិបាលបានត្រៀម ជាង៨០០លានដុល្លារបន្ថែមទៀតសម្រាប់ឆ្នាំ២០២១នេះ ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ១៩នោះ បានចាយអស់ជាង ៣២២លាន ដុល្លារសម្រាប់ជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។
ឯកឧត្តម មាស សុខសេនសាន បានបញ្ជាក់ថា បើទោះបច្ចុប្បន្នស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ មិនទាន់មានការថមថយក្តី តែកញ្ចប់ថវិកាដែលរាជរដ្ឋាភិបាលបានគ្រោងរួចហើយនោះ គឺនៅតែមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅឆ្នាំនេះ។ យ៉ាងណាក៏ដោយចុះ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម មាស សុខសេនសាន ក្នុងករណីចាំបាច់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រោងនឹងបង្កើនថវិកាបន្ថែម ២០០ ទៅ៣០០លានដុល្លារទៀត ពីលើកញ្ចប់ថវិកាប្រាក់ជាង៨០០លានដុល្លារអាមេរិក ដែលមានសម្រាប់នៅឆ្នាំនេះ ដែលនឹងធ្វើឲ្យកញ្ចប់ថវិកានឹងកើនដល់១ពាន់លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងផែនការ ឯកឧត្តម ស្រី ដា បានឲ្យដឹងដែរថា ចំនួនពលរដ្ឋដែលត្រូវការជំនួយសង្គមនៅអំឡុងពេលកូវីដ១៩នេះ នឹងនៅតែបន្តកើនបន្ថែមទៀត ខណៈ អំឡុងពេលដែលក្រសួងបានធ្វើស្ថិតិកន្លងមក មានជនរងគ្រោះប្រមាណជិត៣លាននាក់ ស្មើនឹងជិត៧០ម៉ឺនគ្រួសារទៅហើយ។
ឯកឧត្តម ស្រី ដា បានបន្ថែមថា ក្រៅពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ហើយ បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់បន្ថែម ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាកក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ផងដែរ។
បើតាមការព្យាកររបស់ក្រសួងផែនការ គ្រួសារដែលរងផលប៉ះពាល់ដល់ដោយសារការបិទខ្ទប់នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងខេត្តព្រះសីហនុ មានគ្រួសារប្រឈមសរុបចំនួនប្រមាណ២៤ម៉ឺនគ្រួសារ ។ តែក្នុងចំណោម ២៤ម៉ឺនគ្រួសារនេះ មានគ្រួសារដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រ និងកម្មករ (បណ្ណបសស) រួចហើយ ក៏ស្ថិតក្នុងចំណោមនេះដែរ ដោយក្រសួងបានដកឈ្មោះពួកគាត់ចេញមិនយកមកសម្ភាសន៍ ដើម្បីកំណត់បើកប្រាក់ក្នុងកម្មវិធីនេះបន្ថែមទេ ព្រោះពួកគាត់បានទទួលរបបប្រចាំខែរួចហើយ៕