យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថា នៅត្រីមាសទី២ ក្នុងឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទានសរុប ជាង៨ពាន់៧រយលានដុល្លារ កើនឡើង ៣៦៨លានដុល្លារ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ក្រោយកម្ពុជា បានធូរស្បើយពីជំងឺកូវីដ១៩ សកម្មភាពសេដ្ឋកិច្ច និងសង្គម ចាប់ដំណើរការឡើងវិញ ក៏បានជំរុញឲ្យអាជីវកម្មនានា ចាប់ផ្ដើមងើបឡើងវិញដែរ ពិសេសអាជីវកម្ម ក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម តែម្ដង។
បើតាមលោក កាំង តុងងី មិនមែនតែទំហំឥណទាននោះទេដែលកើនឡើងការដាក់ប្រាក់បញ្ជើក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ។ លោកបានបញ្ជាក់ទៀតថា ដោយសារតែមានយន្តការនៃការស្ដារសេដ្ឋកិច្ចជាតិឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានជំរុញនិងចូលរួមបង្កើតយន្តការមួយចំនួន ក្នុងការជំរុញវិស័យសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ នាពេលកន្លងមក ហើយកត្តានេះ ជាការជំរុញឲ្យចំនួនឥណទាន និងប្រាក់បញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុ កើនឡើងជាបន្តបន្ទាប់។
បើតាមលោក កាំង តុងងី កំណើនឥណទានរបស់វិស័យមីក្រូហិរញ្ញវត្ថុ បានបន្តគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ពិសេសអាជីវកម្មខ្នាតតូច និងមធ្យមនៅមូលដ្ឋាន ដែលឥណទានត្រូវបានផ្ដល់ឲ្យតាមវិស័យសំខាន់ៗ ដូចជា ឥណទានលក្ខណៈគ្រួសារ មានជាង ៣២%,ពាណិជ្ជកម្មនិងជំនួញ៣០%,កសិកម្ម១៨%សេវាកម្មជាង១៤% និងវិស័យផ្សេងៗ ជាង១២%។ លើសពីនេះ វិស័យមីក្រូហិរញ្ញវត្ថុ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយបានផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដល់អតិថិជននៅតាមតំបន់ជនបទ។ ជាលទ្ធផល គណនីប្រាក់បញ្ញើនិង ឥណទានបានកើនដល់ចំនួន ២,៦ លានគណនី និង ១,៩ លានគណនី រៀងគ្នា៕