ក្រុមហ៊ុន Micron មិនមែនជាក្រុមហ៊ុនផលិតបន្ទះឈីបដំបូងគេរបស់សហរដ្ឋអាមេរិកដែលបានកាត់បន្ថយកម្រិតនៃសកម្មភាពក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងប្រទេសចិនទេ។ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក Advanced Micro Devices ក៏បាននិយាយដែរថា ខ្លួនក៏គ្រោងនឹងកាត់បន្ថយមជ្ឈមណ្ឌលស្រាវជ្រាវនៅទីក្រុងសៀងហៃ និងជំរុញឱ្យបុគ្គលិកមួយចំនួនចាកចេញពីក្រុមហ៊ុនផងដែរ។
ការចាកចេញរបស់ក្រុមហ៊ុនអាមេរិកទាំងនេះ កំពុងត្រូវបានពន្លឿនដោយរលកនៃការវិនិយោគនៅក្នុងឧស្សាហកម្មបន្ទះឈីបក្នុងស្រុករបស់ចិន ក្រោមផែនការ Made in China 2025 របស់ទីក្រុងប៉េកាំង ដែលមានបំណងធ្វើឱ្យប្រសើរឡើងនូវការផលិតរបស់ប្រទេសចិនឱ្យកាន់តែមានការប្រកួតប្រជែងជាសកល ជាពិសេសនៅក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់សេដ្ឋកិច្ច ដូចជាការផលិត មីក្រូឈីបជាដើម។
សូមជម្រាបថា នៅឆ្នាំ ២០២១ ប្រទេសចិនមានក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុកចំនួនប្រមាណជាង ២ពាន់៨រយក្រុមហ៊ុន កើនឡើងជិត ២៧% ធៀបនឹងឆ្នាំមុន។ ដោយក្រុមហ៊ុនបន្ទះឈីបក្នុងស្រុកមួយចំនួនផ្តល់ជូននិស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ដែលមានប្រាក់ខែប្រចាំឆ្នាំច្រើនជាង ៦ម៉ឺនពាន់ដុល្លារ។
សូមរំឭកថា ក្រុមហ៊ុន Micron បានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតមួយរបស់ពិភពលោក បន្ទាប់ពីSamsung និង SK Hynix នេះបើយោងតាមអ្នកស្រាវជ្រាវទីផ្សារ TrendForce ។ ក៏ប៉ុន្តែទន្ទឹមនេះ មិនមានក្រុមហ៊ុនចិនណាមួយស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីប DRAM កំពូលទាំងប្រាំមួយនោះទេ។
ក្រោយពីការបិទក្រុមហ៊ុនផលិតអង្គចងចាំDRAM នៅសៀងហៃនេះហើយ ក្រុមហ៊ុន Micron បាននិយាយថា អាទិភាពនៃការវិនិយោគនាពេលអនាគតរបស់ខ្លួន គឺនៅក្នុងសហរដ្ឋអាមេរិក។ នៅក្នុងខែតុលា ក្រុមហ៊ុននេះមានគម្រោងវិនិយោគច្រើនជាង ១៥០ ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ទៀត ក្នុងការស្រាវជ្រាវ និងផលិតបន្ទះឈីប។ ទន្ទឹមនេះ ក្រុមហ៊ុនក៏កំពុងជំរុញឱ្យសភាសហរដ្ឋអាមេរិកអនុម័តច្បាប់ដែលនឹងជួយដល់ការពង្រីករោងចក្រក្នុងស្រុកផងដែរ៕
អត្ថបទ ស៊ើង និមល់