ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Apple បានប្រជែងគ្នាដណ្តើមយកតំណែងកំពូលជាក្រុមហ៊ុន ដែលមានមូលធនទីផ្សារ (Market Cap) ធំបំផុតនៅសង្កាត់ហិរញ្ញវត្ថុ Wall Street ចាប់តាំងពីដើមឆ្នាំ២០២៤ មក ដោយតំណែងកំពូលរបស់ក្រុមហ៊ុន Apple បានរបូតមួយរយៈពេលខ្លីទៅលើក្រុមហ៊ុន Software កាលពីដើមខែមករា ឆ្នាំនេះ ប៉ុន្តែក្រោយមកក្រុមហ៊ុន Apple ក៏ដណ្ដើមតំណែងនេះបានមកវិញ។
យោងតាមទិន្នន័យក្រុមហ៊ុនមូលបត្រអង់គ្លេស London Stock Exchange Group បានបង្ហាញថា មូលធនទីផ្សារ (Market Cap) របស់ក្រុមហ៊ុនយក្សអាម៉េរិកទាំង២គឺ Microsoft និង Apple សុទ្ធតែបានហក់ឡើងលើស៣ទ្រីលានដុល្លារដូចគ្នា ពោលគឺលើសខ្វះគ្នាតែបន្តិចប៉ុណ្ណោះដែលធ្វើឱ្យក្រុមហ៊ុន Apple ជាប់លេខ១ ហើយក្រុមហ៊ុន Microsoft ជាប់លេខ២។
គាំទ្រដោយការវិនិយោគរបស់ខ្លួនលើក្រុមហ៊ុន OpenAI ដែលជាអ្នកផលិត ChatGPT ក្រុមហ៊ុន Microsoft ត្រូវបានគេមើលឃើញថា នៅថ្ងៃខាងមុខអាចនឹងវ៉ាឈ្នះក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោក។
ម្យ៉ាងវិញទៀត ក្រុមហ៊ុន Apple ពេលនេះកំពុងប្រឈមនឹងការធ្លាក់ចុះតម្រូវការទូរស័ព្ទ iPhone របស់ខ្លួន ជាពិសេសនៅក្នុងទីផ្សារប្រទេសចិនតែម្ដង ខណៈដែលក្រុមហ៊ុននេះកំពុងលក់បញ្ចុះតម្លៃជូនអតិថិជនយ៉ាងកម្រ ដើម្បីបង្កើនការលក់ ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្ដាគូប្រជែងក្នុងស្រុកដូចជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei Technologies ជាដើម។
លោក ប្រេដ រ៉េប៊ែក (Brad Reback) អ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុអាម៉េរិក ស្ទីហ្វែល (Stifel) បាននិយាយថា លោកគិតថា បច្ចេកវិទ្យា AI នាំមកនូវសុទិដ្ឋិនិយមសម្រាប់ក្រុមហ៊ុន Microsoft ខណៈក្រុមហ៊ុន Apple គ្មាន AI ដែលមានលក្ខណៈច្បាស់លាស់គួបផ្សំជាមួយក្ដីបារម្ភអំពីការធ្លាក់ចុះការលក់ iPhone និងការប្រកួតប្រជែងកាន់តែខ្លាំងផងដែរ៕
អត្ថបទ៖ សុខ ជា