ជាក់ស្ដែង តាមការរាយការណ៍ ដោយសារព័ត៌មានវៀតណាម VN Express បានឲ្យដឹងថា បច្ចុប្បន្ន មានផលិតផលកសិកម្មរបស់វៀតណាមរាប់លានតោន រួមទាំងស្រូវអង្ករ បន្លែផ្លែឈើ ពងមាន់ពងទា កំពុងកកស្ទះនៅក្នុងខេត្តចំនួន២៦ភាគខាងត្បូងនៃប្រទេសវៀតណាម ដោយសារតែមានវិធានការរឹតត្បឹតវិធានការគម្លាតសង្គម Social Distancing ពីសំណាក់អាជ្ញាធរ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក ង្វៀន ហុង ឌៀន (Nguyen Hong Dien) បានលើកឡើងថ្មីៗនេះថា កសិផលដែលកំពុងកកស្ទះនៅក្នុងខេត្តភាគខាងត្បូងនៃប្រទេសវៀតណាមទាំងនោះ រួមមាន ស្រូវ៥លានតោន, បន្លែផ្លែឈើ៤លានតោន, ពងមាន់ពងទា ៤០០លានពង, មាន់៦០ម៉ឺនតោន, គ្រឿងសមុទ្រ១២ម៉ឺនតោន និងសាច់ជ្រូក ៨ម៉ឺនតោន។
ការប្រមូលផ្ដុំ គឺត្រូវបានរឹតត្បិត ហើយវាប៉ះពាល់ដល់ការដឹកជញ្ជូននានា នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម ដែលកំពុងមានការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្នុងនោះ ក៏រួមមានទីក្រុងហូជីមិញដែរ ដែលវាជាទីក្រុងមួយមានការប្រើប្រាស់ទំនិញច្រើនជាគេងរបស់វៀតណាម។
បើទោះបីជារដ្ឋាភិបាលវៀតណាម ណែនាំអាជ្ញាធរឲ្យផ្ដល់អាទិភាពដល់ការដឹកជញ្ជូនទំនិញសំខាន់ៗក៏ដោយ ប៉ុន្ដែ មិនមានការស្របគ្នាទៅតាមបទប្បញ្ញត្តិនោះទេ ហើយវានៅតែរារាំងដល់លំហូរទំនិញក្នុងតំបន់ដែលមានការរឹតត្បិតទាំងនោះ។
ទន្ទឹងមនឹងនោះ ការបិទផ្សារនានា ក៏បានធ្វើឲ្យប៉ះពាល់ដល់ការលក់ផលិតផលកសិកម្មនៅក្នុងតំបន់ទាំងនោះផងដែរ ខណៈដែលក្រុមហ៊ុនក៏កំពុងជួបបញ្ហាក្នុងការនាំចេញ។ ប្រធានក្រុមហ៊ុននាំចេញផ្លែឈើ Vina T&T បាននិយាយថា បញ្ហាកង្វះទូកុតឺន័រកំពុងធ្វើឲ្យផលិតផលស្ទះកកកុញនៅតាមកំពង់ផែ ខណៈដែលតម្លៃដឹកជញ្ជូនតាមទូកុងតឺន័រ បានហក់ឡើងខ្ពស់ដល់ទៅ ១០ដង។ ជាមួយគ្នានេះ បទបញ្ជាឲ្យរោងចក្រនៅតំបន់មួយចំនួន បើកដំណើរការត្រឹមចន្លោះពីម៉ោង ៦ព្រឹក ដល់៦ល្ងាច ក៏បានធ្វើឲ្យទិន្នផលផលិតមានការថយចុះដល់ ២០ ទៅ៣០ភាគរយដែរ ខណៈដែលពីមុនរោងចក្រអាចបើកដំណើរការចាប់ពីម៉ោង៣ព្រឹក ដល់ម៉ោង១០យប់។
សូមបញ្ជាក់ថា បើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា រដ្ឋាភិបាលមានគោលបំណងនឹងទិញស្រូវប្រហែល៤លានតោន ដែលស្មើនឹង២លាន៥សែនតោនអង្ករ ដើម្បីស្តុកទុក ដោយសារតែមើលឃើញថា ពិភពលោកនៅក្រោយកូវីដ-១៩ ច្បាស់ជាមានតម្រូវការស្បៀងអាហារខ្លាំង៕