ក្រសួងការងារ បានបញ្ជាក់ថា ដោយមានការសម្រេចពីសម្ដេចហ៊ុន សែន បន្ថែមទឹកប្រាក់ ៣ដុល្លារ ពីលើតួលេខបោះឆ្នោតដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ១៨៧ដុល្លារ បានធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ខាងមុខនេះ កើនដល់ ១៩០ដុល្លារអាមេរិកក្នុងមួយខែ។
ការឈានទៅដល់ ការសម្រេចលើចំនួនប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅឆ្នាំ២០២០ គឺបានធ្វើឡើងបន្ទាប់ពី ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ លើកទី៦ ដែលរួមមានរាជរដ្ឋាភិបាល សហជីព និងនិយោជក បើកកិច្ចប្រជុំចុងក្រោយ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបោះឆ្នោតជ្រើសរើសយកតួលេខមួយធ្វើជាគោល។ ក្នុងនោះសន្លឹកឆ្នោតភាគច្រើនបានបោះឆ្នោតជ្រើសរើសយកតួលេខ ១៨៧ដុល្លារ ហើយបន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានផ្តល់បន្ថែម ៣ដុល្លារទៀតជូនកម្មករនិយោជិត ដែលធ្វើឱ្យប្រាក់ឈ្នួលពួកគេកើនឡើង ១៩០ដុល្លារ នៅឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការគូសបញ្ជាក់ របស់ក្រសួងការងារ។
តាមការកំណត់ ប្រាក់ឈ្នួលអប្បបរមា ១៩០ដុល្លារនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ។
ស្របពេលដែលប្រាក់ខែកម្មករនិយោជិតក្នុងវិស័យកាត់ដេរបន្ដកើនឡើងនេះ បញ្ហា EBA ដែលកំពុងបន្ថស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់នៅឡើយ។ មិនច្បាស់លាស់ ដោយសារតែសហភាពអឺរ៉ុប បានចាប់ផ្ដើមការស៊ើបអង្កេតទៅលើដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA តាំងពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩មក ហើយសេចក្ដីសម្រេចលើបញ្ហានេះ ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅខែកុម្ភៈ ឆ្នាំ២០២០។
សមាគមរោងចក្រកាត់ដេរកម្ពុជា កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានថ្មីមួយរបស់ខ្លួន ដោយបានជំរុញឲ្យសហភាពអឺរ៉ុប មេត្តារក្សាកម្មវិធីអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) ព្រោះបើ EBA ពិតជាត្រូវបានដក នោះ នឹងប៉ះពាល់ដល់ប្រជាជនកម្ពុជារាប់លាននាក់។
ធនាគារពិភពលោកនៅថ្ងៃទី ៦ ខែឧសភា កន្លងទៅ បានចេញរបាយការណ៍មួយ របស់ខ្លួន ដោយក្នុងនោះ បានប៉ាន់ប្រមាណថា កម្ពុជា អាចនឹងធ្លាក់ចុះចំណូលពីការនាំចេញប្រហែលជាង ៦៥០ លានដុល្លារអាមេរិក ប្រសិនបើសហភាពអឺរ៉ុប ពិតជាសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាមែននោះ។
ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅនេះបានអនុវត្តនូវការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ខ្លួន សំដៅដល់ការកាត់បន្ថយចំណាយមិនចាំបាច់នានាសម្រាប់វិស័យឯកជន ហើយបើតាមការអះអាងពីប្រមុខរដ្ឋាភិបាលកម្ពុជា វិស័យឯកជននឹងចំណេញប្រមាណ ៤០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ តាមរយៈកំណែទម្រង់ថ្មីនេះ។ នេះបើតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន បានថ្លែងពីកំណែទម្រង់នេះក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជន នៅថ្ងៃទី២៩ខែមីនា កន្លងទៅ។។
គូរបញ្ជាក់ថា តាំងពីឆ្នាំ២០១៣មក រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ តំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ជារៀងរាល់ឆ្នាំ។
ទោះយ៉ាងណា អ្នកជំនាញក្នុងវិស័យឧស្សាហកម្មកាត់ដេរនេះ ធ្លាប់បានលើកឡើងពីក្ដីព្រួយបារម្ភអំពីកំណើនប្រាក់ឈ្នួលរបស់កម្មករនិយោជិតដែលបានកើនឡើងយ៉ាងឆាប់រហ័សពេក ដែលធ្វើឲ្យ ប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា ខណៈដែលប្រទេសដៃគូប្រជែងផ្សេងៗទៀត ហាក់នៅមានកំណើនតម្លៃប្រាក់ឈ្នួលនៅទាបជាងនៅឡើយ៕