នាំចូលត្រីពីវៀតណាម

រដ្ឋមន្ត្រីក្រសួងកសិកម្ម ពន្យល់ពីហេតុផលនៃការបើកឲ្យនាំចូលត្រីទាំង ៤ ប្រភេទពីប្រទេសវៀតណាមឡើងវិញ


ក្រោយពីបានផ្អាកការនាំចូលត្រីពីក្រៅប្រទេសបានរយៈពេលប្រមាណ១ខែ ក្រសួងកសិកម្មបានសម្រេចអនុញ្ញាតឲ្យមានការនាំចូលត្រីពីក្រៅប្រទេស ពិសេស ពីប្រទេសវៀតណាមឡើងវិញហើយ នៅថ្ងៃទី ៨ ខែកុម្ភៈ ខណៈដែលរដ្ឋមន្ត្រី ក្រសួងកសិកម្ម អះអាងថា ហេតុផលដែល បើកឲ្យនាំចូលត្រីមកពីក្រៅប្រទេសឡើងវិញនេះ គឺដោយសារតែការផលិតក្នុងស្រុកជួបបញ្ហា ដែលមិនអាចឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងតម្រូវការទីផ្សារបាន។
កសិដ្ឋាន​ចិញ្ចឹម​ត្រីនៅកម្ពុជា កំពុងចាល់ត្រី​លក់មិនចេញ
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ប្រាប់ ខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមនាព្រឹកថ្ងៃអង្គារទី៩កុម្ភៈយ៉ាងដូច្នេះថា៖«ការប្រមូលទិញផលិតផល​ក្នុងស្រុក​មានការជួបប្រទះនឹងបញ្ហាប្រឈមខ្លះៗ ដែលអាចជះឥទ្ធិពល​ទៅ​ដល់​ការផ្គត់ផ្គង់​សេចក្តីត្រូវការ​លើទីផ្សារក្នុងស្រុក ស្របពេលដែលការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ របស់សមាជិកសមាគមន៍វារីវប្បករកម្ពុជា នៅមិនទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រមូលផ្តុំផលិតផលនៅឡើយ ដោយសមាគមន៍វារីវប្បករទើបតែចាប់បដិសន្ធិឡើង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះប៉ុណ្ណោះ។»

ត្រីទាំង៤ប្រភេទដែលក្រសួងកសិកម្មបានបើកឲ្យមានការនាំចូលឡើងវិញនោះ រួមមានត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ហើយក្រសួង​កសិកម្ម​បញ្ជាក់ថា ការ​បើកឲ្យមានការនាំចូលនេះ គឺអាស្រ័យលើតម្រូវការជាក់ស្តែងនៅក្នុងប្រទេស ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ 

គួររំឭកផងដែរថា​ ក្រោយពីកម្ពុជា​បានផ្អាក​ការនាំចូលត្រីពីក្រៅប្រទេស ភាគីវៀតណាមក៏បានផ្ញើលិខិតមួយច្បាប់មករដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៩ ខែមករា ដោយ​ស្នើឲ្យមានការនាំចូលត្រីទាំង៤ប្រភេទឡើងវិញ ដោយភាគីវៀតណាម លើកឡើងថា ការផ្អាកនេះបានធ្វើឲ្យប៉ះពាល់ដល់ស្មារតីពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក និងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

សារព័ត៌មានវៀតណាម VNA បានដកស្រង់សម្ដី​របស់លោក ឡេ បៀនគុង ប្រធានការិយាល័យកិច្ចការពាណិជ្ជកម្មវៀតណាមនៅកម្ពុជាបានឲ្យ​ថា កម្ពុជាអាចនឹងពិចារណាលើការដាក់វិ​ធានការបច្ចេកទេស មិនមែនពន្ធគយបន្ថែម​ក្នុងការនាំចូលត្រីពីវៀតណាម ក្នុងនោះរាប់បញ្ចូលទាំងវិញ្ញាបនបត្រស្តង់ដា បញ្ជាក់ពីប្រភពនៃផលិតផលនិងគុណភាពរបស់វា។

បើយោងតាមទិន្នន័យពីវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាមបាននាំចេញផលិតផលជលផលរបស់ខ្លួន គិតជាទឹកប្រាក់តម្លៃប្រមាណ ៦០ លានដុល្លារអាមេរិក​មកកម្ពុជា ជារៀងរាល់ឆ្នាំ៕

None



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់អាមេរិកថា កញ្ចប់ថវិកាជិត ២ទ្រីលានដុល្លារ នឹងជួយឲ្យអត្រាមានការងារនៅអាមេរិកវិលត្រឡប់មកវិញ

លេខាធិការតនាគាររបស់អាមេរិក លោកស្រី Janet Yellen បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងធ្វើឲ្យអត្រានៃ ភាពមានការងារធ្វើពេញលេញត្រឡប់មកដូចដើមវ…

មេធំ Huawei សង្ឃឹមថា នឹងមានគោលនយោបាយបើកទូលាយពី ប្រធានាធិបតីថ្មីរបស់អាមេរិក

ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺ Huawei បានបញ្ជាក់នៅថ្ងៃអង្គារទី ៩ ខែកុម្ភៈថា លោកជឿជាក់ថា រដ្ឋការលោកចូ បៃឌិន នឹងគិតគូរពីផលប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ