ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែកញ្ញា បានប្រាប់ក្រុមហ៊ុនអាកាស ក្នុងស្រុកមួយ ត្រៀមលក្ខណៈបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរ-អ្នកដំណើរឡើងវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏ត្រៀមប្រកាសបើកទេសចរណ៍អន្តរជាតិឡើងវិញ នាពេលឆាប់ៗ ខាងមុខនេះដែរ។ បើទោះបី ផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកទទួលទេសចរអន្តរជាតិ ឡើងវិញ ជិតខិតមកដល់ តែស្ថានភាពកូវីដ-១៩ នៅមិនទាន់ថមថយនៅឡើយទេ ដូច្នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការបើកទទួលទេសចរបរទេសឡើងវិញ គឺត្រូវស្របតាមយន្តការ «ទេសចរណ៍សុវត្ថិភាព»។
ជុំវិញនឹងការអនុវត្តផែនការនេះ រដ្ឋលេខាធិការដ្ឋអាកាសចរណ៍ស៊ីវិល ក៏បានត្រៀមខ្លួន ដើម្បីជំរុញគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបើកជើងហោះហើរឡើងវិញផងដែរ ខណៈបច្ចុប្បន្ន កម្ពុជានៅមានក្រុមហ៊ុនអាកាសចរណ៍តែប្រមាណ ៥ក្រុមហ៊ុនប៉ុណ្ណោះ ដែលមានជើងហោះហើរជាប្រចាំ ខណៈដែលក្រុមហ៊ុនជាច្រើនផ្សេងទៀត នៅមិនទាន់មានបើកជើងហោះហើរឡើងវិញនៅឡើយទេ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស ថា អំឡុងនៃវិបត្តិកូវីដ-១៩ បានធ្វើឱ្យក្រុមហ៊ុនហោះហើរ ក្នុងស្រុកមួយចំនួន ផ្អាកសកម្មភាពរបស់ខ្លួនបណ្ដោះអាសន្ន ហើយក្រុមហ៊ុនខ្លះ ក៏មានការរារែកចិត្តក្នុងការបន្ដប្រតិបត្តិការ ប៉ុន្ដែ ក៏នៅមានក្រុមហ៊ុនមួយចំនួននៅបន្ដសកម្មភាពហោះហើរជាប្រចាំផងដែរ។ ពាក់ព័ន្ធនឹងផែនការបើកទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខវិញ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា មិនមានបញ្ហាអ្វីគួរឱ្យព្រួយបារម្ភនោះទេនៅពេលដឹកភ្ញៀវពីក្រៅប្រទេសចូលមកកម្ពុជា ប៉ុន្ដែ អ្វីដែលជាក្ដីបារម្ភ គឺការហោះហើរចូលក្នុងប្រទេសដទៃ ដ្បិតថានៅអំឡុងវិបត្តិកូវីដ-១៩ នៅបណ្ដាប្រទេសមួយចំនួន បានរឹតបន្តឹងចំពោះការហោះហើរចេញចូលនៅឡើយ។
ទោះយ៉ាងណា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានលើកឡើងថា អាកាសចរណ៍ស៊ីវិល ត្រៀមខ្លួនជាស្រេច ក្នុងជួយជំរុញ និងគាំទ្រដល់ការដឹកជញ្ជូនអ្នកទេសចរអន្តរជាតិ នៅពេលរដ្ឋាភិបាលបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនាពេលខាងមុខ។ អ្នកនាំពាក្យរូបនេះ ក៏បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំយុទ្ធសាស្ត្រ របស់ក្រសួងទេសចរណ៍ លើផែនការបើកទទួលភ្ញៀវអន្តរជាតិឡើងវិញ និងតម្រូវឱ្យក្រុមហ៊ុនហោះហើរ ក្នុងស្រុកទាំងអស់ គោរពតាមយន្តការ «ទេសចរណ៍សុវត្ថិភាព»ផងដែរ។
សូមបញ្ជាក់ថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរលើវិស័យទេសចរណ៍ នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជា ផងដែរ។ ដើម្បីលើកស្ទួយវិស័យនេះឱ្យប្រសើរឡើងវិញ ក្រសួងទេសចរណ៍បានរៀបចំឯកសារ ផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព ក្នុងដំណាក់កាលកូវីដ-១៩ ដោយរំពឹងថា នឹងឈានទៅរកការស្ដារឡើងវិញនៃវិស័យទេសចរណ៍ក្នុងពេលខាងមុខនេះ៕