បើតាមក្រសួងកសិកម្ម ការអនុវត្តបែបនេះគឺផ្ទុយទៅនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការផ្តល់សេវា និងការប្រមូលចំណូលមិនមែនសារពើពន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបង្កឱ្យមានផលប៉ះពាល់ដល់បរិយាកាសនៃការធ្វើអាជីវកម្មសត្វ និងផលិតផលមានដើមកំណើតពីសត្វរបស់វិស័យឯកជនផងដែរ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងចំពោះការបញ្ឈប់ការធ្វើអាជីវកម្មយកកម្រៃសេវានាំសត្វ និងផលិតផលមានដើមកំណើតពីសត្វចតុប្បាទ ដូចជា គោ ក្របី ជ្រូក ឆ្លងកាត់ និងចេញក្រៅខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារនេះ។ ដោយលោក បានបញ្ជាក់ថា ការបញ្ឈប់អាជីវកម្មយកកម្រៃសេវានាំសត្វនេះ គឺជាកត្តាល្អ និងសំខាន់មួយសម្រាប់លើកស្ទួយដល់វិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា និងដើម្បីជំរុញឲ្យមានស្ថិរភាពក្នុងស្រុកផងដែរ។ ជាមួយគ្នានេះ លោក ស្រ៊ុន ពៅបានបញ្ជាក់បន្ថែមថា ខេត្តទាំងបីនេះ គឺបានធ្វើការអនុវត្តគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មយកកម្រៃសេវានាំសត្វនេះមុនគេ ហើយការដែលក្រសួងកសិកម្មប្រកាសឲ្យបញ្ឈប់សម្រាប់ខេត្តទាំងបីនេះ គឺប្រៀបបីដូចជាការបញ្ឈប់នៅទូទាំងប្រទេសផងដែរ។
ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើរដ្ឋបាលខេត្តកំពង់ធំ ខេត្តសៀមរាបនិងខេត្តព្រះវិហារ ត្រូវអនុវត្ត និរាករនូវរាល់គោលការណ៍អនុញ្ញាតទាំងអស់ ដែលរដ្ឋបាលខេត្តសាមីនីមួយៗបានផ្ដល់ជូនទៅរូបវន្តបុគ្គល ឬនីតិបុគ្គលឱ្យធ្វើអាជីវកម្មប្រមូលកម្រៃសេវានាំសត្វ និងផលិតផលមានដើមកំណើតពីសត្វចតុប្បាទ ដូចជា គោ ក្របី ជ្រូក ឆ្លងកាត់ និងចេញក្រៅខេត្ត ដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ លើសពីនេះ ជំរុញនិងណែនាំឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដាក់ពាក្យស្នើសុំសេវានៅអង្គភាពច្រកចេញចូលតែមួយ និងបង់កម្រៃសេវាតាមការកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមានផងដែរ៕