លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពូជស្រូវសែនក្រអូប០១របស់ខ្មែរ ដែលក្រសួងជំរុញឱ្យមានការដាំដុះនេះ ក៏ដោយសារតែពូជស្រូវនេះ គឺជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវ ហើយអាចដាំដុះបានពី២ទៅ៣ដងក្នុង១ឆ្នាំ និងផ្តល់ទិន្នផលខ្ពស់។ បើតាមអ្នកនាំពាក្យរូបនេះ ស្រូវសែនក្រអូប០១ ដែលប្រមូលផលបាននឹងត្រូវរោងម៉ាស៊ីនគិនស្រូវ ក៏ដូចជាសហព័ន្ធស្រូវ អង្ករ ទទួលទិញពីកសិករក្នុងតម្លៃខ្ពស់ជាងពូជស្រូវផ្សេងៗដូចជា អ៊ីអ៊ែ និងអូរអ៊ឹមជាដើម។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រូវសែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធ និងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណពិសេស ដូចជាក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងដែរថា ពូជស្រូវសែនក្រអូប០១នេះ គឺជាពូជស្រូវដែលផ្ដល់ទិន្នផលខ្ពស់ និងជាពិសេសវាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ៕
អត្ថបទ៖ បូ ដូឡា, រូបភាព ឯកសារ