ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាជឿជាក់ថា ការលក់ផលិតផលខ្មែរតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសតាមគេហទំព័រ Amazon ជាវិធីសាស្ត្រដ៏ល្អក្នុងការផ្សព្វផ្សាយពីផលិតផលខ្មែរឲ្យពិភពលោកស្គាល់កាន់តែច្រើន។ បន្ថែមលើនេះការលក់របៀបនេះ វានឹងជួយជំរុញឲ្យមានកំណើនក្នុងការលក់ ជាពិសេសធ្វើឲ្យផលិតផលខ្មែរកាន់តែទទួលបានការគាំទ្រកាន់តែច្រើនពីអ្នកប្រើប្រាស់។
ជាមួយគ្នានេះឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រសួងពាណិជ្ជកម្មគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់លក់ផលិតផលតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រុមហ៊ុន សហគ្រាសផលិត និងកែច្នៃផលិតផលនៅកម្ពុជា។ ឯកឧត្តមជឿជាក់ថា ប្រសិនបើផលិតផលខ្មែរធំៗ ដែលមានគុណភាពខ្ពស់អាចដាក់លក់លើវេបសាយធំៗដូចជា Alibaba និង Amazon ជាដើម វានឹងជួយឲ្យផលិតផលខ្មែរទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់អ្នកប្រើប្រាស់។ លើសពីនេះ ឯកឧត្តម លើកទឹកចិត្តឲ្យក្រុមហ៊ុន សហគ្រាស និងអាជីវកម្មដាក់លក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអេឡិចត្រូនិកកាន់តែច្រើនថែមទៀត ដ្បិតវាអាចជួយជំរុញឲ្យផលិតផលរបស់ពួកគេទៅដល់ដៃអតិថិជនឲ្យកាន់តែងាយស្រួល និងលឿនរហ័ស។
សូមបញ្ជាក់ថា ថ្មីៗនេះ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (Enterpreneuship Development Fund) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានពិភាក្សាជាមួយតំណាងក្រុមហ៊ុន Alibaba ទាក់ទងនឹងការស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ី E-commerce និងលទ្ធភាពក្នុងការទទួលបានការដាក់លក់ទំនិញរបស់កម្ពុជានៅលើ Platform របស់ក្រុមហ៊ុន Alibaba ពិសេសសម្រាប់ទីផ្សារប្រទេសចិន។ ក្នុងនោះ ដែរ កម្ពុជាក៏បានជ្រើសយកផលិតផលចំនួនពីរមុខ គឺគ្រាប់ស្វាយចន្ទី និងម្រេចកំពត GI សម្រាប់ការសាកល្បងដាក់លក់នៅលើគេហទំព័រ Alibaba របស់ចិនផងដែរ៕