ឯកឧត្តម នង ពិសិដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ការស្នើសុំទាំងអស់នេះ ភាគច្រើន ជាគម្រោងអភិវឌ្ឍនបុរីលំនៅដ្ឋាន និងគម្រោងអភិវឌ្ឍន៍អគារស្នាក់នៅរួមប្រភេទខុនដូ។
ឯកឧត្តម នង ពិសិដ្ឋ បានគូសបញ្ជាក់ទៀតថា គ្រប់ក្រុមហ៊ុនទាំង១៥ ដែលក្រសួងបានផ្តល់អាជ្ញាបណ្ណឲ្យនាឆ្នាំនេះគឺសុទ្ធតែជាគម្រោងអភិវឌ្ឍន៍មួយ ដែលមានអាជ្ញាបណ្ណសាងសង់ត្រឹមត្រូវរួចជាស្រេចហើយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បើតាមឯកឧត្តម នង ពិសិដ្ឋ ផ្អែកលើស្ថានភាពអភិវឌ្ឍន៍អចលនទ្រព្យជាក់ស្តែងគឺពិតណាស់ថា នឹងមិនមានតែគម្រោងចំនួនជាង១០ក្រុមហ៊ុនប៉ុណ្ណោះទេ ដែលកំពុងប្រកបអាជីវកម្មសំណង់នៅកម្ពុជានៅដើមឆ្នាំនេះ ពោលគឺមានច្រើនជាងនេះទៀត ខណៈគម្រោងអភិវឌ្ឍន៍សំណង់មួយចំនួនកំពុងបន្តដាក់ពាក្យស្នើសុំ និងខ្លះទៀតខ្វះឯកសារពាក់ព័ន្ធនឹងគម្រោងស្នើសុំសាងសង់ និងក៏មានគម្រោងមួយចំនួនទៀតដែលបានអូសបន្លាយពេលវេលាមិនព្រមមកធ្វើការចុះបញ្ជីដដែលបើទោះបីមានការជំរុញពីក្រសួងសេដ្ឋកិច្ចក៏ដោយ។
ទោះយ៉ាងណា មន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះបានអះអាងថា ស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិកូវីដ ១៩ នេះ បានទាញទម្លាក់សកម្មភាពសាងសង់មួយចំនួនផងដែរ ប៉ុន្តែ ការអភិវឌ្ឍន៍សំណង់ទាំងអស់នេះក៏កំពុងត្រូវបានឆ្លើយតបតម្រូវការទីផ្សារបច្ចុប្បន្នផងដែរ៕