នៅក្នុងខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាននោះបានអោយដឹងថា មុននឹងឈានដល់ទិញការលំនៅឋាន ឬដីឡូត៍ សាធារណៈជនទាំងអស់គួរតែយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួន ដើម្បីសុវត្ថិភាព និងជៀសវាងហានិភ័យដែលអាចកើតមាននៅពេលក្រោយ។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា សម្រាប់ការទិញដីឡូត៍ ពលរដ្ឋត្រូវពិនិត្យមើលថាឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ ជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូត៍ ឬជារបស់អ្នកផ្សេង ហើយវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យនោះមានជាប់បន្ទុកឬអត់។ មួយវិញទៀតត្រូវពិនិត្យមើលអោយបានច្បាស់នូវ ឯកសារបង់ពន្ធអចលនវត្ថុ ប័ណ្ណបំបែកក្បាលដី ខ្លឹមសារលំអិតនៃកិច្ចសន្យាទិញលក់ និងលិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច(ដូចមានចែងក្នុងប្រកាសលេខ០៨៧ដ.ន.ស ប្រក/នីក. ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការអភិវឌ្ឍដីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់)។
សម្រាប់ការទិញលំនៅឋានវិញ ប្រជាពលរដ្ឋត្រូវពិនិត្យមើលអោយបានច្បាស់ដូចជា លិខិតអនុញ្ញាតសាងសង់(ចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឬសាលារាជធានី-ខេត្ត) វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យនោះមានជាប់បន្ទុកឬអត់ ត្រូវពិនិត្យមើលអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅឋាន (ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ឯកសារបង់ពន្ធអចលនវត្ថុ ប័ណ្ណបំបែកក្បាលដី និងខ្លឹមសារលំអិតនៃកិច្ចសន្យាទិញលក់។
ហើយប្រសិនបើមានចំងល់ផ្សេងៗ សាធារណៈជនអាចទាក់ទងតាមរយៈនាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ឬតាមលេខទូរស័ព្ទ០១២ ៣៩៣ ៧២៧ឬ ០៩៨ ៩៩៤ ៣៤៤ ក៏ដូចជាគេហទំព័រហ្វេសបុកផ្លូវការរបស់នាយកដ្ឋានគ្រប់គ្រងអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទានក៏បាន៕