ក្រសួងទេសចរណ៍លើកទឹកចិត្តឲ្យមានការចាយលុយយ័ននៅកន្លែងគោលដៅទេសចរណ៍

ក្រសួងទេសចរណ៍លើកទឹកចិត្តឲ្យមានការចាយលុយយ័ននៅកន្លែងគោលដៅទេសចរណ៍ ប៉ុន្ដែមិនកំណត់ជាគោលនយោបាយនោះទេ


មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនបានកំណត់ជាគោលនយោបាយតម្រូវឲ្យអ្នកផ្តល់សេវាកម្មក្នុងវិស័យទេសចរណ៍ត្រូវតែទទួលលុយយ័នរបស់ចិននោះទេ។ តែយ៉ាងណាក្រសួងទេសចរណ៍លើកទឹកចិត្តឲ្យមានការចាយលុយយ័នរបស់ចិននេះ ក្រោមគោលការណ៍ស្ម័គ្រចិត្តនៅតាមគោលដៅទេសចរណ៍នៅកម្ពុជា ព្រោះវាជាផ្នែកមួយក្នុងការជួយទាក់ទាញភ្ញៀវទេសចរចិនឲ្យមកកម្សាន្តនៅកម្ពុជា។
ក្រសួងទេសចរណ៍លើកទឹកចិត្តឲ្យមានការចាយលុយយ័ននៅកន្លែងគោលដៅទេសចរណ៍ ប៉ុន្ដែមិនកំណត់ជាគោលនយោបាយនោះទេ
ដោយ

ពាក់ព័ន្ធបញ្ហានេះដែរ អ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ឃើញថា ប្រសិនបើកម្ពុជាអនុញ្ញាតឲ្យជនជាតិចិនអាចចាយលុយយ័នពេលទទួលសេវាកម្មទេសចរណ៍នៅកម្ពុជា វានឹងជួយផ្តល់ទំនុកចិត្តបន្ថែមទៀតដល់ភ្ញៀវទេសចរចិន ក្នុងការមកកម្សាន្តនៅកម្ពុជា ហើយវាក៏ជាផ្នែកជួយទាក់ទាញ និងជំរុញការចាយរបស់ភ្ញៀវទេសចរចិនផងដែរ។ អ្នកជំនាញកត់សម្គាល់ឃើញថា ក្រោយចិនបើកទូលាយសម្រាប់ការធ្វើដំណើរជាអន្តរជាតិឡើងវិញ ចំនួនភ្ញៀវទេសចរចិនចូលមកកម្សាន្តនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នចំនួនអ្នកកក់ដំណើរកម្សាន្តក៏មានការកើនឡើងផងដែរ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានអះអាងថា ក្រសួងទេសចរណ៍មិនបានកំណត់ជាគោលការណ៍តម្រូវឲ្យគ្រប់អាជីវកម្មផ្តល់សេវាទេសចរណ៍ទូទាំងប្រទេសទទួលយកលុយយ័នក្នុងការបម្រើសេវាទេសចរណ៍ជូនជនជាតិចិន ដែលមកកម្សាន្តនៅកម្ពុជា។ ប៉ុន្តែក្រសួងទេសចរណ៍លើកទឹកចិត្តឲ្យប្រតិបត្តិករក្នុងវិស័យទេសចរណ៍ចាយលុយយ័នក្រោមគោលការណ៍ស្ម័គ្រក្នុងអំឡុងពេលផ្តល់សេវាកម្មជូនភ្ញៀវទេសចរជនជាតិ។ ការលើកទឹកចិត្តបែបនេះ ក៏ដោយសារក្រសួងយល់ឃើញថា ការធ្វើបែបនេះវាជាផ្នែកមួយក្នុងការចូលរួមជួយទាក់ទាញភ្ញៀវទេសចរចិនឲ្យមកកម្សាន្តនៅកម្ពុជា។

ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តឲ្យជនជាតិចិនអាចចាយលុយយ័ននៅតាមកន្លែងផ្តល់សេវាទេសចរណ៍ និងគោលទេសចរណ៍នៅកម្ពុជា។ គាំទ្រក៏ដោយសារលោកជំទាវយល់ថា ការធ្វើបែបនេះវានឹងជួយវិស័យទេសចរណ៍កម្ពុជាកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរចិន ដ្បិតវាបានជួយបង្កើនទំនុកចិត្ត និងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរចិនក្នុងការទទួលយកសេវាកម្មទេសចរណ៍ និងចាយវាយថវិកានៅកម្ពុជា។ លើសពីនេះ វាក៏ជាផ្នែកមួយជួយបង្កើនការចំណាយរបស់ជនជាតិចិនមកលើសេវាកម្មទេសចរណ៍ឲ្យកាន់តែច្រើនជាងមុនផងដែរ។

ជុំវិញស្ថានភាពទេសចរណ៍ចិនចូលកម្សាន្តនៅកម្ពុជាក្រោយការបើកប្រទេសឡើងវិញរបស់ចិន អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ចរន្តភ្ញៀវទេសចរចិនចូលមកកម្សាន្តនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ហើយចំនួនអ្នកកក់ដំណើរកម្សាន្តនៅកម្ពុជាពីសំណាក់ភ្ញៀវទេសចរចិនក៏មានជាហូរហែផងដែរ។ ចរន្តភ្ញៀវទេសចរចិនចូលកម្ពុជាជាហូរហែនេះ វាបានជំរុញឲ្យអាជីវកម្មទេសចរណ៍ ដែលផ្តោតលើភ្ញៀវទេសចរចិនបានបើកដំណើរការឡើងវិញជាហូរហែផងដែរ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាយូរដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ មិនមែនមានតែកម្ពុជានោះទេដែលផ្តោតសំខាន់លើទីផ្សារភ្ញៀវទេសចរចិន សូម្បីប្រទេសលើកពិភពលោកក៏ផ្តោតលើទីផ្សារនេះដែរ ព្រោះវាជាទីផ្សារដ៏ធំជាងគេមួយនៅលើពិភពលោក។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាន២សែនមានការកើនឡើងប្រមាណជាង១ពាន់ភាគយ បើធៀបនឹងឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរចិនមានជាង១០ម៉ឺននាក់ដោយឈរលេខទី៣ក្នុងតារាងប្រទេស ដែលមានភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ បន្ទាប់ពីថៃ និងវៀតណាម។




អត្ថបទបន្ទាប់


ប្រធានាធិបតីអាល្លឺម៉ង់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃនៅកម្ពុជា នៅសប្តាហ៍ក្រោយ

បើមិនមានអ្វីប្រែប្រួលទេ តាមការគ្រោងទុក លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (H.E.Mr.Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព…

សម្ដេចតេជោ ហ៊ុន សែន ស្នើក្រុមហ៊ុនចិនសិក្សាពីគ្រោងវិនិយោគ ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យក្រុមហ៊ុនចិន សិក្សាអំពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ