ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានប្រាប់ខេមបូណូមីសថា សកម្មភាពធ្វើអាជីវកម្មរុករករ៉ែខុសច្បាប់នៅកម្ពុជា មានការថយចុះយ៉ាងខ្លាំង ខណៈបច្ចុប្បន្នមានការរុករកដោយដៃតិចតួចប៉ុណ្ណោះ។ បើតាមការគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រូបនេះ សកម្មភាពរុករករ៉ែធ្វើដោយដៃ ដែលនៅសល់តិចតួច គឺមិនមានប្រើសារធាតុគីមីនោះឡើយ ហើយសកម្មភាពនេះ គឺធ្វើតាមរដូវប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងសកម្មភាពធ្វើអាជីវកម្មរុករករ៉ែខុសច្បាប់នៅកម្ពុជានេះដែរ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះបង្រ្កាបទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យ ស្ថិតនៅក្នុងភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បើតាមក្រសួងរ៉ែ និងថាមពល តំបន់នេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៩០ ដែលមានប្រជាពលរដ្ឋមូលដ្ឋានប្រកបរបរជីកយក និងរែងមាសដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃ និងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ គ្រាប់រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមានជីករូងជាអណ្តូងរ៉ែក្រោមដី។ ជុំវិញប្រតិបត្តិការនេះ ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានគូសបញ្ជាក់ថា អាជ្ញាធរបានបិទទីតាំងខាងលើទាំងស្រុង និងហាមឃាត់មិនឱ្យមានសកម្មភាពជីករុករករ៉ែទៀតនោះទេ។
ការបើកប្រតិបត្តិការទ្រង់ទ្រាយធំលើទីតាំងរុករករ៉ែមាស នៅក្នុងតំបន់ខាងលើ ធ្វើឡើងក្រោយក្រសួងមើលឃើញថា សកម្មភាពនេះអាចបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់សុវត្ថិភាព សុខភាព និងបរិស្ថាន ដែលតម្រូវឱ្យក្រសួងត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះសកម្មភាពជីកយកធនធានរ៉ែយ៉ាងអនាធិបតេយ្យ នេះ។ ក្រសួងបានចាត់ទុកសកម្មភាពអាជីវកម្មអនាធិបតេយ្យនេះ កំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋាន។
ទន្ទឹមគ្នានេះ ក្រសួងរ៉ែនិងថាមពល ប្ដេជ្ញាបញ្ចប់នូវសកម្មភាពរុករករ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិ ជាច្រើន មានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិ និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព ដោយមានការគាំទ្រ និងការការពារពីច្បាប់ ៕