អគារ ដែលបានប្រើប្រាស់ឡូហ្គូរបស់ក្រុមហ៊ុន Tesla ដ៏ល្បីល្បាញនៅលើពិភពលោក ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា មិនមែនជាក្រុមហ៊ុន Tesla អាមេរិកនោះទេ ហើយក៏មិនទាន់បានចុះបញ្ជីពាណិជ្ជកម្មនៅឡើយដែរ។ ជាក់ស្ដែង នៅរសៀលថ្ងៃទី ២៤ ខែឧសភា ក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម ក៏បានចុះទៅដល់អគារនេះ ដើម្បីណែនាំឲ្យក្រុមហ៊ុន ទៅចុះបញ្ជីពាណិជ្ជកម្ម និងស្នើសុំអនុញ្ញាតលើកស្លាកយីហោពីរដ្ឋបាលរាជធានីភ្នំពេញ មុនបើកដំណើរការ។
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមការងារខេមបូណូមីសថា ក្រុមហ៊ុនបានលើកផ្លាក Tesla (ថេសឡា) ប៉ុន្តែមិនទាន់បើកដំណើរការទេ។ ដូច្នេះក្រសួងក៏មិនទាន់មានវិធានការនៅឡើយដែរ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មន្ត្រីពាណិជ្ជកម្មបានចុះទៅណែនាំឲ្យចុះបញ្ជីត្រឹមត្រូវ ក្នុងបំណងបញ្ចៀសនូវការចាត់វិធានការណាមួយតាមផ្លូវច្បាប់ពីក្រសួង ក្នុងករណីដែលក្រុមហ៊ុនបើកដំណើរការ មិនស្របតាមគោលការណ៍ច្បាប់ជាធរមាន។
សូមជម្រាបថា Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយនៅលើពិភពលោក ជារបស់កំពូលមហាសេដ្ឋី Elon Musk ដោយបច្ចុប្បន្ន Tesla មានសាខានៅតាមប្រទេសប្រមាណជិត ៤០ប្រទេស ហើយក្នុងនោះសម្រាប់ប្រទេសសមាជិកអាស៊ានវិញ គឺមានតែសឹង្ហបុរីតែមួយគត់ ដែលក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ បានចុះបញ្ជីដើម្បីលក់រថយន្ដរបស់ខ្លួន៕