ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម នឹងធ្វើការសិក្សាស្រាវជ្រាវថែមទៀត ដើម្បីចាត់វិធានការតាមមធ្យោបាយការទូត និងផ្លូវច្បាប់នានា ដើម្បីស្វែងរកប្រភព និងបុគ្គលល្មើស សំដៅបញ្ឈប់ការធ្វើចរាចរណ៍ទំនិញ ក្លែងបន្លំអត្តសញ្ញាណនេះ។
បើតាមការស្រាវជ្រាវបឋមរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំនិញអង្កររបស់ថៃ ដែលបានក្លែងបន្លំអត្តសញ្ញាណថា ជារបស់ខ្មែរនោះ គឺមានដាក់លក់ តែនៅក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ប៉ុណ្ណោះ ពោលគឺ មិនមានឃើញដាក់លក់នៅតាមទីផ្សារនៃប្រទេសផ្សេងៗទៀតនោះឡើយ។
ជាមួយគ្នានេះ លោកឧកញ៉ គឹម សាវុធ អគ្គនាយកក្រុមហ៊ុន Khmer Food Group ដែលជាក្រុមហ៊ុននាំចេញអង្ករធំជាងគេមួយនៅកម្ពុជា បានឲ្យដឹងដែរថា រឿងដែលថៃយកអក្សរខ្មែរ និងរូបប្រាសាទអង្គរវត្ត ទៅដាក់នៅលើបាវអង្កររបស់ខ្លួន ដើម្បីយកទៅលក់នៅទីផ្សារបរទេសនេះ គឺជារឿងមួយកើតឡើងយូរឆ្នាំមកហើយ ហើយកាលពី២ -៣ឆ្នាំមុន ក៏មានអ្នករកស៊ីនាំចេញអង្ករមួយចំនួន បានចេញមកតវ៉ារឿងនេះជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដែរ ប៉ុន្ដែ ក៏ត្រូវបានស្ងប់ស្ងាត់ទៅវិញ។
យ៉ាងណាក៏ដោយចុះ បើតាមលោកឧកញ៉ា គឹម សាវុធ ដំណោះស្រាយសម្រាប់រឿងនេះ គឺមានតែការសម្រុះសម្រួលតាមផ្លូវរដ្ឋប៉ុណ្ណោះ ដោយខាងរាជរដ្ឋាភិបាល អាចស្នើទៅកាន់រាជរដ្ឋាភិបាលថៃ ដើម្បីដករូបប្រសាទអង្គរវត្ត និងអក្សរខ្មែរចេញពីបាវអង្ករនោះ គឺនឹងលែងមានបញ្ហាទៀតហើយ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ទៀតថា ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាជាដើមនោះ គឺត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ ពីស្ថាប័នមានសមត្ថកិច្ច របស់រាជរដ្ឋាភិបាល ចាប់តាំងពីដំណាក់កាលផលិត រហូតដល់មាត់ច្រកនាំចេញ ព្រមទាំងមានការចូលរួមសហការពីវិស័យឯកជន និងក្រុមហ៊ុននាំចេញផងដែរ។
សូមជម្រាបដែរថា គិតត្រឹម៤ខែឆ្នាំនេះ បរិមាណនាំចេញអង្កររបស់កម្ពុជា សម្រេចបានប្រមាណជាង ១៩ម៉ឺនតោន ទៅកាន់ទីផ្សារទិសដៅ ចំនួន៥៤ ប្រទេស។ ក្នុងនោះ ចិននៅតែឈរលំដាប់នាំមុខគេ ដែលបាននាំចូលអង្ករពីកម្ពុជា ជាង៥ម៉ឺនតោន បន្ទាប់មកបារាំងជាង ២ម៉ឺនតោន ប្រទេសម៉ាឡេស៊ីមានជាង ១ម៉ឺនតោន និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត៕