កំណើននៃភាពក្រីក្រ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ចំនួនពលរដ្ឋក្រីក្រកើនឡើងដល់១៥%នៃប្រជាជនសរុប ដោយសារវិបត្តិកូវីដ-១៩


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលស្គាល់ថា តួលេខនៃប្រជាជនក្រក្រីបានកើនឡើងប្រមាណជា ១៥% ដោយសារវិបត្តិកូវីដ-១៩ បន្ទាប់ពីក្រុមការងារអន្តរក្រសួងបានចុះធ្វើអត្តសញ្ញាណកម្ម(ID Poor ) នាពេលថ្មីៗនេះ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋទាំងនោះ។
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ចំនួនពលរដ្ឋក្រីក្រកើនឡើងដល់១៥%នៃប្រជាជនសរុប ដោយសារវិបត្តិកូវីដ-១៩(រូបភាព ក្រសួងផែនការ)

ឯកឧត្តម វ​ង្ស វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក​ក្រីក្រ គឺ​ពឹងផ្អែក​ប្រព័ន្ធ​ដែល​រដ្ឋាភិបាល កំពុង​ធ្វើ ID Poor មិនមែន​ផ្អែក​លើ​អ្នកក្រ​ទាំងស្រុង​ទេ គឺជា​ប្រព័ន្ធ​មួយ​ហៅ​ថា ID Poor plus ដែល​ក្នុង​នោះ​អ្នកក្រ មាន​អ្នកក្រ​ពីរ​កម្រិត គឺ​កម្រិត​១ និង​កម្រិត​២​។ មាន​ន័យ​ថា ពី​មុន​មាន​អ្នកក្រ​ប្រមាណ​១០%​ប៉ុណ្ណោះ ប៉ុន្ដែ ដោយសារ​តែ​ការ​ធ្វើ​កំណត់​អត្តសញ្ញាណ​កម្ម​ថ្មី​នេះ គឺ​បាន​ចាប់​បញ្ចូល​ទាំង​អ្នក​ដែល​មាន​ជីវភាព​ជិត​ក្រីក្រ (Nearly Poor) ដើម្បី​ឲ្យ​ពួក​គាត់​អាច​ទទួល​បានការ​ឧបត្ថម្ភ​ពី​រដ្ឋ​ដែរ​នោះ ទើប​ធ្វើ​ឲ្យ​ចំនួន​អ្នក​ក្រីក្រ​មានការ​កើនឡើង​ជាង​មុន​យ៉ាង​ដូច្នេះ​។

ឯកឧត្តម​បញ្ជាក់​ថា « បើ​គិត​ពី​អ្នកក្រ​១០% សម្រាប់​តួលេខ​សព្វ​ថ្ងៃនេះ វា​មាន​១​លាន​កន្លះ ព្រោះ​ប្រជាជន​យើង​១៥,៣​លាន​នាក់ ប៉ុន្តែ​នៅ​ពេល​ដែល​ធ្វើ ID Poor ស្រាប់តែ ២,៣​លាន​នាក់ ហើយ​អាច​នឹង​កើន​បន្ត​ឡើង​ទៀត  »​។

ឯកឧត្តម​បាន​បន្ថែម​ថា « យើង​មិន​អា​ចប​ដិ​សេ​ដ​ថា កូ​វី​ដហើយ​គ្មាន​អ្នកក្រ​ទេ គឺ​វា​កើន​ហើយ ប៉ុន្តែ​ធ្វើ​ម៉េច​កុំ​ឲ្យ​គាត់​ស្លាប់​អត់បាយ ពិបាក​វេទនា ឲ្យ​គាត់រ​ស់បាន​ដើម្បី​ឱកាស​សេដ្ឋកិច្ច​មក​វិញ ឱកាស​ការងារ​មក​វិញ គាត់​ស្ទុះ​មក​វិញ​បាន ងើប​មក​វិញ​បាន មិន​ខុស​ពី​ខាង​ផ្នែក Business (​ជំនួញ​) ទេ ចឹ​ញ្ចឹ​ម​គាត់​ទៅ ទាំង​ក្រ ទាំង​ក្បែរ​ក្រ​ហ្នឹង ឲ្យ​តែ​ពិបាក ហើយ​ថា មិនមែន​ចិញ្ចឹម​គាត់​ទាំងស្រុង​ទេ គាត់​ត្រូវ​តែ​ប្រឹង​រស់​ខ្លួនឯង​ដែរ​»​។

បើ​តាម​ឯកឧត្តម សំ​ហេង បុរស អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច បាន​គូសបញ្ជាក់​ដែរ​ថា នៅ​ក្នុង​រយៈពេល​១៤​ថ្ងៃ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៨ ខែកក្កដា​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៩០% ដែល​ស្មើនឹង​ប្រមាណ​២​លាន​នាក់​ឬ ៥០​ម៉ឺន​គ្រួសារ​ហើយ ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​។

យ៉ាងណាមិញ​ឯកឧត្តម សំ​ហេង បុរស បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ក្នុង​ខែ​ទី​១ សូម​រួសរាន់​ទៅ​បើក​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៤​ខែកក្កដា ឆ្នាំ​២០២០​នេះ ខណៈ​ដែល​ការ​បើក​ខែ​ទី​២ នឹង​ត្រូវធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០​ហើយ​។ មួយវិញទៀត ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ អាច​នឹង​ត្រូវ​កើនឡើង​ប្រមាណ​ជាង ១០​ម៉ឺន​នាក់​បន្ថែម​ទៀត ក្រោយ​ពី​អាជ្ញាធរ​ធ្វើការ​អង្កេត​រួចរាល់​នា​ពេល​ឆាប់​ៗ​នេះ​។

សូម​បញ្ជាក់​ថា ដើម្បី​ជួយ​ដល់​ប្រជាជន​ក្រីក្រ​នៅ​អំឡុង​ពេល​កូ​វី​ដ​-១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​២៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ដោយ​កញ្ចប់​ថវិកា​សរុប​មាន​រហូត​ដល់​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

None



អត្ថបទបន្ទាប់


ត្រីមាសទី១ AirAsia ខាត​ជាង ១៨០លាន​ដុល្លារ​; អនាគត​ក្រុមហ៊ុន​ស្ថិតក្នុង​ភាព​ស្រពេចស្រពិល!

ក្រុមហ៊ុនអាកាសចរណ៍​ AirAsia របស់​ប្រទេសម៉ាឡេស៊ី ដែលល្បីល្បាញ​ដោយសារ​លក់​សំបុត្រ​យន្តហោះតម្លៃទាបជាងគេបំផុត បានប្រកាស​ពី​ការ​រកស៊ី​ខាត…

ធនាគារ​អភិវឌ្ឍន៍អាស៊ី ឲ្យ​កម្ពុជា​ខ្ចី ២៥០លានដុល្លារអាមេរិក ដើម្បី​ឆ្លើយតបនឹងវិបត្តិកូវីដ១៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០២០នេះ បាន​អនុម័ត​កញ្ចប់​កម្ចីដែលមានទឹកប្រាក់ ២៥០លានដុល្លារអាមេរិក ឲ្យដល់​រាជរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ