នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានបញ្ជាក់ទៀតថា មិនត្រឹមតែក្លឹបហាត់ប្រាណទេ ដែលក្រសួងពុំទាន់អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្រសួងក៏មិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំកីឡាករ កីឡាការិនីហ្វឹកហ្វឺន និងការប្រកួតលីគផងដែរ ដោយត្រូវរងចាំការប្រកាសជាផ្លូវការរបស់រាជរដ្ឋាភិបាលស្តីពីការអនុញ្ញាតឲ្យដំណើរការការងារប្រក្រតីឡើងវិញសិន។
បន្ទាប់ពីមានការជូនដំណឹងនេះ គេឃើញមានក្លឹបហាត់ប្រាណលំដាប់ខ្ពស់មួយគឺ ដឹ ផ្លេស ហ្វីតណេស សេនធើ បានបង្ហោះសារនៅគេហទំព័រផ្លូវការរបស់ខ្លួន ដោយបានជូនដំណឹងដល់អតិថិជនរបស់ខ្លួនថា «យើងសូមជម្រាបជូន ដល់សមាជិកក្លឹបហាត់ប្រាណ ដឹ ផ្លេស ទាំងអស់ថា យើងមិនទាន់អាចបើកដំណើរការ និងផ្តល់សេវាកម្មឡើងវិញបានទេ លុះត្រាតែមានការប្រកាសរបស់រាជរដ្ឋាភិបាល។ យើងកំពុងតាមដានព័ត៌មានថ្មីៗពីរដ្ឋាភិបាល យ៉ាងដិតដល់បំផុត ហើយយើងត្រៀមខ្លួនរួចជាស្រច ដើម្បីបើកផ្លូវការសម្រាប់សមាជិករបស់យើង។ ក្នុងពេលនេះ សមាជិកទាំងអស់អាចហាត់ប្រាណពីបណ្តាញសង្គមរបស់យើង ថែមទាំងរក្សាកម្រិតហាត់ប្រាណរបស់អ្នក»។
បែបនេះក្តី ក្នុងសេចក្តីជូនដំណឹងនេះ មិនបានបញ្ជាក់ពីវិធានការមួយចំនួនចំពោះក្លឹបហាត់ប្រាណណាដែលនៅតែបន្តបើក និងមិនស្តាប់ការណែនាំនៃសេចក្តីជូនដំណឹងនេះនោះទេ ខណៈដែលគេឃើញមានក្លឹបហាត់ប្រាណតូចៗមួយចំនួននៅតែបន្តបើកដដែល៕