បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដោយយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តព្រៃវែង បុរសខាងលើ មានទីលំនៅក្នុងភូមិជ័យឧត្តម ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។ បុរសវ័យ៦៩ឆ្នាំរូបនេះ ស្លាប់នៅម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៤ មីនា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ក្រោយសម្រាកព្យាបាលបានមួយថ្ងៃ។
បុរសរូបនេះ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យរកជំងឺកូវីដ-១៩ នៅថ្ងៃទី១១ មីនា ហើយទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ នៅថ្ងៃបន្ទាប់ ក្រោយមកក្រុមគ្រូពេទ្យ បានដឹកអ្នកជំងឺរូបនេះ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងនៅថ្ងៃទី១៣ មីនា។
សេចក្តីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាបាលបានរៀបរាប់ថា ពេលមកដល់មន្ទីរពេទ្យអ្នកជំងឺមិនមាន ក្អក ហត់ ឬក្តៅខ្លួននោះទេ ប៉ុន្តែមានសម្ពាធឈាមឡើងខ្ពស់ខុសពីធម្មតា។ បើតាមការសាកសួររបស់ក្រុមគ្រូពេទ្យ បុរសរូបនេះ មានជំងឺប្រចាំកាយ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តរៀបរាប់ទៀតថា នៅម៉ោង៦ព្រឹកថ្ងៃទី១៤ ខែមីនា បុរសខាងលើបានចេញពីបន្ទប់ទៅហាត់ប្រាណអស់រយៈពេលជាយូរ បន្ទាប់មកលោកក៏បានចូលសម្រាកក្នុងបន្ទប់វិញ ហើយក៏បានដេកស្លាប់នៅលើគ្រែក្នុងបន្ទប់នោះតែម្តង។
គិតត្រឹមព្រឹកថ្ងៃទី១៤ មីនា កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន១,៣០៥នាក់។ អ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៧៩២នាក់ដែលរកឃើញនៅរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កោះកុង ស្វាយរៀង ព្រៃវែង កំពង់ចាម កំពង់ធំ សៀមរាប និងបាត់ដំបង។ អ្នកជាសះស្បើយមានចំនួន៦៤៧នាក់ និងស្លាប់ម្នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន៦៥៦នាក់៕