ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ក្រោមនិមិត្តសញ្ញាពាណិជ្ជកម្ម “លី ហួរ វេរលុយ" ជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ផ្តល់សេវាទូទាត់ប្រាក់ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភ្នាក់ងារបម្រើអតិថិជនទូទាំងប្រទេស ប្តេជ្ញាបង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលាសម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេស អន្តរជាតិដោយចាប់ដៃគូសហការពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ MoneyGram ដែលជាក្រុមហ៊ុនឈានមួយមុខគេលើពិភពលោកក្នុងវិស័យទូទាត់ប្រាក់ឌីជីថល និងជាក្រុមហ៊ុនផ្តល់សេវាទូទាត់ភ្លាមៗលំដាប់ពិភពលោក។
ថ្ងៃនេះប្រជាជនកម្ពុជាដែលកំពុងរស់នៅក្រៅប្រទេស អាចធ្វើការផ្ញើប្រាក់ត្រឡប់មកកាន់ប្រទេសកម្ពុជាបានយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ហើយរហ័សទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ តាមរយៈការប្រើប្រាស់ MoneyGram។ ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី បានធ្វើការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាជាមួយក្រុមហ៊ុន MoneyGram ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកផ្ញើប្រាក់ក្នុងការផ្ទេរប្រាក់មកកាន់គណនីអ្នកទទួលនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធទូទាត់បាគង។ សេវាកម្មនេះត្រូវបានចាត់ទុកថាជាការបើកផ្លូវថ្មីសម្រាប់ការផ្ទេរប្រាក់ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា។
លោក Vijay Raj Poduval នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូចិន និងអូសេអានី បានមានប្រសាសន៍ថា “តាមរយៈការអភិវឌ្ឍន៍ថ្មីនេះ អតិថិជន MoneyGram អាចផ្ញើប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេនៅក្នុងប្រទេសកម្ពុជាបានយ៉ាងរហ័ស ទៅកាន់គណនីធនាគារណាមួយដែលជាសមាជិកប្រព័ន្ធទូទាត់បាគង។
អ្នកផ្ញើ អ្នកធ្វើការផ្ទេរប្រាក់ដោយផ្ទាល់ទៅគណនីធនាគាររបស់អ្នកទទួលដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជាបានយ៉ាងងាយស្រួល ដែលអាចធ្វើការផ្ញើជាប្រាក់រៀល ឬដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងចំនួនទឹកប្រាក់អតិបរមាចំនួន 40,000,000 រៀល (ឬUSD 10,000) ក្នុងមួយប្រតិបត្តិការ តាមរយៈការផ្តល់ព័ត៌មានលេខគណនីរបស់អ្នកទទួល និងឈ្មោះធនាគារ។
ឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ បានមានប្រសាសន៍ថា ភាពងាយស្រួលបំផុតគឺថាគ្រាន់តែផ្តល់ព័ត៌មានរបស់អ្នកទទួលដូចជាឈ្មោះធនាគារ និងលេខគណនីធនាគារប៉ុណ្ណោះ បន្ទាប់មកទៀតអ្នកទទួលគឺសើ្ទរតែអាចដកប្រាក់បានភ្លាមៗតាមរយៈគណនីធនាគារបស់គាត់។ សេវាថ្មីនេះគឺមានភាពងាយស្រួល រហ័ស និងតម្លៃសមរម្យ។