បញ្ហាទីផ្សារស្វាយ

ឧកញ៉ា ម៉ុង ឫទ្ធី៖ ស្វាយខ្ញុំ៥ម៉ឺនដើមនៅឆ្នាំនេះ នឹងសល់ទុំជ្រុះចោលប្រហែល ៦០០ តោន


នៅរយៈពេលចុងក្រោយនេះ បញ្ហាតម្លៃស្វាយធ្លាក់ថ្លៃ មិនមានអ្នកទិញ បានក្លាយជារឿងក្ដៅមួយ ដោយមានកសិករម្ចាស់ចម្ការស្វាយមួយចំនួនបានផុសត្អូញត្អែរនៅតាមហ្វេសប៊ុក។ យ៉ាងណាមិញ លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលគេចាត់ទុកជាសហគ្រិនកសិកម្មដ៏លេចធ្លោមួយរូបនៅកម្ពុជា ក៏បានលើកឡើងមិនខុសពីម្ចាស់ចម្ការស្វាយមួយចំនួនទៀតដែរ ដោយបានបញ្ជាក់ថា តាំងពីមានបញ្ហាកូវីដ-១៩ កើតឡើងមកការនាំចេញស្វាយរបស់លោកត្រូវបានជាប់គាំង ខណៈដែលទីផ្សារក្នុងស្រុកក៏គ្មានអ្នកទិញទៀត ដែលបានធ្វើឲ្យស្វាយរបស់​លោក​ប្រមាណ​៦០០តោន ត្រូវទុំជោរ ជ្រុះចោល​នៅក្រោមដើម។
ឧកញ៉ា ម៉ុង ឫទ្ធី៖ ស្វាយខ្ញុំ៥ម៉ឺនដើមឆ្នាំនេះ នឹងសល់ទុំជ្រុះចោលប្រហែល ៦០០ តោន (រូបភាព៖ ពីហ្វេសប៊ុក)

លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុម​ប្រឹក្សាភិបាល​​ក្រុមហ៊ុន​ម៉ុង ឫទ្ធី គ្រុប បានអះអាងថា ការលើកឡើង​របស់​ប្រជាកសិករ​រឿងស្វាយ​អត់ទីផ្សារ​នៅឆ្នាំនេះ គឺមិនខុសទេ ជាក់ស្ដែង​ស្វាយ​នៅចម្ការ​របស់លោក​ដែលមាន​ប្រមាណ ៥ម៉ឺនដើម​នៅឆ្នាំនេះ គឺគ្មានទីផ្សារដូចគ្នាដែរ​ទាំងនាំចេញ នឹងលក់​ក្នុងស្រុក ហើយលោក​ត្រូវបង្ខំចិត្ត​ទុកស្វាយឲ្យ​ទុំជ្រុះចោល​ពេញក្រោមដើម​ទៀតផង។

លោកឧកញ៉ា មានប្រសាសន៍ថា «មិនមានការនាំចេញ (ស្វាយ) ព្រោះអត់មានយន្ដហោះ (ដឹកជញ្ជូន) ហើយដល់អញ្ចឹង​តម្លៃក៏អត់ដែរ។ តាំងពីកូវីដហ្នឹងមក អត់បាននាំចេញទេ!​ បាននាំចេញតែ១ជើង​ កាលពីដំបូង​ ដល់ហើយក្រោយមក​អត់បាន! …មួយជើង​ប្រហាក់​ប្រហែល​ក្រោម​១០​តោនអីតិចតួចទេ មួយជើង»។

លោកឧកញ៉ា​ម៉ុង ឫទ្ធី បន្តទៀតថា «ស្វាយ​ ដល់កហើយ សល់ អត់​មានទីផ្សារ ! ខ្ញុំមានស្វាយ​តៃវ៉ាន់ ស្វាយ​របស់អូស្ត្រាលីនោះ នៅលក់នៅក្នុងស្រុក​បាន ដល់ពេលស្វាយ​កែវ​រមៀត​ចុះ ចុះពី ១.៥០០ មករហូតដល់​១៥០ (រៀល) [​ក្នុងមួយ​គីឡូក្រាម] អត់មានអ្នកទិញបណ្ដោយ។» លោកឧកញ៉ា បន្ថែមទៀតថា «ស្វាយកែវ​រមៀត​អត់មានតម្លៃតែម្ដង! អត់មានអ្នកទិញតែម្ដង! ស្វាយខ្ញុំទុំជ្រុះចោល​នៅក្រោមហ្នឹង ដូចកសិករ​គាត់និយាយហ្នឹង​អត់ខុសទេ!»។

បើតាម​ការ​ប៉ាន់ប្រមាណរបស់​លោក​ឧកញ៉ា​ម៉ុង ឫទ្ធី​ នៅឆ្នាំនេះស្វាយរបស់​លោកអាច​នឹងត្រូវ​ទុកទុំជ្រុះចោល​ប្រមាណ ៦០០តោន ព្រោះតែមិនអាច​នាំចេញបាន និងទីផ្សារក្នុងស្រុក​គ្មានអ្នកទិញ។

លោកឧកញ៉ា បញ្ជាក់ថា «អាហ្នឹង​អត់បេះទុកបានទេ! ប្រហែលជា​ដើមខែ៥ហ្នឹង វាទុំរលួយខូចអស់ហើយ អត់មាន​សល់អីទៀតទេ!។ វាដឹងតែថា ស្វាយខ្ញុំទាំងអស់​វា ៥ម៉ឺនដើម! ស្វាយខ្ញុំប្រហែលជា​ចោលអស់​ប្រហែល​៦០០តោនអីហ្នឹង បើតាមមើល!»។

លោកឧកញ៉ា ម៉ុង ឫទ្ធី បន្ថែមទៀតថា លោកក៏បាន​ទាក់ទង​ទៅខាង​រោងចក្រ​កែច្នៃស្វាយដែរឲ្យ​ជួយទិញ​ ប៉ុន្ដែ​អត់មាន​នរណាទិញទេ ខណៈដែលលោក​អះអាងថា គុណភាព​ស្វាយរបស់គឺ​អាចទទួល​យកបាន។

យ៉ាងណាក៏ដោយចុះ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ ឯកឧត្តម ស៊ាង ថៃ បានគូសបញ្ជាក់ថា កន្លង​មក​ក្រសួង​ក៏បាន​ទទួលព័ត៌មាន​ពីរឿងបញ្ហាស្វាយនេះដែរ ដោយម្ចាស់ចម្ការស្វាយ​បាន​លើកឡើង​ពីរឿងស្វាយ​គ្មានទីផ្សារនេះ​ហើយក្រសួង​ក៏បាន​ចាត់​ក្រុមការងារ​ចុះ​ទៅត្រួតពិនិត្យ​ជាក់ស្ដែង​ឃើញថា ក្រុមហ៊ុនបញ្ជាទិញ និង​កែច្នៃស្វាយ​ក្នុងស្រុក មួយចំនួន​បែរជាលើកឡើងថា ពួកគេ​កំពុង​ខ្វះខាត​ផ្លែស្វាយ​ដែលមានគុណភាព​សម្រាប់​ការកែច្នៃ​ទៅវិញ។ 

បើតាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម អះអាងទៀតថា ក្រុមហ៊ុន​ទាំងនោះ​បាន​ឲ្យដឹងថា​ បើ​ពួកគេ​រក​ទិញស្វាយ​មិនបានទេ នោះ​ក្រុមហ៊ុន​នឹង​ប្រឈម​នឹង​ការផ្អាក​ផលិតកម្ម​ថែមទៀតផង។

ទោះយ៉ាងណា ឯកឧត្តម ស៊ាង ថៃ បញ្ជាក់ថាស្វាយ ដែលរោងចក្រ​ទិញ​យកទៅធ្វើ​ដំណាប់នោះ គឺជាស្វាយ​ដែលមាន​គុណភាព​មានសាច់នៅរឹងល្អ ប៉ុន្ដែ តាមការចុះត្រួតពិនិត្យ​របស់ក្រសួង​នាពេល​កន្លង​ឃើញថា​ស្វាយដែលកសិករ​ទុកចោល​មិនមានអ្នកទិញនោះ គឺភាគច្រើន​ជាស្វាយ​ដែលមាន​គុណភាព​មិនសូវល្អ​ទុំជោរ សាច់ជ្រាយមិនអាច​យកទៅ​កែច្នៃបាន។

គួរបញ្ជាក់ថា ជាឆ្លើយតប​ទៅនឹង​ការផុស​លើហ្វេសប៊ុក​អំពីរឿងទុក​ស្វាយ​រាប់តោន​ចោល​គ្មានអ្នកទិញ កាលពីថ្ងៃទី ២៥ ខែមេសានេះ ក្រសួង​ពាណិជ្ជកម្ម​បាន​អះអាងថា បច្ចុប្បន្ននេះ ទោះជាស្ថិត​ក្នុងកាលៈទេសៈ​នៃជម្ងឺកូវីត-១៩ ក៏ដោយ ក៏កសិផល​កម្ពុជា​នៅតែមាន​ទីផ្សារ​ទាំង​សម្រាប់​ការនាំចេញ និងទីផ្សារ​ក្នុងស្រុក ឲ្យ​តែទំនិញ​ទាំងនោះ មានគុណភាព​ស្របតាម​តម្រូវការ​ទីផ្សារ ពិសេសផ្លែស្វាយ។ 

បើតាម​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់ថា «ផ្លែស្វាយ​ដែលមាន​គុណភាព​ល្អ រោងចក្រ​ផលិតដំណាប់​ស្វាយទទួល​ប្រមូលទិញ​ក្នុងតម្លៃ​ពី ៥០០រៀល ទៅ ៥៥០រៀល​ក្នុងមួយគីឡូក្រាម ចំណែក​ផ្លែស្វាយ​ដែលខ្ចប់​ក្នុងកញ្ចប់​សម្រាប់​នាំចេញ គឺ បានថ្លៃដល់ ៩០០រៀល​ក្នុងមួយ​គីឡូក្រាម។ ដូច្នេះ ឲ្យតែស្វាយ​មានគុណភាព​ល្អ ពុំខ្វះទីផ្សារឡើយ»។

ក្រសួងពាណិជ្ជកម្ម​បានបន្ថែមទៀតថា បច្ចុប្បន្ន នៅខេត្តកំពង់ស្ពឺ ពុំមានសល់​ស្វាយក្នុង​ចម្ការ​ច្រើនទេ ឈ្មួញកណ្ដាល​ដឹកស្វាយ​តាំងពី​ខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ព្រះវិហារ ដើម្បីយក​មកលក់​ឱ្យឃ្លាំងធំៗ​នៅកំពង់ស្ពឺ សម្រាប់​នាំចេញ និងបំរើ​តម្រូវការ​រោងចក្រកែច្នៃ​ក្នុងស្រុក។

ជុំវិញនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ ឯកឧត្តម វេង សាខុន បាន​អះអាងដែរថា ការនាំចេញស្វាយ​ស្រស់​ផ្លូវការ​ក្នុង រយៈពេល ៣ខែ ២៧ថ្ងៃ ដំបូងនៃឆ្នាំ២០២០នេះ មានចំនួនជាង ៤ម៉ឺន​តោន​តែប៉ុណ្ណោះ។ ក្នុងនោះ ការនាំចេញ​ស្វាយ​ទៅកាន់កូរ៉េខាងត្បូង នៅដើមឆ្នាំ២០២០នេះ មានបរិមាណតិចតួច​ប៉ុណ្ណោះ ដោយការដឹក​តាមយន្ដហោះ​មួយថ្ងៃ បាន​តែ​ចន្លោះពី​ជាង ១តោន ទៅ៤តោនប៉ុណ្ណោះ ជួនកាល​ពុំបានដឹកជញ្ជូន​ទៀតផង អាស្រ័យ​ជើងយន្ដហោះ ដែលបាន​ហោះមកកម្ពុជា។

ឯកឧត្តម វេង សាខុន​គូសបញ្ជាក់ថា បញ្ហាដឹកជញ្ជូន, ទីផ្សារ និងបញ្ហាកូវីដ-១៩ គឺពិតជា​បានធ្វើឲ្យ​ប៉ះពាល់​ការនាំចេញ​ស្វាយ​របស់កម្ពុជា ដោយគិតជា​សរុបមក ការនាំចេញ​ទាំងស្វាយស្រស់, ដំណាប់ និងសេរូស្វាយ ក្នុងរយៈពេល ៣ខែ ២៨ថ្ងៃ នៃដើមឆ្នាំ២០២០នេះ បើគិតជាផ្លែស្វាយស្រស់ គឺមាន​មិនលើសពី ១០ម៉ឺន​តោននោះទេ។

បើតាម​អគ្គនាយកដ្ឋាន​កសិកម្ម បច្ចុប្បន្ន​កម្ពុជា​មានរោងចក្រ​កែច្នៃ​ស្វាយ​ចំនួន​១៣ រោងចក្រ ភាគច្រើន​គឺនៅខេត្តកំពង់ស្ពឺ ហើយក្នុងមួយថ្ងៃ រោងចក្រទាំងអស់នេះ បាន​ស្រូបយក​ផ្លែស្វាយ​ស្រស់​ដើម្បី​កែច្នៃ​ក្នុងមួយថ្ងៃ មិនលើសពី​១០០តោន​នោះទេ នេះមិនទាន់​គិតពី​រោងចក្រ​មួយចំនួន​មិនដំណើរការផង។

ដោយឡែក​ ចំពោះ​កិច្ចព្រមព្រៀង​នាំចេញស្វាយ​ទៅកាន់ប្រទេសចិនវិញ ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​អះអាងថា គឺកំពុង​ស្ថិត​នៅក្នុងដំណាក់កាល​ចរចា​នៅឡើយ​ ដោយភាគីកម្ពុជា​បានទទួលយក​លក្ខខណ្ឌ​ទាំងអស់​ដែលភាគីចិន​បានស្នើ​មកកម្ពុជា ដើម្បីឈាន​ទៅដល់​ការចុះ​ហត្ថលេខា​លើពិធីសារ​ក្នុងការ​នាំចេញស្វាយ​ទៅកាន់​ប្រទេសចិន​ក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះ។

សារព័ត៌មាន​ខេមបូណូមីស មិនអាច​សុំការ​បញ្ជាក់បន្ថែម ពីលោក អ៊ិន ឆៃវ៉ាន់ ប្រធានសមាគម​សហព័ន្ធ​ស្វាយ​កម្ពុជា​បានទេ​នៅថ្ងៃទី​២៩ ខែមេសានេះ ដោយសារតែ ទូរស័ព្ទ​របស់លោក​មិនអាចទាក់ទងបាន៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ ៧៥% គ្រោង​កាត់​ប្រាក់ខែ​បុគ្គលិក ប្រសិន​បើ​វិបត្តិកូវីដ១៩​អូសបន្លាយពេលយូរ

ការស្ទង់មតិ​មួយ​បាន​រកឃើញថា ៧៥% នៃ​ក្រុមហ៊ុន​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម គ្រោង​នឹង​កាត់​ប្រាក់ខែ​បុគ្គលិក ប្រសិន​បើ​មេរោគរាតត្បាត…

កម្ពុជាធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិជិត ៤០% នៅត្រីមាសទី១ ឆ្នាំ២០២០នេះ!

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងរយៈពេល៣ខែ នៅដើមឆ្នាំ២០២០នេះ មានចំនួនជាង ១,១ លាននាក់ប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ