ទីផ្សារផ្លែស្វាយ

ឧកញ៉ា ម៉ុង ឫទ្ធី៖ ខ្ញុំរកទិញស្វាយមិនបាន តែគេថា ស្វាយអត់ទីផ្សារ!


លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលមហាជនស្គាល់ថា ជាអ្នកជំនួញដ៏លេចធ្លោមួយរូប ក្នុងវិស័យកសិកម្មកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា តម្រូវការផ្លែស្វាយសម្រាប់ការនាំចេញរាល់ឆ្នាំ មានចំនួនច្រើន ហើយពេលខ្លះមិនក្រុមហ៊ុនរបស់លោក មិនអាចរកទិញស្វាយនៅក្នុងស្រុកបានគ្រប់ចំនួនផងសម្រាប់នាំចេញ ប៉ុន្ដែ បែរជាមានព័ត៌មានកន្លងមកលេចឡើងថា ផ្លែស្វាយមិនមានទីផ្សារទៅវិញ។ ជុំវិញបញ្ហានេះ លោកឧកញ៉ា ដែលកំពុងមានឈ្មោះបោះសំឡេងរូបនេះ បានអះអាងថា នេះ គ្រាន់តែជាការលើកឡើងមួយ ដើម្បីវាយប្រហាររាជរដ្ឋាភិបាលប៉ុណ្ណោះ។
លោកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប (រូបពីទំព័រហ្វេសប៊ុករបស់លោកឧកញ៉ា ម៉ុង ឫទ្ធី)
ដោយ

លោកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែល​មានវិនិយោគ​ដាំដុះ និងបញ្ជា​ទិញ​កសិផល​សម្រាប់​ការផលិត​ និងកែច្នៃ ក៏ដូចជា​ការ​​នាំចេញ បានបន្ថែមថា ក្រុមហ៊ុន​​របស់​លោក បានបញ្ជា​​ទិញ ផ្លែស្វាយ​ពី​កសិករ ក្នុងតម្លៃ​មួយ​ថ្លៃជាង​ឈ្មួញផ្សេង​ទៅទៀត​ ប៉ុន្ដែ ពេលខ្លះ​ក្រុមហ៊ុន​លោក មិនអាច​រកស្វាយ​ទិញបាន​គ្រប់ចំនួន ​សម្រាប់​យក​ទៅ​វេចខ្ចប់​​នាំចេញនោះឡើយ។ ប៉ុន្ដែ ផ្ទុយទៅវិញ បែរជា​មានមតិ​មួយ​ចំនួន លើកឡើងថា ស្វាយគ្មាន​ទីផ្សារ​ទៅវិញ ដែលនេះជារឿង​មួយ​គួរឲ្យ​ភ្ញាក់ផ្អើល ហើយក៏​គួរឲ្យងឿង​ឆ្ងល់​ដែរ។

លោកឧកញ៉ា ម៉ុង​ ឫទ្ធី បានគូស​បញ្ជាក់ថា ការលើកឡើង​បែបនេះ គឺគ្រាន់តែ​ជាការចាក់ ឬវាយ​ប្រហារ​ទៅលើ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ ហើយដើម្បី​អាចគ្រប់គ្រង​ស្ថានការណ៍​នេះ​ បានខាងអាជ្ញាធរ​ គួរ​មាន​កិច្ចសហការ​ឲ្យបានជិត​ស្និទ្ធ​ ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​តាមដាន​ពីរឿងនេះ​ឲ្យច្បាស់ កុំឲ្យ​ចេះតែមាន​ការបំប៉ោង​ស្ថានការណ៍។ 

«សួរថា ធ្វើម៉េចឲ្យ​កសិករ​មានទីផ្សារ? ហើយបើ​ខ្ញុំរកទិញ​ស្វាយ​មិនបាន​ផង គាត់ថា អត់​មាន​នរណា​ទិញ។ អាហ្នឹង យើងត្រូវ​រកប្រឡោះ​ហ្នឹង បកទៅ​វិញ កុំឲ្យគាត់​ចេះតែថា ស្រេចតែចិត្ត... ហើយ​តម្លៃវិញ​អត់ខ្វល់​ទេ បើខ្ញុំទិញ​ថោក​ជាងគេ គេម៉េច​នឹង​លក់ឲ្យ? យើងអត់​មានទិញ​តម្លៃថោក​ជាង​គេទេ។ ហើយស្វាយនេះ ខ្ញុំទិញ​ថ្លៃជាង​គេ​បំផុត​ហើយ ស្រុកខ្មែរនោះ។ យើងអត់​ទុកឲ្យ​គេចាក់​យើង​អញ្ចឹងទេ យើងត្រូវ​តែតប​ដោយសហការ​គ្នា [ខាងរដ្ឋ និងក្រុមហ៊ុន] បើអត់​សហការ​គ្នាទេ តបអត់​បានទេ ព្រោះខ្ញុំ​ជាអ្នក​ទិញ ហើយទិញ​ឲ្យ​លុយ​ដល់ដៃ»។ នេះ ជាការលើក​ឡើង​ពីលោក​ឧកញ៉ា ម៉ុង ឫទ្ធី ក្នុងជំនួប​ជាមួយនឹង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ កាលពី​ពេលថ្មីៗ​នេះ​។ 

ក្រុមហ៊ុន ម៉ុង ឫទ្ធី ត្រូវបាន​គេ​ដឹងថា បាននាំចេញ​ស្វាយទៅ​ក្រៅប្រទេស​ក្នុង ចំនួន​ច្រើន គួរឲ្យកត់​សម្គាល់ជាក់ស្ដែង កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Kingdom Fruits International (KFI) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធរបស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានប្រមូល​ទិញផ្លែស្វាយ​កែវរមៀត​ពីកសិករ​ប្រមាណ ៦០តោន ដើម្បីរៀបចំវេចខ្ចប់ នាំចេញ​ទៅកាន់​ប្រទេស​បារាំង និងបន្ដ​ការចែកចាយ​ទៅសហគម​អឺរ៉ុប និងប្រទេស​រុស្សី។ ក្រៅពីនេះ ក្រុមហ៊ុននេះ ក៏មាន​នាំចេញ​ស្វាយជាច្រើន​តោនផ្សេង​ទៀត ទៅកាន់​ប្រទេស​ចិន​ផងដែរ។

ជាមួយគ្នា​នេះដែរ លោក អ៊ីន ឆៃវ៉ាន់ ប្រធាន​សមាគម​ស្វាយខេត្ត​កំពង់ស្ពឺ ធ្លាប់បានលើកឡើងថា សម្រាប់ទីផ្សារនាំចេញ​ស្វាយ របស់​សមាគម​ស្វាយខេត្ត​កំពង់​ស្ពឺវិញ ភាគច្រើននាំ​ទៅកាន់ វៀតណាម ថៃ និងចិន ដែល​ប្រទេស​ទាំងនេះ ងាយស្រួល​ក្នុងការ​នាំផ្លែស្វាយ​ចេញទៅ ដោយមិន​តម្រូវឲ្យ​មានការ​ត្រួត​ពិនិត្យ ភូតគាម​អនាម័យ​ខ្លាំងពេក ដូចទីផ្សារ​ទៅអឺរ៉ុប កូរ៉េ និង​បារាំងនោះទេ។

ផ្លែស្វាយកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ (រូបថត៖ ហ្វេសប៊ុកឧកញ៉ា ម៉ុង ឫទ្ធី)

បើយើង​​ក្រឡេក​ទៅមើល ទីផ្សារ​ផ្លែស្វាយ​នៅវៀតណាម​ឯណេះវិញ វៀតណាម ក៏ត្រៀម​នឹងនាំចេញ​ស្វាយទៅកាន់​សហរដ្ឋ​អាមេរិក​ក្នុងពេលខាង​មុខ​ផងដែរ ខណៈដែល​បច្ចុប្បន្ន អាមេរិក កំពុង​បំពេញ​និតីវិធី ដើម្បីអនុម័ត​សម្រាប់​ការនាំ​ចូលស្វាយ​នេះ។ បន្ថែមពីនេះ អាមេរិក ក៏នឹង​ចាប់ផ្ដើម​នាំចូលផ្លែ​ទឹកដោះគោ ពីវៀតណាម ឆាប់ៗ​នេះផងដែរ។ នេះបើតាម ការអះអាង​ពីមន្ត្រីជាន់ខ្ពស់​នៃរដ្ឋាភិបាល​អាមេរិក ដែល​បាន​ចុះផ្សាយ​ក្នុងសារព័ត៌មាន វៀតណាម Express កាលពី​ពេលថ្មីៗ​នេះ។ 

ផ្លែស្វាយកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ (រូបថត៖ ហ្វេសប៊ុកឧកញ៉ា ម៉ុង ឫទ្ធី)

សូមជម្រាបថា របាយការណ៍​ពីគយវៀត​ណាម ការនាំចេញ​របស់​វៀតណាម ទៅកាន់​អាមេរិក នៅឆ្នាំ២០១៧ សម្រេច​បានជាង ៤០ពាន់​លានដុល្លារ​អាមេរិក កើនឡើង​ជាង ៨% ធៀបនឹង​ឆ្នាំ២០១៦។ ក្នុងនោះ ការនាំចេញ​ផ្លែឈើ​មានតម្លៃជា ទឹកប្រាក់​ប្រមាណ ជាង ១០០លាន​ដុល្លារ​អាមេរិក។ អាមេរិក ត្រូវបាន​គេដឹងថា ជាដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​ទី៣ របស់វៀត​ណាម បន្ទាប់ពីកូរ៉េ ខណៈដែល ចិនឈរ​ក្នុងលំដាប់​កំពូល៕   

None



អត្ថបទបន្ទាប់


«ខ្លាចាស់ហិរញ្ញវត្ថុ» លោក អ៊ិន ចាន់នី លាតត្រដាងពីគន្លឹះជោគជ័យ ក្នុងវិស័យធនាគារ

មានមនុស្សមិនតិចនោះទេ បានស្គាល់ និងធ្លាប់ប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា ដែលជាធនាគារក្នុងស្រុកធំជាងគេមួយនៅកម្ពុជា។ ប៉ុន្ដែ នៅពីក្…

ថៃសម្រេចរក្សា អត្រាពន្ធលើតម្លៃបន្ថែម (VAT) នៅត្រឹម ៧% ខណៈវៀតណាម ត្រៀមដំឡើងបន្ថែម

រាជរដ្ឋាភិបាលថៃ សម្រេចរក្សាអត្រាពន្ធលើតម្លៃបន្ថែម VAT នៅត្រឹម៧% ដដែល ដោយមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីរក្សាស្ថិរភាពសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ