ការចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅការិយាល័យលក់នៃបុរីចន្ទគីរីក្នុងថ្ងៃដោយឡែកពីគ្នា ក្រោមអធិបតីភាពលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Urbanland និងអ្នកតំណាងប្រចាំធនាគារដៃគូទាំងបី រួមមាន លោក Toru Myochin នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោក ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងនាយកស្តីទីសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគារ សុីអាយអិមប៊ី ភីអិលសុី និងលោកស្រី មាស គន្ធា នាយកគ្រប់គ្រងបណ្តាញសាខាផ្នែកហិរញ្ញវត្ថុបុគ្គលនៃធនាគារ ប្រេដ។
ការសហការនេះនឹងអនុញ្ញាតអោយអតិថិជនរបស់បុរីចន្ទគីរីទទួលបាននូវការផ្តល់ប្រាក់កម្ចី កាន់តែងាយស្រួល និងរហ័សជាងមុន និងទំហំទឹកប្រាក់កម្ចីពី 70% ទៅ 80% នៃតម្លៃផ្ទះសរុប ជាមួយនឹងអត្រាការប្រាក់ចន្លោះពី 6.66% ទៅ 7.88% ក្នុងមួយឆ្នាំ។
បុរីចន្ទគីរីមានទីតាំងនៅលើបណ្តោយផ្លូវជាតិលេខ 2 ចម្ងាយប្រមាណ 5 នាទីពី មហាវិថីសម្តេច តេជោ ហ៊ុនសែន ជិតផ្សារទំនើប អ៊ីអន ៣ ។ គម្រោងបុរីចន្ទគីរីគឺជាគម្រោងអភិវឌ្ឍន៍បុរីដំបូងបង្អស់របស់ក្រុមហ៊ុន Urbanland ដែលនាំមកជូននូវ «ការរចនាផ្ទះដែលផ្តោតលើតម្រូវការអ្នករស់នៅ» ពិតប្រាកដ។
គម្រោងបុរីចន្ទគីរីបង្ហាញនូវគំនិតរចនាប្លង់គម្រោងបុរីថ្មីមួយ ដែលផ្តោតលើតម្រូវការរបស់មនុស្ស។ ក្រោយពីចំណាយពេលអស់រយ:ពេលជាង 2 ឆ្នាំ ដើម្បីសិក្សាស្វែងយល់ពីផ្ទះក្នុងក្តីស្រមៃរបស់អ្នករស់នៅទីក្រុងភ្នំពេញ ក្រុមហ៊ុនបានបញ្ចូលនូវរបកគំហើញថ្មីនេះទៅក្នុងប្លង់មេ និងការរចនាផ្ទះនីមួយៗរបស់បុរី ដើម្បីបង្កើតទៅជាលំនៅដ្ឋាន និងបរិក្ខារដែលអាចបំពេញមុខងារចាំបាច់តាមតម្រូវការរបស់អ្នករស់នៅ និងមានទាំងសោភណ្ឌភាព ការផ្សារភ្ជាប់ជាមួយធម្មជាតិ និងការផ្សារភ្ជាប់ជាមួយសហគមន៍ដ៏ជិតស្និទ្ធ ហើយមានលក្ខណ:ខុសប្លែកពីគម្រោងបុរីដទៃផងដែរ។
លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Urbanland បានមានប្រសាសន៍ថា÷ «យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ធនាគារ សុីអាយអិមប៊ី ភីអិលសុី និងធនាគារ ប្រេដ។ យើងផ្តោតការយកចិត្តទុកដាក់ទៅលើតម្រូវការរបស់មនុស្សជាចម្បង ដូច្នេះហើយការចាប់ដៃគូនេះនឹងអនុញ្ញាតអោយអតិថិជននៃបុរីចន្ទគីរីទទួលបានការផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួលតាមរយ:ធនាគារដៃគូទាំងអស់របស់យើង។»
គម្រោងបុរីចន្ទគីរីទទួលបានការគាំទ្រ និងចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ដោយក្រុមហ៊ុនបានលក់អស់ 80% នៃចំនួនផ្ទះសរុបចាប់តាំងពីថ្ងៃសម្ពោធថ្ងៃទី 22 ខែឧសភាមក។ សម្រាប់អ្នកដែលមានបំណងស្វែងរកផ្ទះក្នុងក្តីស្រមៃ សូមអញ្ជើញមកទស្សនាផ្ទះគំរូនៃបុរីចន្ទគីរី ឬទំនាក់ទំនងមកលេខទូរសព្ទ÷ 061 888 580 / 015 588 580 ដើម្បីសាកសួរពត៌មានបន្ថែម ៕