ស្របពេលវិស័យទាំងនេះ រីកចម្រើនតើវាធ្វើបង្កផលប៉ះពាល់ដល់ដល់ការលូតលាស់នៃវិស័យកសិកម្មដែរ ឬទេ?
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះនៃវិស័យសំណង់ និងអចលនទ្រព្យកាន់តែរីកចម្រើន គួរឱ្យកត់សម្គាល់ ដោយក្នុងនោះទាំងនោះរាជធានីភ្នំពេញ និងបណ្ដាខេត្តជាច្រើនមានសកម្មភាពសាងសង់ និងពុះដីឡូត៌លក់យ៉ាងសកម្មភាព។ បើទោះបីជាតម្រូវការដីប្រើប្រាស់សម្រាប់ការសាងសង់ និងពុះឡូត៌កំណើនខ្លាំងនៅមួយរយៈចុងក្រោយនេះក៏ដោយចុះ ប៉ុន្ដែក្រុម អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងកសិកម្ម សុទ្ធតែយល់ថា ការកើនឡើងនសកម្មភាពនៃការពុះដីឡូត៍ វាមិនទាន់បានបង្កផលប៉ះពាល់ដល់វិស័យកសិកម្មរបស់កម្ពុជានោះដែរ។
ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី អ្នកជំនាញក្នុងវិស័យកសិកម្ម និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប យល់ឃើញ វាធម្មតាទេ សម្រាប់ប្រទេស ដែលមានការអភិវឌ្ឍន៍ វិស័យកសិកម្មនឹងថយចុះ។ ប៉ុន្ដែ សម្រាប់កម្ពុជា មានផ្ទៃដីធំធេងណាស់ សម្រាប់ធ្វើកសិកម្ម ដូច្នេះ សកម្មភាពនៃការលូតលាស់វិស័យសំណង់ និងការពុះដីឡូត៍ មិនបង្កជាហានិភ័យសម្រាប់វិស័យកសិកម្មនោះឡើយ។ ត្រង់ចំណុចនេះ លោកឧកញ៉ា ម៉ុង ឬទ្ធី បានពន្យល់ថា មូលហេតុ ដែលលោកមិនព្រួយបារម្ភ ចំពោះការរួមតូចនៃផ្ទៃដីកសិកម្ម ព្រោះបច្ចុប្បន្ន វិធីសាស្ត្រនៃការចិញ្ចឹមសត្វ ឬដាំដុះដំណាំ បានផ្លាស់ប្ដូរ ពីការធ្វើកសិកម្មតាមបែបប្រពៃណី មកធ្វើកសិកម្មតាមបែបទំនើប ដែលមិនចាំបាច់ឱ្យកសិករប្រើប្រាស់ផ្ទៃដីធំ តែទទួលបានទិន្នផលខ្ពស់។
ជុំវិញនឹងបញ្ហានេះ លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចយល់ថា ការកើនឡើងនៃសកម្មភាពអចលនទ្រព្យ ពិសេសការពុះដីឡូត៍លក់ច្រើន មិនសុទ្ធតែប៉ះពាល់ទាំងស្រុងនោះទេ ហើយសកម្មភាពនេះ ក៏នឹងមិនបង្កហានិភ័យ ដល់ផ្ទៃដីធ្វើកសិកម្មនោះដែរ។ អ្នកវិភាគសេដ្ឋកិច្ចរូបនេះ កត់សម្គាល់ឃើញថា កម្ពុជា មានផ្ទៃដីកសិកម្ម ធំធេង ដូច្នេះ ការប្រែក្លាយដីកសិកម្ម ទៅជាតំបន់អភិវឌ្ឍន៍លំនៅឋានសមរម្យ ក៏ជាសញ្ញាវិជ្ជមានមួយដែរ សម្រាប់ពលរដ្ឋដែលមានចំណូលមធ្យម។ ដោយឡែក វិស័យអចលនទ្រព្យ ឯណោះវិញ អំឡុងវិបត្តិកូវីដ-១៩ ត្រូវបានអ្នកវិភាគរូបនេះ យល់ថា ទោះបីនៅតាមបណ្ដាខេត្តមួយចំនួនមិនសូវមានសកម្មភាព តែវិស័យនេះ នៅតែមានសញ្ញាល្អនៅឡើយ បើប្រៀបនឹងវិស័យដទៃ។
ទោះជាបែបនេះក្ដី លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម ក៏មានក្ដីព្រួយបារម្ភខ្លះៗដែរ ចំពោះវិស័យកសិកម្ម ដែលបណ្ដាលមកពីតម្រូវការដីសាងសង់ និងសកម្មភាពពុះដីឡូត៌កើនឡើង ព្រោះសកម្មភាពនេះ នឹងធ្វើឱ្យបាត់បង់ផ្ទៃដីបង្កបង្កើនផលពិសេស នៅតំបន់ជាយក្រុង និងទីប្រជុំជន។ ក៏ប៉ុន្តែ អ្នកជំនាញផ្នែកសិកម្មរូបនេះ បានបញ្ជាក់ថា សកម្មភាពនៃការពុះដីឡូត៍ មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងនោះទេ សម្រាប់ផលិតកម្មកសិកម្ម។ លោក គង់ គា យល់ថា ការបាត់បង់ដីកសិកម្ម ទៅជាលំនៅឋាន មិនស្មើនឹងការបង្កើនផ្ទៃដីដាំដុះដំណាំតាមរយៈការរុករានដីព្រៃឈើ ព្រៃលិចទឹក និងដីសម្បទានសេដ្ឋកិច្ចនោះទេ។
យោងតាមរបាយការណ៍បូកសរុបការងារកសិកម្ម ប្រចាំឆ្នាំ២០១៩-២០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យកសិកម្ម បានចូលរួមចំណែកប្រមាណ ២០% នៃផលិតកម្មសរុបក្នុងស្រុក។ ក្នុងនោះ កម្ពុជា មានផ្ទៃដីដាំដុះស្រូវ ជាង ៣ពាន់លានហិកតា និងមានផ្ទៃដីដាំដុះដំណាំឧស្សាហកម្ម ជាង ៩៦ម៉ឺនហិកតា៕
អត្ថបទ៖ ខន ណារី