អចលនទ្រព្យ

ឧកញ៉ា ចេង ខេង៖ កំណើនអគារខ្ពស់នឹងបង្កឲ្យកកស្ទះចរាចរណ៍កាន់តែខ្លាំង?


លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានផ្តល់បទសម្ភាសខ្លីដល់សារព័ត៌មានខេមបូណូមីសថា បច្ចុប្បន្នក្រុងភ្នំពេញមិនទាន់មានអគារខ្ពស់ច្រើននៅឡើយ ប៉ុន្តែ ក្រុងដ៏តូចមួយនេះ កំពុងតែមានការកកស្ទះចរាចរណ៍ ហើយទម្រាំមានអគារខ្ពស់ច្រើននៅថ្ងៃអនាគត ភ្នំពេញនឹងកកស្ទះកាន់តែខ្លាំង។
សំណង់អគារខ្ពស់​នៅ​រាជ​ធានី​ភ្នំពេញ
ដោយ

លោកឧកញ៉ាបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ន ទីក្រុងភ្នំពេញមានអគារខ្ពស់នៅមានកម្រិតនៅឡើយ។ ចុះបើយើងថែមទៀត ៤០ជាន់ ៥០ជាន់ គ្រប់កន្លែង ហើយផ្លូវនៅតែដដែល អត់មានពង្រីកអីផង ឥឡូវស្ទះស្រាប់ហើយ ដល់មានអគារខ្ពស់បន្ថែមទៀត គឺកាន់តែស្ទះថែមទៀត។ ការកកស្ទះនេះ បានធ្វើពលរដ្ឋរអ៊ូរទាំរាល់ថ្ងៃរួចទៅហើយ»។ 

បើតាមអ្នកជំនាញដែលមានបទពិសោធលើវិស័យអចលនទ្រព្យជាង២០រូបនេះ រដ្ឋាភិបាលគួរតែមានផែនការមេសម្រាប់អ្នកវិនិយោគ ដើម្បី​ចៀសវាងមានបញ្ហាទៅថ្ងៃអនាគត។ លោកឧកញ៉ាសង្កត់ធ្ងន់ថា បច្ចុប្បន្នការបណ្តោយឲ្យអតិថិជន ឬអ្នកវិនិយោគ  សាងសង់ទៅតាមលទ្ធភាពរបស់ពួកគេ ដូចថា អគារខ្ពស់ៗពេក និងការបង្កើនតម្លៃលឿនពេក ទីបំផុត ដែលអ្នកប៉ះពាល់ គឺពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ទាំងនោះ ពីព្រោះ កាលណាមានការអភិវឌ្ឍន៍លឿនពេក ហេដ្ឋារចនាសម្ព័ន្ធ មិនបានស្របនឹងកំណើនអគារខ្ពស់ទាំងនោះឡើយ។ 

លោកឧកញ៉ាអត្ថាធិប្បាយថា៖ «រដ្ឋាភិបាល គួរតែគិតគូពីប្លង់គោល ថា ឥឡូវគួរឲ្យគាត់វិនិយោគទៅកន្លែងណាមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ ហើយចៀសវាងកកស្ទះនៅក្នុងក្រុង ប៉ុន្តែ ធ្វើទៅឲ្យមានអត្ថប្រយោជន៍ដល់ពលរដ្ឋផងដែរ។ ការគិតគូទុកមុន គឺអស់លុយតិចទេ ដូចជា ប្លង់គោល យើងជួលអ្នកបច្ចេកទេសដែលមានជំនាញខាងហ្នឹង តែបើយើងសាងសង់ហើយ រើធ្វើអ្វីផ្សេង អាហ្នឹងអស់លុយច្រើនណាស់។ ដូច្នេះ បើគិតទុកមុន យកអ្នកបច្ចេកទេសតែពីរបីនាក់គិតទៅ គឺយើងនឹងអាចធ្វើបានទីក្រុងមួយដែលល្អ ដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយជៀសវាងការកកស្ទះ១០០ទៅ២០០ឆ្នាំខាងមុខ»។   

ជុំវិញការសាងសង់ផ្លូវក្រវាត់ក្រុងវិញ លោកឧកញ៉ា ចេង ខេង បានអះអាងថា ជាចំណុចល្អមួយក្នុងការកាត់បន្ថយការកកស្ទះក្នុងក្រុង ដែលហុចផលល្អទាំងអ្នកវិនិយោគ និងប្រជាពលរដ្ឋទូទៅ។ យ៉ាងណា​ក៏ដោយ លោកឧកញ៉ា ចង់ឃើញការធ្វើផ្លូវនេះ មានស្តង់ដា និងស្របបច្ចេកទេសត្រឹមត្រូវ។

លោកឧកញ៉ាថ្លែងយ៉ាងដូច្នេះថា៖ «គម្រោងហ្នឹង យើងអត់ដឹងថា វាមានកម្រិតលឿនប៉ុណ្ណាក្នុងការសាងសង់ ហើយយើងសង់មានបទដ្ឋានបច្ចេកទេសល្អដែរទេ? កម្រិតគុណភាពវាយ៉ាងម៉េចដែរ? កុំឲ្យធ្វើផ្លូវ គាស់ដាក់លូ ដល់ពេលធ្វើលូ ស្ទះផ្លូវ ដែលធ្វើឲ្យខាតពេលវេលាមែនទែន។ ដូច្នេះ បើយើងគិតបានល្អិតល្អន់ យើងមានពិសោធនៃការកកស្ទះរួចហើយ  អ៊ីចឹងធ្វើផ្លូវហ្នឹងឲ្យប្រសើរ ឲ្យក្លាយជាផ្លូវទំនើបថ្មី កុំធ្វើហើយកាត់ផ្លូវ ឬធ្វើលូ ព្រោះ កន្លងមក ផ្លូវខ្លះធ្វើហើយ អាចមានស្តង់ដា ដល់ពេលកាត់ចុះកាត់ឡើង វាធ្វើឲ្យមានបញ្ហាកើតឡើង។ ដូច្នេះ ធ្វើតែម្តង ទៅទាំងព្រមតែម្តង»៕     

None



អត្ថបទបន្ទាប់


ធនាគារជាតិ៖មានតែមីក្រូហិរញ្ញវត្ថុ៧ប៉ុណ្ណោះដែលអនុញ្ញាតឲ្យទទួលបញ្ញើ

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសជាសាធារណៈ ថា គិតត្រឹមតែមីនា ឆ្នាំ២០១៨ នេះ ក្រៅពីធនាគារពាណិជ្ជ មានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៧ប៉…

តើ​ដូង​​ជ្រលក់​ថ្នាំ​គីមី​ឲ្យ​សម្បក​ ស ប៉ះពាល់​ដល់​សុខ​ភាព​អ្នក​ហូប ឬទេ? ស្ដាប់​អ្នក​ជំនាញ...

នៅលើ​ចិញ្ចឹម​ផ្លូវ​ព្រះ​ត្រសក់​ផ្អែម​កែង​នឹង​មហាវិថី​ព្រះសីហនុ មាន​អាជីវករ​លក់​ដូង​ជា​ច្រើន បាន​យក​លលាដ៏​ដូង ជ្រលក់​ម្សៅ​គីមី​ម្យ៉ាង ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ