អង្គការអភិរក្សសត្វព្រៃ WCS បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ថា កូនអណ្ដើកហ្លួងទាំង២៣ក្បាលនេះ បានញាស់ចេញពីសំបុកចំនួន ៣ ដែលក្រុមការពារសំបុកសហគមន៍បានរកឃើញនិងបានការពារនៅលើឆ្នេរខ្សាច់ ២ទីតាំង ស្ថិតនៅតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង។
សេចក្តីប្រកាសព័ត៌មានដដែលនោះ បានបន្តថា សំបុកមួយក្នុងចំណោមសំបុកទាំងបីត្រូវបានរកឃើញនៅលើឆ្នេរខ្សាច់មួយ ដែលអណ្ដើកហ្លួងធ្លាប់ពងរៀងរាល់ឆ្នាំ ចំណែកឯពីរសំបុកទៀតត្រូវបានរកឃើញនៅលើឆ្នេរខ្សាច់ថ្មីមួយ នៅតាមដងព្រែកកំពង់សោម ដែលអណ្ដើកហ្លួងមិនដែលមកពងកូនតាំងពីឆ្នាំ២០០៧ មកម្ល៉េះ។
សេចក្តីប្រកាសព័ត៌មានបាននិយាយដូច្នេះថា “អង្គការ WCS ចាត់ទុកថា ជោគជ័យនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងលើការងារអភិរក្សរបស់សហគមន៍មូលដ្ឋាន និងគម្រោង ហើយជាលទ្ធផលនៃការផ្សព្វផ្សាយសារាចរ និងសេចក្តីប្រកាសចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងរ៉ែ និងថាមពល ដែលសម្រេចបញ្ឈប់រាល់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងប្រកាស លេខ ១៣៣ ប្រក.កសក ចុះថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការដាក់ប្រព័ន្ធព្រែកស្រែអំបិលជាតំបន់គ្រប់គ្រងនិងអភិរក្សអណ្តើកហ្លួង និងក្រពើត្រី។”
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មាននោះថា សេចក្តីប្រកាសឆ្នាំ២០១៩នោះគឺមិនអនុញ្ញាតឱ្យមានការនេសាទខុសច្បាប់ និងជាពិសេស សកម្មភាពបូមខ្សាច់នានានៅតាមប្រព័ន្ធព្រែកស្រែអំបិល មានដូចជា ព្រែកកំពង់សោម ព្រែកក្អោង និងព្រែកកំពង់លើ ជាដើម។
អណ្តើកហ្លួង ត្រូវបានអង្គការ IUCN ចាត់ចំណាត់ថ្នាក់ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជបំផុត និងជាប្រភេទមួយក្នុងចំណោមប្រភេទអណ្តើក (លើកលែងអណ្តើកសមុទ្រ) ទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើពិភពលោក។ នេះបើយោងតាមអង្គការ WCS។
អង្គការ WCS បាននិយាយផងដែរថា អណ្តើកហ្លួងត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ ឆ្នាំ២០០៥ ជាឧរង្គសត្វតំណាងឱ្យប្រទេសកម្ពុជា និងត្រូវបានការពារដោយអនុក្រឹត្យ ឆ្នាំ២០០៩ ជាប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា៕