ឧបទ្វីបកូរ៉េ

យុវជនកូរ៉េខាងជើង ជាង១,៤លាននាក់ ស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព ចំពេលស្ថានការណ៍ឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅ


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃទី ១៦ ខែតុលានេះថា យុវជនប្រហែល ១លាន៤សែននាក់ បានដាក់ពាក្យចូលរួម ឬត្រឡប់ទៅធ្វើទាហានវិញ នៅក្នុងសប្តាហ៍នេះ នៅចំពេលដែលស្ថានការណ៍ឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅកាន់តែខ្លាំង នៅក្រោយពេលដែលទីក្រុងព្យុង យ៉ាង បានចោទទីក្រុងសេអ៊ូលថា ជាអ្នកបង្កហេតុដោយបានបង្ហោះយន្តហោះដ្រូនឆ្លងដែនចូលទឹកដីកូរ៉េខាងជើង នាំឱ្យមាន «ស្ថានភាពតានតឹងខិតទៅរកមាត់ជ្រោះនៃសង្រ្គាម»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ឧបទ្វីបកូរ៉េ
ដោយ

សង្គ្រាមវោហាសាស្ត្រនៅឧបទ្វីបកូរ៉េ បានផ្ទុះឡើងខ្លាំងជាបន្ដបន្ទាប់នៅមួយរយៈចុងក្រោយនេះ ក្រោយពីកូរ៉េខាងជើងកាលពីសប្តាហ៍មុនបានចោទទីក្រុងសេអ៊ូលថា បានបង្ហោះយន្តហោះដ្រូនទៅកាន់រដ្ឋធានីព្យុងយ៉ាង រួមទាំងជាមួយនឹងការចែកចាយខិត្តប័ណ្ណ ប្រឆាំងកូរ៉េខាងជើងយ៉ាងច្រើន។ ជាការឆ្លើយតប ថ្មៗនេះ កូរ៉េខាងជើងក៏បានប្រកាសអំពីការ ដាក់គ្រាប់បំផ្ទុះផ្លូវថ្នល់ និងផ្លូវរថភ្លើងកាត់ផ្ដាច់ពីកូរ៉េខាងត្បូង និងបានព្រមានថា ទីក្រុងស៊េអូលនឹងត្រូវខាតបង់យ៉ាងខ្លាំងជាមិនខាន។

នៅថ្ងៃទី១៦ ខែតុលានេះទៀតសោត ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA របស់កូរ៉េខាងជើង បាននិយាយថា យុវជនប្រហែល ១លាន៤សែននាក់រួមទាំងនិស្សិត និងមន្ត្រីសម្ព័ន្ធយុវជនផងបានចុះហត្ថលេខាលើញត្តិ ដើម្បីចូលបម្រើកងទ័ពដោយពួកគេបានប្តេជ្ញាចិត្តប្រយុទ្ធនៅក្នុងសង្រ្គាមដ៏អង់អាច ដើម្បីកម្ទេចសត្រូវដោយអាវុធបដិវត្តន៍។

សារព័ត៌មានដដែលនេះបានរាយការណ៍ទៀតថា ប្រសិនបើសង្គ្រាមបានផ្ទុះឡើងតាមការចង់បានរបស់កូរ៉េខាងត្បូងមែន កូរ៉េខាងជើងនឹងបំពេញតាមការចង់ បាននេះ ហើយនឹងលុបប្រទេសនេះចេញពីផែនទី(ពិភពលោក) ជាមិនខាន។

ក្នុងពេលកន្លងមក កូរ៉េខាងជើង ក៏ធ្លាប់បានអះអាងស្រដៀងគ្នានេះដែរ ថា យុវជនជាច្រើនបានព្យាយាមចុះឈ្មោះចូលធ្វើទាហានក្នុងគ្រា ដែលមានភាពតានតឹងខ្លាំងដូចអីចឹងដែរ ប៉ុន្តែគេពិបាកនឹងធ្វើការផ្ទៀងផ្ទាត់ថា តើការអះអាងរបស់រដ្ឋឯកោមួយនេះពិត ឬមិនពិតបានឡើយ។

កាលពីឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ពលរដ្ឋកូរ៉េខាងជើងចំនួន៨០ម៉ឺននាក់ បានស្ម័គ្រចិត្តចូលធ្វើយោធាដើម្បីប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាម៉េរិក ហើយក៏បាននិយាយកាលពីឆ្នាំ២០១៧ ដែរថា កម្មករ សមាជិកបក្ស និងទាហានសរុបចំនួន ៣លាន៥សែននាក់ បានស្ម័គ្រចិត្តចូលរួមបម្រើកងទ័ព ។

យោងតាមទិន្នន័យពីវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) កូរ៉េខាងជើង មានទាហានសកម្មចំនួន ប្រមាណជិត ១លាន៣សែននាក់ និងប្រហែល ៦០ ម៉ឺននាក់ជាទាហានបម្រុង។

ភ្លាមៗនេះ ក្រសួងការពារជាតិ របស់ទីក្រុងសេអ៊ូល មិនបានធ្វើអត្ថាធិប្បាយជុំវិញរបាយការណ៍របស់សារព័ត៌មាន KCNA ចុងក្រោយនេះទេ ប៉ុន្តែបានព្រមានថា ប្រសិនបើកូរ៉េខាងជើង បង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ប្រជាជនកូរ៉េខាងត្បូងមែន វានឹងដល់ថ្ងៃដែលត្រូវបិទបញ្ចប់របបរបស់ក្រុងព្យុងយ៉ាងហើយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ទទួលបានអ្នកដំណើរជាង ១លាន៣សែននាក់ ក្រោយដាក់ឱ្យដំណើរការបាន១ឆ្នាំ

ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រំពឹងទទួលបានអ្នកដំណើរឆ្លងកាត់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកើនឡើងដល់ប្រមាណ ១លាន៥សែន…

ធនាគារពិភពលោកនឹងបង្កើនសមត្ថភាពផ្តល់ឥណទានរបស់ខ្លួនចំនួន ៣០ពាន់លានដុល្លារ នៅ១០ឆ្នាំខាងមុខ

ប្រធានធនាគារពិភពលោក លោក អាចាយ បាងហ្គា (Ajay Banga) បានលើកឡើង កាលពីថ្ងៃអង្គារ ទី១៥ ខែតុលាថា ធនាគារពិភពលោកបានបោះឆ្នោតធ្វើបច្ចុប្បន្នភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ