លើកពីនេះ ដើម្បីទាក់ទាញវិនិយោគិនបន្ថែមទៀតនោះ នៅថ្ងៃទី១៩ ខែកញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានជំរុញឱ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពធ្វើយ៉ាងណាឱ្យមានការអនុគ្រោះថ្លៃអគ្គិសនីក្នុងកម្រិតណាមួយ ជូនដល់បណ្តារោងចក្រសហគ្រាស ពិសេសផ្នែកឧស្សាហកម្ម និងកសិកម្មតែម្តង ដើម្បីជំរុញដល់ការពង្រីក សកម្មភាពផលិត និងជំរុញការនាំចេញបន្ថែម ហើយការអនុគ្រោះនេះនឹងត្រូវអនុវត្តឱ្យបាននៅចុងឆ្នាំ២០២៣នេះ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១ម៉ឺន៨ពាន់នាក់ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធត្រូវពិនិត្យលទ្ធភាពក្នុងការអនុគ្រោះបញ្ចុះតម្លៃអគ្គិសនីជូនដល់បណ្តារោងចក្រសហគ្រាសនៅក្នុងស្រុក ជាពិសេសចំពោះសហគ្រាសនៅផ្នែកឧស្សាហកម្ម និងកសិកម្ម ដ្បិតវិស័យទាំងពីរនេះមានសកម្មភាពផលិតច្រើន សម្រាប់ទីផ្សារនាំចេញ។ បើតាមការបញ្ជាក់របស់សម្តេចធិបតី នៅក្នុងជំហានដំបូងនេះ នឹងមានរោងចក្រសហគ្រាសប្រមាណជាង២ម៉ឺន១ពាន់រោងចក្រសហគ្រាស ដែលអាចទទួលបានផលពីការគិតគូរលើការបញ្ចុះថ្លៃអគ្គីសនីក្នុងកម្រិតណាមួយពីរដ្ឋាភិបាល។ សម្តេចធិបតី បានបន្តទៀតថា តាមរយៈការបញ្ចុះតម្លៃអគ្គិសនីជូនបណ្ដារោងចក្រសហគ្រាសនេះ គឺដើម្បីឲ្យរោងចក្រសហគ្រាសទាំងនោះ អាចពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដើម្បីបង្កើតការងារជូនកម្មករកម្មការិនីបន្ថែមទៀត។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការជំរុញឱ្យមានការអនុគ្រោះតម្លៃអគ្គីសនីនេះ គឺមិនអាចរង់ចាំដល់ឆ្នាំក្រោយនោះទេ ពោលគឺត្រូវអនុវត្តន៍ឱ្យបាននៅចុងឆ្នាំនេះតែម្តង ដោយអាចចាប់ផ្តើមពីខែតុលា ខាងមុខនេះតទៅ ហើយប្រសិនជាការអនុវត្តសាកល្បងនៅ៣ខែចុងឆ្នាំនេះ ប្រព្រឹត្តិទៅដោយជោគជ័យនោះ រាជរដ្ឋាភិបាលនឹងគិតគូពិនិត្យមើលលទ្ធភាពក្នុងការអនុវត្តបន្ដទៀតផងដែរ។
បើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ការជំរុញឱ្យមានការអនុគ្រោះតម្លៃអគ្គិសនីនេះ បើមើលតែមួយជ្រុងច្បាស់ណាស់ថា រាជរដ្ឋាភិបាលជួយតែចំពោះនិយោជក ក៏ប៉ុន្ដែបើពិនិត្យឱ្យមែនទែនទៅ ប្រសិនបើនិយោជកអាចកាត់បន្ថយការចំណាយលើថ្លៃអគ្គិសនីនោះ ច្បាស់ណាស់ពួកគេ នឹងអាចបង្កើននូវអត្ថប្រយោជន៍ផ្សេងៗទៀតជូនដល់កម្មករនិយោជិតជាក់ជាមិនខាន។
សូមជម្រាបថា ក្រៅពីជំរុញឱ្យមានការបញ្ចុះថ្លៃអគ្គិសនីដល់រោងសហគ្រាសហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ថ្នាក់ដឹកនាំនៅតាមបណ្តាខេត្ត ត្រូវធ្វើយ៉ាងណាប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញការវិនិយោគមកកាន់ខេត្តរបស់ខ្លួន ឱ្យស្របតាមសក្តានុពលដែលខេត្តនីមួយកំពុងមានស្រាប់ ខណៈរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការប្រគល់អំណាចទៅដល់ថ្នាក់ក្រោមជាតិរួចអស់ហើយផងដែរ៕