តើប្រទេសណាខ្លះដែលកំពុងជាប់គាំង និងរងផលប៉ះពាល់ខ្លាំងជាងគេដោយសារវិបត្តិកូវីដ-១៩នេះ?
ប្រទេសជាសមាជិកអាស៊ានទាំង ១០ សុទ្ធសឹងតែមានការឆ្លងរីករាតត្បាតនៃជំងឺកូវីដ១៩ ទាំងអស់ គ្រាន់តែប្រទេសខ្លះមានករណីឆ្លងតិចតួច ឯខ្លះទៀតមានច្រើនលើសលប់។ ជាក់ស្តែងយើងក្រឡេកទៅមើលប្រទេសប្រ៊ុយណេមុនគេ ប្រ៊ុយណេជាសមាជិកអាស៊ានដែលមានករណីឆ្លងតិចតួចបំផុត និង តិចជាងគេ បើធៀបនឹងប្រទេសសមាជិកអាស៊ានឯទៀត ខណៈដែលឥណ្ឌូនេស៊ីឯណោះវិញ ឈរកំពូលតារាងគេក្នុងតំបន់អាស៊ានដែល មានករណីឆ្លងដល់ទៅខ្ទង់លានករណី។
ឥណ្ឌូនេស៊ីកំពុងខ្វះខាតបំពង់អុកស៊ីសែនយ៉ាងខ្លាំងសម្រាប់អ្នកជំងឺកូវីដ១៩
ប្រទេសឥណ្ឌូនេស៊ីន បច្ចុប្បន្ន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងតំបន់អាស៊ាន ហើយបើគិតត្រឹមថ្ងៃទី៧ខែកក្កដា ឥណ្ឌូនេស៊ីមានអ្នកឆ្លងកូវីដ១៩សរុបចំនួនជាង ២លាន៣សែននាក់ ស្លាប់បាត់បង់ជីវិតជាង ៦ម៉ឺននាក់ ខណៈកំរិតឆ្លងថ្មីប្រចាំថ្ងៃមានជាមធ្យម ២ម៉ឺន៥ពាន់នាក់ក្នុងមួយថ្ងៃៗ។
ជាមួយនឹងចំនួនអ្នកឆ្លងយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ មន្ទីរពេទ្យ និង កន្លែងសម្រាកព្យាបាលនៅឥណ្ឌូនេស៊ីកំពុងហូរហៀរទៅដោយអ្នកជំងឺកូវីដទាំងធ្ងន់ ទាំងស្រាល ស្របពេលដែលកន្លែងជាច្រើនកំពុងខ្វះខាតគ្រឿងបរិក្ខារ ដូចជា គ្រែអ្នកជំងឺ និង ជាពិសេសបំពង់ខ្យល់អុកស៊ីសែនតែម្តង។
ប្រទេសឥណ្ឌូនេស៊ីកំពុងប្រឈមមុខនឹងវិបត្តិខ្វះអុកស៊ីសែនខ្លាំង រហូតរដ្ឋាភិបាលបានស្នើឲ្យក្រុមហ៊ុនផលិតបំពង់អុកស៊ីហ្សែនទាំងអស់ ផ្តល់អាទិភាពលក់អុកស៊ីសែនសម្រាប់អ្នកជំងឺកូវីដ១៩មុនគេ។ បើតាមការចុះផ្សាយដោយសារព័ត៌មាន BBC បានឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកជំងឺ ៦០នាក់បានស្លាប់ក្នុងមន្ទីរពេទ្យនីមួយៗ ដោយសារតែមិនមានបំពង់អុកស៊ីសែន។
ភូមាកំពុងមានករណីឆ្លងកូវីដ-១៩ហក់ឡើងខ្លាំងវិញហើយ
ភូមា ឬមីយ៉ាន់ម៉ានេះ ដោយសារតែវិបត្តិនយោបាយផ្ទៃក្នុងដែលបានអូសបន្លាយអស់ជាង ៦ខែកន្លងមកនេះ រដ្ឋាភិបាលរបបសឹកុយោធាភូមាមិនសូវបានយកចិត្តទុកដាក់លើបញ្ហាកូវីដ១៩ នៅក្នុងប្រទេសនោះទេ។ រហូតដល់ស្ថានការណ៍កូវីដ១៩កាន់តែអាក្រក់ទៅៗ កាលពីពេលថ្មីៗនេះ អាជ្ញាធរប្រចាំទីក្រុងធំទី២របស់ភូមា គឺក្រុងម៉ាន់ដាឡេ បានដាក់ចេញវិធានការបិទខ្ទប់មិនឲ្យប្រជាជនភូមាចេញពីផ្ទះនោះទេ ដោយកំណត់ឲ្យមួយគ្រួសារអាចចេញពីផ្ទះបានតែ១នាក់ប៉ុណ្ណោះ។ ប៉ុន្តែអាជ្ញាធរភូមាមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការបិទបញ្ចប់ដាក់វិធានការខាងលើនេះទេ។
ការដាក់ចេញវិធានការថ្មីពីអាជ្ញាធរភូមាដូចនេះ ធ្វើឡើងនៅបន្ទាប់ពីគេបានរកឃើញករណីឆ្លងថ្មីប្រចាំថ្ងៃហក់ឡើងដល់ជាង ១.៥០០នាក់ក្នុងមួយថ្ងៃកាលពីដើមខែកក្កដានេះ ពោលគឺមានការកើនឡើងខ្លាំងបើធៀបនឹងខែមិថុនា ដែលមានករណីឆ្លងតែជាង ១០០ករណីប៉ុណ្ណោះក្នុងមួយថ្ងៃ។
សូមជម្រាបថា ភូមាមានអ្នកឆ្លងកូវីដ១៩ សរុបជាង ១៦ម៉ឺននាក់ និង មានអ្នកស្លាប់ជាង ៣ពាន់៤រយនាក់ ជាមួយនឹងតួលេខឆ្លងប្រចាំថ្ងៃគិតជាមធ្យមបានកើនឡើងដល់ ១.៩០០នាក់ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
វៀតណាមដាក់វិធានការរឹតបន្ដឹងកាន់តែខ្លាំងជាងមុន ចំពេលកូវីដ-១៩ខ្លាំង
វៀតណាម ទោះបីមានឈ្មោះជាប្រទេសមានការគ្រប់គ្រងកូវីដ១៩បានល្អ និង មានករណីឆ្លងតិច បើធៀបនឹងប្រទេសសមាជិកអាស៊ានឯទៀតក្តី ក៏ប៉ុន្តែវៀតណាមមិនបានបន្ធូរដៃទេក្នុងការប្រយុទ្ធប្រឆាំងតតាំងជាមួយនឹងជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ។
រម្លឹកបន្តិច កាលពីអង្គារសប្តាហ៍នេះ វៀតណាមបានផ្អាកជើងហោះហើរទាំងចេញ និងចូលក្រុងហូជីមិញ បណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការចម្លងកូវីដ-១៩ បន្ទាប់ពីអាជ្ញាធរសុខាភិបាលវៀតណាមបានរកឃើញករណីឆ្លងថ្មីជាង ១.០០០ករណី អស់ពេលជាច្រើនថ្ងៃជាប់ៗគ្នា។ ទន្ទឹមនឹងនេះ ពលរដ្ឋរស់នៅក្រុងហូជីមីញទាំងអស់ត្រូវបានក្រើនរំឭកឲ្យបន្តនៅក្នុងផ្ទះ បើសិនមិនមានការចាំបាច់កុំចេញមកក្រៅ។
គួរបញ្ជាក់ថា វៀតណាមមានករណីឆ្លងកូវីដ១៩សរុបជាង ២ម៉ឺន២ពាន់ករណី ស្លាប់ជិត ១០០នាក់ប៉ុណ្ណោះ ដែលចំនួននេះ ជាតួលេខតិចជាងគេបើធៀបនឹងប្រទេសភូមិផងរបងជាមួយដូចជា កម្ពុជា និង ថៃជាដើម។
កូវីដ-១៩នៅថៃនៅតែបន្ដអូសបន្លាយ និងចំនួនអ្នកឆ្លងនៅតែមានរាប់ពាន់ក្នុងមួយថ្ងៃ
គិតមកដល់ម៉ោងនេះ ទីក្រុងបាងកក និង ខេត្តជុំវិញជាច្រើននៅបន្តស្ថិតក្នុងការរឹតបន្ដឹងសុវត្ថិភាពកូវីដ១៩នៅឡើយទេ ជាពិសេសនៅតាមបណ្តាការដ្ឋានសំណង់ដែលជាទីតាំងផ្ទុះការឆ្លងរាតត្បាតខ្លាំងជាងគេ។
គួរកត់សម្គាល់ថា សូម្បីតែលោកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក៏កំពុងស្ថិតនៅក្នុងផ្ទះរបស់លោកដែរ ដើម្បីធ្វើចត្តាឡីស័កដោយសារលោកបានទៅជួបថតរូបជាមួយនឹងអ្នកជំនួញម្នាក់នៅកោះភូកេតក្នុងពិធីទទួលភ្ញៀវទេសចរណ៍ថ្ងៃដំបូងដែលក្រោយមកបុរសអ្នកជំនួញរូបនោះត្រូវបានរកឃើញថាឆ្លងកូវីដ១៩។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧កក្កដា ថៃមានករណីឆ្លងកូវីដ១៩សរុបជាង៣០ម៉ឺននាក់ ករណីស្លាប់ជាង ២.៣០០នាក់ និងចំនួនអ្នកឆ្លងប្រចាំថ្ងៃគិតជាមធ្យមមានជិត ៦.០០០នាក់ក្នុងមួយថ្ងៃៗ។
កម្ពុជានៅមិនទាន់មើលឃើញពីសញ្ញាឆ្លងថយចុះទេ ខណៈអ្នកឆ្លងថ្មីប្រចាំថ្ងៃមានខ្ទង់ជាង៨០០ ទៅ៩០០នាក់
នៅមួយរយៈចុងក្រោយនេះ កម្ពុជាបានបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីក្នុងរង្វង់ជាង ៨០០ទៅ៩០០នាក់ក្នុងមួយថ្ងៃៗ ដែលចំនួននេះមិនមានការថមថយនោះទេ និង ថែមទាំងកំពុងចោទជាក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងៗ សម្រាប់សុខភាពពលរដ្ឋខ្មែរក្នុងប្រទេសនៃសមាជិកអាស៊ានមួយនេះ។
ជាក់ស្តែង នៅថ្ងៃទី៣០មិថុនាកន្លងទៅថ្មីនេះ កម្ពុជាបានកត់ត្រាពីចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងតួលេខច្រើនបំផុតមិនធ្លាប់មាន ក្នុងចំនួន ១១៣០នាក់ក្នុង១ថ្ងៃ។ ភ្លាមៗក្រោយតួលេខហក់ឡើងដល់ទៅ៤ខ្ទង់ដូចនេះ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានប្រកាសប្រាប់ដល់បណ្តាយផ្សព្វផ្សាយព័ត៌មាន «ស្ថានភាពកូវីដ១៩នៅកម្ពុជាបច្ចុប្បន្នបានឈានផុតបន្ទាត់ក្រហមទៅហើយ»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ខែកក្កដា កម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបចំនួនជាង ៥ម៉ឺន៧ពាន់នាក់ និងករណីស្លាប់ជិត៨០០នាក់ ចាប់តាំងពីវត្តមាននៃកូវីដ១៩ដំបូងនៅក្នុងប្រទេសកាលពីដើមឆ្នាំ២០២០មក៕