ថ្លែងនាឱកាសបើកសម្ពោធដាក់បង្ហាញគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញជាផ្លូវការនៅសណ្ឋាគារសុខា នារសៀលថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា វិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម គឺជាវិស័យពីរដែលមានភាពប្រទាក់ក្រឡាគ្នា និងជាឆ្អឹងខ្នង ហើយក៏ជាកម្លាំងជំរុញការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ រួមចំណែកដល់ផលិតភាព និងកំណើនសេដ្ឋកិច្ច។ PPLC ជួយពង្រឹងការតភ្ជាប់វិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ (GMS) អាស៊ាន និងពិភពលោកផងដែរ។
បើតាមការគូសបញ្ជាក់របស់លោក Robert Yap ប្រធានប្រតិបត្តិនៃក្រុមហ៊ុន YCH Group ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិសិក្សា និងអភិវឌ្ឍគម្រោងនេះ។ បើតាមការបញ្ជាក់របស់លោក Robert គម្រោងនេះនឹងសាងសង់ឡើងជា៣ដំណាក់កាល ជាមួយទុនវិនិយោគប្រមាណ២រយលានដុល្លារអាមេរិក ហើយដំណាក់កាលទី ១នឹងត្រូវចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៥ ប៉ុន្ដែ មិនបានបញ្ជាក់អំពីទីតាំងជាងក់លាក់របស់គម្រោងនេះនៅឡើយទេ។
ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សិង្ហបុរីរូបនេះបានគូសបញ្ជាក់ថា គោលបំណងនៃការសាងសង់គម្រោងនេះ គឺដើម្បីសម្រេចឲ្យបាននូវការតភ្ជាប់ការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសរវាងកម្ពុជាសិង្ហបុរី និងកម្ពុជាតែម្តង។ អ្នកជំនាញរូបនេះរំពឹងថា គម្រោងនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់ភ័ស្តុភារកម្មសម្រាប់អាស៊ាន ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ក៏ដូចជាការបណ្តុះបណ្តាលអ្នកមានទេពកោសល្យក្នុងស្រុក ដើម្បីលើកកម្ពស់ស្តង់ដារសម្រាប់ឧស្សាហកម្មខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា។
ជាមួយគ្នានេះឯកឧត្ដមទេសចរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជឿជាក់ថា គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ មិនត្រឹមតែដើរតួនាទីសំខាន់ក្នុងការពង្រឹងការតភ្ជាប់ពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសក្នុងតំបន់ និងក្នុងចំណោមប្រទេសមហាអនុតំបន់មេគង្គ GMS ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពនៃការដឹកជញ្ជូនពហុមធ្យោបាយ រួមមានផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែទឹកជ្រៅ និងការដឹកជញ្ជូនតាមផ្លូវអាកាស។ ហើយវាក៏នឹងបង្កើតជាប្រព័ន្ធអេកូឡូជីស្ទីកប្រកបដោយប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមដឹកជញ្ជូន ធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែង រួមបញ្ចូលទាំងខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group មានប្រសាសន៍ថា «យើងមានអំណរគុណចំពោះក្រុមហ៊ុន YCH Group ដែលបាននាំយកគម្រោងដ៏ប្រពៃនេះមកកម្ពុជា។ គម្រោងនេះនឹងល្អសម្រាប់ការអភិវឌ្ឍប្រទេស និងគាំទ្រដល់កំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ»។
សូមបញ្ជាក់ថា ក្រុមហ៊ុន YCH Group គឺជាក្រុមហ៊ុនឈានមុខគេមួយរបស់សិង្ហបុរី ដែលផ្តល់ដំណោះស្រាយលើខ្សែ សង្វាក់ផ្គត់ផ្គង់ពីដើមដល់ចប់ ជាដៃគូរដល់ក្រុមហ៊ុនធំៗ និងម៉ាកល្បីៗរបស់ពិភពលោកនៅទូទាំងទីក្រុងជាង ១០០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។