ដ្បិតថា ការចាប់អារម្មណ៍ក្នុងការរៀនដូរ្យតន្ត្រីដើម្បីចាប់យកជារបររកចំណូល មិនសូវជាមានច្រើនដូចការរៀនមុខវិជ្ជាផ្សេងៗទៀតក៏ពិតមែន ប៉ុន្ដែ បច្ចុប្បន្ន ការរៀនដូរ្យតន្ត្រីហាក់កំពុងមានការនិយមច្រើនជាងមុនគួរឲ្យកត់សម្គាល់ ពិសេសគឺក្មេងៗតែម្ដង។
អ្នកនាង ហ៊ុន ជាឡេង ជាម្ចាស់សាលាដូរ្យតន្ត្រី Simphony ដែលបានបង្កើតឡើងជិត១០មកហើយនោះ បានលើកឡើងថា សម្រាប់មុខវិជ្ជារៀនភ្លេង ឬដូរ្យតន្ត្រីនេះ គឺទាមទារឲ្យសិស្ស ពិសេស ក្មេងៗដែលមានការស្រឡាញ់ចូលចិត្តខ្លាំង និងមានការចងចាំឈ្លាសវៃ ដែលវាមានលក្ខណៈពិសេសខុសពីការរៀនមុខវិជ្ជាផ្សេងៗទៀត។
អ្នកនាងបន្ថែមថា បច្ចុប្បន្ន ការបើកសាលាដូរ្យតន្ត្រីនៅកម្ពុជា ពិសេស រាជធានីភ្នំពេញហាក់មានចំនួនកើនឡើងច្រើនគួរឲ្យកត់សម្គាល់ ពោលគឺមានប្រមាណជាង១០សាលាហើយមកទល់ពេលនេះ ខណៈដែលកាលពីមុន មានតែ២ ឬ ៣សាលាប៉ុណ្ណោះ។
តួយ៉ាង នៅក្នុងសាលារបស់អ្នកនាងតែមួយប៉ុណ្ណោះ មានសិស្សចូលរៀនដូរ្យតន្ត្រី រហូតដល់២០០នាក់ឯណោះ ហើយនៅឆ្នាំក្រោយនេះ សាលា Simphony ក៏គ្រោងនឹងពង្រីកសាខាថ្មីបន្ថែម១ទៀតផងដែរ។
ទន្ទឹមនឹងការកើនឡើងនៃចំនួនសាលាដូរ្យតន្ត្រីនេះដែរ ក៏បានធ្វើឲ្យការប្រកួតប្រជែងមានកាន់តែខ្លាំងក្លាជាងមុនដែរ ប៉ុន្ដែ អ្វីដែលសំខាន់គឺការពង្រឹងនូវគុណភាពនៃបង្ហាត់បង្រៀនរបស់គ្រូ គឺជាកត្តាគន្លឹះមួយ ដែលអ្នកនាង ហ៊ុន ជាឡេង ដែលជាម្ចាស់សាលាដូរ្យតន្ត្រី Simphony អះអាងថា អាជីវកម្មនេះត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត។
បើតាមគូសបញ្ជាក់ពីអ្នកនាង ហ៊ុន ជាឡេង ការបង្កើតអាជីវកម្មសាលាដូរ្យតន្ត្រីនេះ គឺមិនសូវជាមានភាពងាយស្រួលប៉ុន្មាននោះទេ ដោយសារតែវាមានការលំបាកខ្លាំងក្នុងការជ្រើសរើសគ្រូដែលមានជំនាញ និងបទពិសោធន៍ល្អ។
មិនតែប៉ុណ្ណោះ ការចំណាយដើមទុនក្នុងការបើកអាជីវកម្មសាលាបង្រៀនដូរ្យតន្ត្រីខ្នាតអន្តរជាតិទៀតសោត ក៏ត្រូវមានការចំណាយដើមទុនច្រើនម៉ឺនដុល្លារផងដែរ ដោយសារតែតម្លៃនៃសម្ភារ និងឧបករណ៍ភ្លេងនីមួយៗ គឺមានតម្លៃខ្ពស់។ ដូច្នេះ វាទាមទារឲ្យអ្នកដែលចាប់ផ្ដើមអាជីវកម្មនេះ ត្រូវមានចិត្តស្រឡាញ់ផ្នែកដូរតន្ត្រីនេះខ្លាំង ជាងការធ្វើអាជីវកម្មរកប្រាក់ចំណេញតែមួយមុខ៕