ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃទី១០ ខែមករា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាង ជាថ្មីម្ដងទៀតអំពី ការធ្វើទស្សនកិច្ចរបស់សម្ដេចនៅប្រទេសមីយ៉ាន់ម៉ាថា សកម្មភាពនេះមិនបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះឡើយ ប៉ុន្ដែវាជាការសម្របសម្រួលមួយក្នុងការចូលរួមជួយដោះស្រាយបញ្ហានយោបាយជាប់គាំងនៅក្នុងប្រទេសនេះ។ ជាមួយគ្នានេះ សម្ដេចក៏បានសង្កត់ធ្ងន់ទៀតថា បញ្ហានៅមីយ៉ាន់ម៉ា នឹងមិនមែនបញ្ចប់ត្រឹមកម្ពុជានោះទេ ហើយវានឹងបន្តដល់ប្រធានអាស៊ាននៅឆ្នាំបន្ទាប់ទៀតដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ម្ដងហើយម្ដងទៀត អំពីតួនាទីកម្ពុជា ជាប្រធានអាស៊ាន ពិសេសដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ ដល់ក្រុមអ្នកវិភាគ ក៏ដូចជា ប្រជាជនមីយ៉ាន់ម៉ា មួយចំនួនចំពោះប្រតិកម្មនឹងដំណើរទស្សនកិច្ចរបស់សម្ដេច នាថ្ងៃទី៧-៨ ខែមករា កន្លងមកនេះ។ សម្ដេចបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់មីយ៉ាន់ម៉ា មិនមានអ្វីក្រៅពី កុងសង់ស៊ីស ៥ចំណុច និងធម្មនុញ្ញរបស់អាស៊ាននោះទេ។
បន្ថែមលើនេះ សម្ដេចក៏បានបញ្ជាក់ទៀតថា បញ្ហាផ្សេងៗ ដែលកើតមាននៅមីយ៉ាន់ម៉ា ក៏មិនអាចបញ្ចប់ត្រឹមឆ្នាំ២០២២ នោះដែរ វានឹងបន្តដល់ប្រធានអាស៊ានថ្មី នៅឆ្នាំក្រោយទៀត ខណៈសម្ដេច ហ៊ុន សែន បានណែនាំឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីបង្កើតនូវយន្តការពីរចំណុច ក្នុងការសម្របសម្រួលភាពជាដៃគូរអាស៊ាន ឱ្យមានការឈប់បាញ់ និងអំពើហិង្សា នៅប្រទេសមីយ៉ាន់ម៉ា។
ជាមួយគ្នានោះ សម្ដេច ហ៊ុន សែន ក៏បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា ភាគីអាស៊ានទាំងអស់នឹងចូលរួមបង្កើតនូវយន្តការរួមសម្រាប់អាស៊ាន ដើម្បីឈានឆ្ពោះទៅរកការចរចា ជាមួយមីយ៉ាន់ម៉ា ហើយមីយ៉ាន់ម៉ា ផ្ទាល់ក៏ត្រូវមានយន្តការខ្លួនឯងដែរ ដើម្បីបើកផ្លូវដល់អាស៊ាន។ ការធ្វើឱ្យមានបទឈប់បាញ់ និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋ មីយ៉ាន់ម៉ា គឺកិច្ចការចាំបាច់មុនឈានដល់ការសន្ទនាជាមួយអ្នកពាក់ព័ន្ធ ដែលធ្វើដោយប្រេសិតអាស៊ាន។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចបានចាត់ទុក អ្នកដែលប្រឆាំងនឹងបទឈប់បាញ់ ក៏ដូចជា ការផ្ដល់ជំនួយទៅកាន់មីយ៉ាន់ម៉ា គឺជាអ្នកចង់ឱ្យមានការបាញ់គ្នា និងគ្រោះអត់ឃ្លាននៅក្នុងប្រទេសនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧-៨ ខែមករា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរទស្សនកិច្ចទៅកាន់សហភាពមីយ៉ាន់ម៉ា ក្នុងគោលបំណងសម្របសម្រួលលើបញ្ហាមួយចំនួន ដែលកំពុងកើតមានក្នុងប្រទេសសមាជិកអាស៊ានមួយនេះ និងដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាប្រធានអាស៊ាន។ ក្នុងនោះ លទ្ធផលនៃដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ ដែលសម្រេចបានពីដំណើរទស្សនកិច្ចនេះ មានដូចជា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានសម្រេចពន្យារបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំ២០២២ ខណៈឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់អនុវត្តបទឈប់បាញ់ ដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន បញ្ឈប់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត៕