
របបសឹកមីយ៉ាន់ម៉ា បានបង្ហាញការប្តេជ្ញាចិត្តគួរឱ្យភ្ញាក់ផ្អើល ដោយសន្យានឹងរៀបចំការបោះឆ្នោតឲ្យបានមុនដំណាច់ឆ្នាំ២០២៥ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ច ក៏ដូចជាបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ។ បើតាមការអះអាងរបស់ប្រមុខយោធាមីយ៉ាន់ម៉ា មីន អោងលាំង ការបោះឆ្នោតទំនងជាអាចប្រព្រឹត្តទៅនៅចុងឆ្នាំនេះ ហើយលោកបានស្នើឱ្យក្រុមប្រឆាំងប្រដាប់អាវុធឱ្យចូលរួមក្នុងចលនាបង្កើតគណបក្សនយោបាយ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតទាំងអស់គ្នា។
ពាក់ព័ន្ធការបោះឆ្នោតនេះ លោកឧត្តមសេនីយ៍ ដែលបានបោះជំហានក្លាយជាមេដឹកនាំរបបយោធាក្រោយរដ្ឋប្រហារឆ្នាំ២០២១ ទម្លាក់របបដឹកនាំស៊ីវិលរបស់លោកស្រី អ៊ុង សានសូជី នោះ បានអះអាងក្នុងអំឡុងធ្វើទស្សនកិច្ចនៅប្រទេសបេឡារុសថ្មីៗនេះថា មីយ៉ាន់ម៉ាមានគណបក្សនយោបាយចំនួន៥៣ហើយ ដែលបានចុះបញ្ជីចូលរួមនៅក្នុងដំណើរការបោះឆ្នោត ដែលគ្រោងធ្វើឡើងនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥។
ជុំវិញដំណើរការបោះឆ្នោតនេះ អ្នកវិភាគបានលើកឡើងថា ការសន្យារបស់របបយោធាមីយ៉ាន់ម៉ា ពិបាកនឹងជឿទុកចិត្តណាស់ ដោយសារនេះមិនមែនជាលើកទី១នោះទេ ដែលមេដឹកនាំរូបនេះ បានសន្យាបែបនេះ។ ចាប់តាំងពីធ្វើរដ្ឋប្រហារយោធាមក មេដឹកនាំយោធារូបនេះតែងតែអះអាងជាបន្តបន្ទាប់ថា ការបោះឆ្នោត គឺជាគោលដៅចម្បង ប៉ុន្តែកាលបរិច្ឆេទត្រូវបានប្តូរជាបន្តបន្ទាប់។
អ្នកវិភាគបានលើកឡើងថា បើទោះបីជាមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតតាមការសន្យានៅលើកនេះក៏ដោយ ក៏សន្លឹកឆ្នោតមិនតំណាងឲ្យការបោះឆ្នោត ដែលមានលក្ខណៈសេរី យុត្តិធម៌ និងតម្លាភាពនោះដែរ ដោយសារពេលនេះក្រុមមេដឹកនាំនៃគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ នៅបន្តឃុំខ្លួន ដោយរួមទាំងលោកស្រី អ៊ុង សានសូជី ដែលកំពុងជាប់ឃុំសរុប២៧ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោស៕
ដោយៈ សរ សុជាតិ