ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពលោកស្រី អ៊ុងសាន ស៊ូជី ដែលឈានចូលអាយុ ៧៧ ឆ្នាំទៅហើយនោះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មយ៉ាងតិច ២០ ករណី ចាប់តាំងពីលោកស្រីត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារកាលពីដើមឆ្នាំមុន ហើយក្នុងនោះ ក៏រួមទាំងអំពើពុករលួយជាច្រើនករណីផងដែរ។
រហូតមកទល់ពេលនេះមេដឹកនាំរបបយោធាលោក Min Aung Hlaing បានអនុញ្ញាតឱ្យលោកស្រី ស៊ូជី បន្តឃុំខ្លួននៅទីតាំងសម្ងាត់មួយនៅក្នុងរដ្ឋធានីណៃពិដោ (Naypyitaw) ទោះបីជាមានការកាត់ទោសពីបទញុះញង់ និងបទល្មើសតិជាច្រើនទៀតក៏ដោយ ប៉ុន្ដែ លោកស្រី ស៊ូជី បានបដិសេធការចោទប្រកាន់ទាំងអស់នេះ ខណៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា លោកស្រី ស៊ូជី ក៏ត្រូវបានប្ដូរពីការឃុំខ្លួនក្នុងផ្ទះទៅឃុំខ្លួននៅក្នុងពន្ធនាគារក្រុងណៃពិដោកាលពីថ្ងៃពុធសប្ដាហ៍នេះផងដែរ។
ប្រភពដែលលាក់អត្តសញ្ញាណដោយសារព្រួយបារម្ភពីសុវត្ថិភាព បានប្រាប់សារព័ត៌មានរ៉យទ័រថា សវនាការមួយចំនួននឹងត្រូវប្តូរទៅធ្វើនៅក្នុងតុលាការពិសេសថ្មីមួយនៅក្នុងពន្ធនាគារតែម្ដងនៅក្នុងទីក្រុងណៃពិដោ។
រាល់ដំណើរការកាត់ក្តីដ៏យូរអង្វែងរបស់តុលាការចំពោះករណីរបស់លោកស្រី ស៊ូជី បានធ្វើឡើងដោយបិទទ្វារដោយផ្ដល់ព័ត៌មានកំណត់តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋតែប៉ុណ្ណោះ។ ក្រុមមេដឹកនាំយោធាក៏បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមេធាវីរបស់លោកស្រីផងដែរ ដើម្បីឱ្យមេធាវីបានចូលរួមក្នុងថ្ងៃជំនុំជម្រះក្ដីរបស់លោកស្រី។
មកដល់ពេលនេះ គេនៅមិនទាន់ច្បាស់ថា តើលោកស្រី ស៊ូជី បានជ្រាបច្បាស់ពីវិបត្តិដែលកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែរ ឬយ៉ាងណានោះទេ ខណៈដែលវាកំពុងស្ថិតក្នុងភាពវឹកវរចាប់តាំងពីរដ្ឋប្រហារយោធាដោយសាររបបយោធាកំពុងប្រឹងតស៊ូ ដើម្បីបង្រួបបង្រួមអំណាច និងប្រឈមមុខនឹងការតស៊ូចេះតែកើនឡើងពីក្រុមជីវពលក្នុងស្រុក។
បណ្តាប្រទេសលោកខាងលិចបានហៅការកាត់ទោសនេះថា ជាការបោកប្រាស់ និងទាមទារឱ្យមានការដោះលែងលោកស្រីជាបន្ទាន់ ប៉ុន្តែរបបយោធាបានឆ្លើយតបវិញថា លោកស្រី ស៊ូជី កំពុងកាត់ទោសដោយប្រព័ន្ធតុលាការឯករាជ្យ។
សូមរំលឹកថា អ្នកទទួលបានពានរង្វាន់ណូបែលសន្តិភាពរូបនេះ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលធ្វើរដ្ឋប្រហារដោយយោធាកាលពីដើមឆ្នាំមុន ហើយត្រូវបានរកឃើញថាមានពិរុទ្ធភាពនៃបទល្មើសតូចតាចមួយចំនួន ដោយរហូតមកដល់ពេលនេះនៅក្នុងចំណោមការចោទប្រកាន់ជាច្រើនទៀត ដែលអនុវត្តការកាត់ទោសដាក់ពន្ធនាគារសរុបរយៈគឺមានរយៈពេលដលទៅជិត ១៩០ ឆ្នាំឯណោះ។
មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតតាមប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី ដែលនាំឱ្យមានការតវ៉ាកាន់តែខ្លាំងឡើង និងបានបង្កើនការព្រួយបារម្ភជាអន្តរជាតិពីការបញ្ចប់កំណែទម្រង់នយោបាយបណ្តោះអាសន្ន បន្ទាប់ពីការគ្រប់គ្រងដោយយោធាជាច្រើនទសវត្សរ៍មកនេះ៕
អត្ថបទ៖ សុខ ជា