កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានចំនួន៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ១៦ និងទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ ក្នុងនោះកិច្ចប្រជុំសំខាន់ៗរួមមានកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងធ្វើឡើងនៅថ្ងៃទី១៦ និង១៧កុម្ភៈ ខណៈថ្ងៃទី១៥ជាថ្ងៃដំបូង គឺជាការមកដល់នៃគណៈប្រតិភូរដ្ឋមន្ត្រីការបរទេសសមាជិកអាស៊ាននានាប៉ុណ្ណោះ។ នេះបើយោងតាមផែនការសកម្មភាព និងរបៀបវារៈនៃកិច្ចប្រជុំចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា។
យ៉ាងណាមិញកិច្ចប្រជុំនេះ ធ្វើឡើងដោយអវត្តមានរដ្ឋមន្ត្រីការបរទេសនៃយោធាមីយ៉ាន់ម៉ា។ ការដែលអាស៊ាន មិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាឲ្យចូលរួមកិច្ចប្រជុំ គឺក្រោមហេតុផល ប្រទេសនេះមានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀងដំណោះស្រាយជាឯកច្ឆន្ទទាំង៥ចំណុចដែលអាស៊ានបានផ្តល់ឲ្យ តាំងតែពីខែមេសាឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសមីយ៉ាន់ម៉ាចេញផ្សាយនៅយប់ថ្ងៃចន្ទបានគូសបញ្ជាក់ថា «ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន និងមីយ៉ាន់ម៉ា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងសមាគមន៍អាស៊ានក៏ដោយ វាពិតជាគួរឱ្យសោកស្ដាយដែលការសម្រេចចិត្តមិនអញ្ជើញថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ដែលធ្លាប់ធ្វើឡើងកាលពីឆ្នាំមុន បានកើតឡើងម្តងទៀត ហើយដែលជាគោលការណ៍មីយ៉ាន់ម៉ាមិនអាចទទួលយកបានឡើយ»។
សេចក្តីថ្លែងការណ៍ដដែលបន្តថា «ក្នុងន័យនេះ វាបង្ហាញពីអសមត្ថភាពរបស់មីយ៉ាន់ម៉ា ក្នុងការចូលរួម ឬសូម្បីតែតែងតាំងអ្នកតំណាងមិនមែននយោបាយឲ្យចូលរួម ប្រការទាំងនេះគឺផ្ទុយស្រលះនឹងគោលការណ៍អាស៊ាន និងភាពជាតំណាងស្មើភាពក្នុងកិច្ចប្រជុំអាស៊ាន»។
គួររំឭកថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលប្រ៊ុយណេធ្វើជាប្រធាន កាលពីខែតុលាឆ្នាំ២០២១ ក៏មិនបានអញ្ជើញមេដឹកនាំយោធាលោក ម៊ីន អ៊ុងឡាំង អោយចូលរួមផងដែរ ដោយបានអនុញ្ញាតឲ្យអ្នកតំណាងមិនពាក់ព័ន្ធនឹងនយោបាយចូលរួមជំនួស ប៉ុន្តែមិនមានបេក្ខភាពណាម្នាក់បង្ហាញវត្តមានឡើយកាលពីពេលនោះ។
រីឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ បានសម្រេចកោះអញ្ជើញតំណាង មីយ៉ាន់ម៉ាដែលមិនមែនជាអ្នកនយោបាយឲ្យចូលរួមប្រជុំដូចគ្នា ក៏ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបពីភាគីមីយ៉ាន់ម៉ានៅឡើយ ខណៈដែលប្រទេសសមាជិកអាស៊ានចំនួន៨ផ្សេងទៀតបានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានរួចហើយ ក្នុងនោះថៃ និងប្រ៊ុយណេបានត្រឹមចូលរួមតាមអនឡាញប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់ ដោយក្រសួងការបរទេសកម្ពុជា។
សូមជម្រាបថា បន្ទាប់ពីពន្យារពេលម្តងរួចមកហើយកាលពីខែមករា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយប្តូរពីការធ្វើឡើងនៅខេត្តសៀមរាប មកធ្វើនៅរាជធានីភ្នំពេញវិញ ចាប់ពីថ្ងៃទី១៥កុម្ភៈនេះ ដល់ថ្ងៃទី១៧កុម្ភៈឆ្នាំ២០២២៕