តាមរយៈការដកស្រង់នូវការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន ខេមបូណូមីសបានស្រង់យកនូវខ្លឹមសារព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗ មួយចំនួន ដែលបានអង្រួនដោយប្រព័ន្ធផ្សព្វផ្សាយធំៗ ជុំវិញដំណើរទស្សនកិច្ចដ៏ព្រឺព្រួចរបស់លោកស្រី ផេឡូស៊ី នៅកោះតៃវ៉ាន់។
នៅមុនដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាអាមេរិកទៅដល់ កោះតៃវ៉ាន់ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា៖ «អាមេរិកប្រមើលមើលរួចហើយថា ការឆ្លើយតបរបស់ចិនជុំវិញដំណើរទស្សនៈកិច្ចនេះ អាចរួមមានការបាញ់មីស៊ីលប្រឆាំងណាមួយនៅជិតកោះតៃវ៉ាន់ សមយុទ្ធយោធាតាមផ្លូវអាកាស ឬកងទ័ពជើងទឹកទ្រង់ទ្រាយធំណាមួយ ដូចជាការអះអាងរបស់ទីក្រុងប៉េកាំងកន្លងមកថា ច្រកសមុទ្រតៃវ៉ាន់មិនមែនជាផ្លូវទឹកអន្តរជាតិនោះឡើយ»។ ក៏ប៉ុន្ដែ នៅទីបំផុត ពោលគឺនៅយប់ថ្ងៃទី ២ ខែសីហា លោកស្រី ផេឡូស៊ី បានទៅដល់ទីក្រុងតៃប៉ិ ដោយសុវត្ថិភាព តាមការគ្រោងទុក។ ទោះយ៉ាងណា គេតាមដានដឹងថា យន្ដហោះរបស់លោកស្រី មិនបានហោះឆ្លងកាត់សមុទ្រចិនខាងត្បូងនោះទេ ប៉ុន្ដែ បានហោះវាងតំបន់នោះ ដ្បិតថា នៅមុនដំណើរទស្សនកិច្ច ប្រទេសចិនបានគំរាមនឹងប្រើប្រាស់កម្លាំង ហើយក៏មានការកំញើញ ដោយសកម្មភាពយោធាជាច្រើននៅតំបន់នោះផងដែរ។
ទីក្រុងប៉េកាំងនៅព្រឹកថ្ងៃទី ២ សីហានេះដែរ ក៏បានបញ្ជាឲ្យយន្ដហោះចម្បាំងជាច្រើនគ្រឿង ហោះឆ្វែលនៅក្បែរច្រកដែនសមុទ្រតៃវ៉ាន់ផងដែរ នៅមុនលោកស្រី ផេឡូស៊ីទៅដល់កោះតៃវ៉ាន់។ ខណៈដែល នៅរសៀលថ្ងៃទី ០២ ខែសីហាដដែលនោះ កងទាហានជើងទឹកសហរដ្ឋអាមេរិក ក៏បានដាក់ពង្រាយនាវាចម្បាំងរបស់ខ្លួនចំនួន៤ នៅភាគខាងកើតកោះតៃវ៉ាន់ នៅមុនដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី ប្រធានសភាអាមេរិកទៅដល់កោះតៃវ៉ាន់ដូចគ្នា។ ខណៈដែលខាងខាងភាគីតៃវ៉ាន់ឯណោះវិញ ក៏បានប្រកាសឲ្យកងកម្លាំងរបស់ខ្លួន ប្រុងជើងការខ្ពស់ ក្នុងកម្រិតអាសន្នត្រៀមប្រយុទ្ធ ចាប់តាំងពីព្រឹក ថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ពេលថ្ងៃត្រង់ នៅសប្ដាហ៍នេះផងដែរ។
ទោះបីជាមានការថ្កោលទោសគំរាមកំហែងដោយផ្លូវការទូត និងសកម្មភាពយោធាក្ដី ប៉ុន្ដែ លោកស្រី ផេឡូស៊ី នៅតែក្លាហានទៅជាន់ដីតៃវ៉ាន់ទាល់តែបាន ហើយក៏ត្រៀមជួបពិភាក្សាជាមួយនឹងមេដឹកនាំតៃវ៉ាន់លោកស្រី សៃ អ៊ីនវេនផងដែរ។
គ្រាន់តែទៅដល់ទីក្រុងតៃប៉ិភ្លាម លោកស្រី ផេឡូស៊ី បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ គឺបញ្ជាក់ពីការគាំទ្រការប្ដេជ្ញាចិត្តរបស់អាមេរិក ក្នុងការគាំទ្រប្រជាធិបតេយ្យរបស់តៃវ៉ាន់តែប៉ុណ្ណោះ។ លោកស្រីបន្ថែមថា ស្សនកិច្ចនេះ មិនផ្ទុយនឹងគោលនយោបាយរបស់អាមេរិក ដែលមានចំពោះតៃវ៉ាន់ឡើយ ហើយអាមេរិកបន្តជំទាស់សកម្មភាពឯកតោភាគី ក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ តំណាងសភាអាមេរិក នឹងជជែកជាមួយតៃវ៉ាន់ជុំវិញប្រធានបទលើផលប្រយោជន៍រួម ការពង្រឹងយុទ្ធសាស្ត្រសេរី និងបើកចំហក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាដើម។
យ៉ាងណាមិញ នៅក្រោយពេលលោកស្រី ផេឡូស៊ី បានចតយន្ដហោះដល់ដីតៃវ៉ាន់ភ្លាម រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីថ្ងៃអង្គារ ទី២សីហាថា អ្នកនយោបាយអាមេរិកទាំងនោះដែល "ហ៊ានប្រលែងលេងជាមួយភ្លើង" លើបញ្ហាតៃវ៉ាន់នឹង "មិនបញ្ចប់ទៅដោយល្អនោះទេ” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
ប្រភពព័ត៌មានពី CGT បានឲ្យដឹងថា ក្រសួងការពារជាតិចិន ក៏បានដាក់ឲ្យមានការប្រុងជើងការខ្ពស់ ដោយនឹងចាប់ផ្តើមប្រតិបត្តិការយោធាតាមគោលដៅជាបន្តបន្ទាប់ ដែលជាវិធានការតបត និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិលោក Wu Qian បាននិយាយកាលពីថ្ងៃអង្គារ បន្ទាប់ពីការមកដល់របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក Nancy Pelosi នៅកោះតៃវ៉ាន់។
ជាមួយគ្នានេះ បញ្ជាការដ្ឋានភាគខាងកើតនៃកងទ័ពរំដោះប្រជាជន (PLA) នឹងធ្វើប្រតិបត្តិការយោធាជាបន្តបន្ទាប់ជុំវិញកោះតៃវ៉ាន់ ចាប់ពីយប់ថ្ងៃទី២ សីហាតទៅតែម្ដង។ នេះបើយោងតាម វរសេនីយ៍ឯក Shi Yi អ្នកនាំពាក្យនៃបញ្ជាការដ្ឋានភាគខាងកើតរបស់កងរំដោះប្រជាជនចិន ដែលបានបាននិយាយកាលពីថ្ងៃអង្គារទី២សីហា។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃច័ន្ទទី១ សីហា ក៏បានផ្ញើសារឱ្យប្រទេសចិន ធ្វើសកម្មភាពទាំងឡាយណាប្រកបដោយការទទួលខុសត្រូវ និង «កុំឲ្យចិនយកលេសនៃដំណើរទស្សនកិច្ចនៅតៃវ៉ាន់នេះ ធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់នោះ»។
បើក្រឡេកមើលផ្លូវការទូតឯណេះវិញ លោក Zhang Jun ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ដំណើរទស្សនកិច្ចបែបនេះទំនងជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយប្រាកដណាស់ វានឹងធ្វើឱ្យប្រេះឆាដល់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកផងដែរ»។
លោក Zhang បានបន្ថែមធ្ងន់ៗថា «ទំនោររបស់តៃវ៉ាន់ឆ្ពោះទៅរកឯករាជ្យភាព បានឆាបឆួលស្រាប់ទៅហើយ ប្រសិនបើចិនមិនចាត់វិធានការសមស្របដើម្បីបញ្ឈប់វាទេ ស្ថានភាពអាចនឹងពិបាកក្នុងការគ្រប់គ្រង។
សូមបញ្ជាក់ថា លោកស្រី ផេឡូស៊ី នឹងត្រូវជួបជាមួយមេដឹកនាំកំពូលរបស់តៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន នៅថ្ងៃពុធទី៣ សីហា និងមានការទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាផងដែរ។ លោកស្រី ផេឡូស៊ី គឺជាមេដឹកនាំនយោបាយជាន់ខ្ពស់បំផុតមួយ ដែលបានធ្វើដំណើរទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ រាប់ចាប់តាំងពីឆ្នាំ១៩៩៧មក។ មុនធ្វើដំណើរមកដល់កោះតៃវ៉ាន់ ប្រធានសភាអាមេរិករូបនេះ បានទស្សនកិច្ចនៅប្រទេសតំបន់អាស៊ីមួយចំនួនដូចជា សិង្ហបុរី និងម៉ាឡេស៊ី។ ហើយក្រោយពីចាកចេញពីតៃវ៉ាន់ លោកស្រី នឹងបន្ដដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន៕