អតិផរណាកម្ពុជានៅឆ្នាំ២០២២

ធនាគារជាតិនៃកម្ពុជា៖ អតិផរណាជាមធ្យមនៅឆ្នាំ២០២២ មិនប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋឡើយ


ស្របពេលដែលពិភពលោកកំពុងទទួលរងនូវវិបត្តិជាច្រើន រួមទាំងអតិផរណាកើនឡើងផងដែរនោះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ នៅថ្ងៃទី ១៩ ខែមករា បានអះអាងថា ស្ថានភាពអតិផរណានៅកម្ពុជាបានបង្ហាញពីទំនោរថមថយចុះគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ដោយបានធ្វើឲ្យអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំ២០២២ មានកម្រិត ៥,៤% ដែលជាកម្រិតមធ្យមនៅឡើយ និងមិនបានបង្កប៉ះពាល់ខ្លាំងដល់ការវិនិយោគ ផលិតកម្ម និងការប្រើប្រាស់ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានោះឡើយ ។
អតិផរណាកម្ពុជានៅឆ្នាំ២០២២មិនប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋឡើយ

ថ្លែងនៅក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ២០២៣របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានលើកឡើងថា នាឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកបានបន្តងើបឡើងដោយសារភាពធូរស្រាលនៃការរាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែបញ្ហាប្រឈមមួយចំនួននៅតែបន្តមាន ដូចជា ការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ដោយសារវិធានការបិទខ្ទប់នៅប្រទេសចិន និងការផ្ទុះឡើងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបានបង្កើនថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ និងវត្ថុធាតុដើម ។ ការអូសបន្លាយនៃសង្គ្រាមបានធ្វើឱ្យអតិផរណាពិភពលោកកើនឡើងយ៉ាងឆាប់រហ័សដល់ ៨,៨% ។ នៅសហរដ្ឋអាមេរិក អតិផរណាបានកើនឡើងដល់អត្រា ៩,១% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ទសវត្សរ៍ចុងក្រោយ ។
ដើម្បីប្រឆាំងអតិផរណា ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់គោលយ៉ាងគំហុកលឿនជាងការរំពឹងទុក ដែលបានបណ្តាលឱ្យមូលធនហូរចូលសហរដ្ឋអាមេរិក ហើយបង្កឱ្យប្រាក់ដុល្លារអាមេរិកឡើងថ្លៃ និងភាពរឹតត្បិតនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ។ ក្នុងស្ថានភាពនេះ ឯកឧត្តម ជា ចាន់តូ មើលឃើញថា ធនាគារកណ្តាលផ្សេងទៀត បានប្រឈមនឹងបញ្ហាចម្បងយ៉ាងហោច ៣ គឺ កម្រិតខ្ពស់នៃអតិផរណា, លំហូរចេញនៃមូលធន និងការធ្លាក់ថ្លៃរូបិយប័ណ្ណរបស់ខ្លួន ។
កត្តាទាំងនេះបានបង្អាក់សន្ទុះកំណើនសេដ្ឋកិច្ច និងប្រឈមនឹងសេដ្ឋកិច្ច Stagflation ដែលមានន័យថាកំណើនមានកម្រិតទាប អត្រាគ្មានការងារខ្ពស់ ហើយអតិផរណាស្ថិតក្នុងកម្រិតខ្ពស់ ។

ជុំវិញស្ថានភាពអតិផរណាពិភពលោកប៉ោងឡើងនេះដែរ ឯកឧត្តម ជា ចាន់តូ បានអះអាងថា អតិផរណាកម្ពុជាក៏បានកើនឡើងផងដែរ ជាពិសេសចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២ ដែលមានដល់កម្រិត ៧,៨% ប៉ុន្តែបានថយចុះមកវិញជាបន្តបន្ទាប់នៅឆមាសទី២ ហើយគិតត្រឹមខែធ្នូឆ្នាំមុន អតិផរណាមានកម្រិតត្រឹមតែ ២,៩% ប៉ុណ្ណោះ ។ ជារួម អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ២០២២ របស់កម្ពុជា មានកម្រិត ៥,៤% ដែលជាកម្រិតមធ្យមនិងមិនប៉ះពាល់ខ្លាំងដល់ការវិនិយោគ ផលិតកម្ម និងការប្រើប្រាស់ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ ស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការកើនឡើងនៃអតិផរណា តាមរយៈការការពារអំណាចទិញនៃប្រាក់រៀល និងការថយចុះអតិផរណានាំចូលនាពេលដែលប្រាក់ដុល្លារអាមេរិកឡើងថ្លៃ ។
ស្របពេលស្ថានការពិភពលោកប្រឈមនឹងវិបត្តិច្រើននេះដែរ ទេសាភិបាលធនាគារជាតិនៃកម្ពុជាអះអាងថា សេដ្ឋកិច្ចកម្ពុជាកម្ពុជា គឺនៅតែសម្រេចបានកំណើនល្អ ដោយតាមការប៉ាន់ស្មាន គឺបន្ដកើនឡើងក្នុងអត្រា ៥,១% នៅឆ្នាំ២០២២ ដែលគាំទ្រដោយការនាំចេញ ជាពិសេស វិស័យវាយនភណ្ឌ ភាពប្រសើរឡើងជាលំដាប់នៃវិស័យសេវាកម្ម និងប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បើទោះបីជាវិស័យកសិកម្ម សំណង់ និងអចលនទ្រព្យកើនទាបក៏ដោយ ។ ការងើបឡើងនៃកំណើន បន្តសម្រេចបាន ក៏ដោយសារការគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាល និងភាពរឹងមាំនៃទំនុកចិត្តរបស់វិនិយោគិនផងដែរ៕




អត្ថបទបន្ទាប់


ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងបិទបញ្ចប់នៅខែមីនា

បន្ទាប់ពីបានចរចាគ្នាយ៉ាងផុសផុលអស់ពីរជុំរួចមក កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម គ្រោងនឹងបិទបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រ…

ខុនដូ ដឹស្តា ប៉ូឡារីស 23 និងក្រុមហ៊ុន POINTER Property បានចុះហត្ថលេខាលើភាពជាដៃគូលក់ និងជួលផ្តាច់មុខ

ក្រុមហ៊ុន POINTER Property បានទទួលសិទ្ធិពិសេសជាផ្លូវការពីក្រុមហ៊ុន បុរី ប៉េង ហួត តាមរយៈកម្មវិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ