វិស័យវិទ្យាសាស្ត្រ

អ្នកវិទ្យាសាស្ត្រចាកចេញពីអាម៉េរិក ទៅកាន់តំបន់អាស៊ី និងអឺរ៉ុបកាន់តែច្រើន ដោយសារគោលនយោបាយទិដ្ឋាការដ៏តឹងរ៉ឹង


សហរដ្ឋអាម៉េរិក ដែលធ្លាប់តែជាមជ្ឈមណ្ឌលប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រកំពូលៗរបស់ពិភពលោកតាំងពីក្រោយសម័យសង្គ្រាមលោកលើកទី២មកនោះ កំពុងប្រឈមនឹងការបាត់បង់ឋានៈនេះជាបណ្តើរៗហើយ​។ យោងតាមទិន្នន័យពី STAT News និង MassINC Polling Group បានបង្ហាញថា គោលនយោបាយអន្តោប្រវេសន៍ និងការរឹតបន្តឹងទិដ្ឋាការដ៏តឹងរ៉ឹងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបង្ខំឱ្យអ្នកវិទ្យាសាស្ត្របរទេសសម្រេចចិត្តចាកចេញពីមន្ទីរពិសោធន៍នៅអាម៉េរិក ហើយបង្វែរគោលដៅទៅកាន់តំបន់អាស៊ី និងអឺរ៉ុបជំនួសវិញ។
វិស័យវិទ្យាសាស្ត្រ
ដោយ

ការស្ទង់មតិថ្មីមួយលើអ្នកស្រាវជ្រាវអាម៉េរិកប្រមាណ១ពាន់នាក់បានរកឃើញថា អ្នកវិទ្យាសាស្រ្តមិនមានសញ្ជាតិអាម៉េរិកប្រមាណ១៤% បានចាកចេញពីតួនាទី និងការងាររបស់ពួកគេនៅតាមបណ្តាមន្ទីរពិសោធន៍នានានៅអាម៉េរិក ដោយសារច្បាប់ទិដ្ឋាការដ៏តឹងរ៉ឹងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ស្របពេលដែលអត្រាវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្រ្តខាងវេជ្ជសាស្រ្តបរទេសបានថយចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
ការស្ទង់មតិដែលធ្វើឡើងដោយ STAT News និង MassINC Polling Group ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ បានបង្ហាញថា អត្រានិស្សិតបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រអន្តរជាតិ ដែលត្រូវការទិដ្ឋាការដើម្បីបម្រើការងារបានធ្លាក់ចុះមកត្រឹមជាង៥៤%។ ផ្ទុយទៅវិញ និស្សិតបរទេសដែលមិនតម្រូវឱ្យមានទិដ្ឋាការបែរជាមានអត្រាកើនឡើងរហូតដល់ជិត៦៨% ដែលនេះសបញ្ជាក់ឱ្យឃើញថា របាំងទិដ្ឋាការ គឺជាឧបសគ្គចម្បងក្នុងការទាក់ទាញធនធានមនុស្ស។
លោក ម៉ាតស៊ូ អាឡិចហ្សេនឌ័រ (Matthew Alexander) សាស្ត្រាចារ្យផ្នែកសរសៃប្រសាទកុមារ និងពន្ធុវិជ្ជានៅសាកលវិទ្យាល័យ Alabama បានព្រមានថា គោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ នឹងបង្កឱ្យមានការហូរចេញនូវខួរក្បាលផ្នែកវិទ្យាសាស្ត្រក្នុងរយៈពេលវែង។ លោកបន្ថែមថា ធនធានមនុស្សដ៏មានសក្តានុពលទាំងនេះ នឹងនាំយកចំណេះដឹង និងការបង្កើតថ្មីទៅពង្រឹងសក្តានុពលនៅតំបន់អាស៊ី និងអឺរ៉ុបវិញ។
អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺបញ្ហាជីវភាព និងហិរញ្ញវត្ថុ។ បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ និងវេជ្ជបណ្ឌិតបរទេសដែលចង់ស្នាក់នៅអាម៉េរិកក្រោមទិដ្ឋាការប្រភេទ H-1B អាចនឹងត្រូវរងសម្ពាធចំណាយលើទិដ្ឋាការ ដែលហក់ឡើងខ្ពស់ខ្លាំង ខណៈដែលកាលពីមុនមានតម្លៃត្រឹមតែចន្លោះពី២,០០០ ទៅ ៥,០០០ ដុល្លារប៉ុណ្ណោះ។ លើសពីនេះ រដ្ឋបាលលោក ត្រាំ ក៏បានពង្រីកវិសាលភាព នៃការរឹតបន្តឹងទិដ្ឋាការនេះរហូតដល់ទៅ៣៩ប្រទេស ដែលធ្វើឱ្យច្រកទ្វាររបស់មហាអំណាចវិទ្យាសាស្ត្រមួយនេះ កាន់តែតូចចង្អៀតសម្រាប់អ្នកប្រាជ្ញទូទាំងសកលលោក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហេតុអ្វីរដ្ឋាភិបាលឥណ្ឌា ស្នើឱ្យពលរដ្ឋផ្អាកទិញមាស​មួយឆ្នាំ?

តម្រូវការមាសដ៏មហិមារបស់ប្រជាជនឥណ្ឌា កំពុងក្លាយជាវិញ្ញាសាដ៏ក្តៅគគុកសម្រាប់រដ្ឋាភិបាលទីក្រុងញូវដេលី។ លោក ណារិនដ្រា មូឌី នាយករដ្ឋមន្ត្រីឥណ្ឌា…

ម៉ាឡេស៊ី គំរាម​ប្ដឹងប្រទេសន័រវេស ចំពោះការលុបចោលកិច្ចព្រមព្រៀង​លក់ប្រព័ន្ធមីស៊ីលមក​​ឱ្យខ្លួន

ប្រទេសម៉ាឡេស៊ី ដែលជា​សមាជិកមួយរបស់អាស៊ាន បានប្រកា​ស​គួរឱ្យ​ភ្ញាក់​ផ្អើល​​ថា ខ្លួន​​អាចនឹង​​ប្ដឹងប្រទេសន័រវែស និងទាមទារសំណងជំងឺចិត្ត ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ